កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ម្ចាស់ជើងឯកអាមេរិកឡើងទៅជួបម្ចាស់ផ្ទះបារាំង ខណៈស៊ុយអែតប៉ះអាល្លឺម៉ង់វគ្គ១/៤
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាមេរិកបានឡើងទៅជួបម្ចាស់ផ្ទះបារាំងនៅវគ្គ៨ក្រុមចុងក្រោយ ខណៈស៊ុយអែតនឹងត្រូវតតាំងជាមួយអាល្លឺម៉ង់នៃការប្រកួតពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩។
នាជំនួបវគ្គ១៦ក្រុមចុងក្រោយនៅយប់ថ្ងៃទី២៤ ខែមិថុនា ម្ចាស់ការពារតំណែងជើងឯកអាមេរិកបានទម្លាក់អេស្ប៉ាញ ដោយលទ្ធផល ២-១ ដើម្បីបន្តដំណើរទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ២គ្រាប់របស់អាមេរិកធ្វើបានដោយប្រធានក្រុម Megan Rapinoe ម្នាក់ឯងតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទីទាំង២គ្រាប់ រីឯ១គ្រាប់របស់អេស្ប៉ាញសម្រេចបានដោយ Jennifer Hermoso។
ដោយឡែកក្រុមកីឡាការិនីស៊ុតអែតតាមរយៈការទទួលជ័យជម្នះលើក្រុមកាណាដា ១-០ ដែលធ្វើបានដោយ Stina Blackstenius បាននាំពួកគេបន្តទៅជួបអាល្លឺម៉ង់នៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០១៩នេះ។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា គេរកឃើញក្រុមត្រូវប្រកួតប្រជែងគ្នានៅវគ្គ៨ក្រុមចុងក្រោយចំនួន៣គូហើយ ក្នុងនោះបារាំងប៉ះអាមេរិក ស៊ុយអែតជួបអាល្លឺម៉ង ហើយអង់គ្លេសត្រូវតទល់ជាមួយន័រវែស។ សម្រាប់មួយគូទៀតគឺត្រូវរង់ចាំការជួបគ្នារវាងចិន-អ៊ីតាលី និងហូឡង់-ជប៉ុននៅវគ្គ១៦ក្រុមដើម្បីយកពីរក្រុមទៅប្រជែងគ្នាបន្តទៀត៕
Tag:
បាល់ទាត់
World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com