ជាតិ
ករណី​រលំ​អគារ​៖ សម្តេច ហ៊ុន សែន ទទួលបាន​ថវិកា​សប្បុរស​ជាង​២​លាន​ដុល្លារ​អាមេរិក​
25, Jun 2019 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមិថុនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​ថវិកា​សប្បុរស​ចំនួន ២ ១៩៨ ៤០០​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុង​គ្រោះថ្នាក់​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

 
​ថវិកា​ដែល​សម្តេច ហ៊ុន សែន ទទួលបាន​ទាំងនោះ គឺ​ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​រួមទាំង​ជំនួយ​ឧបត្ថម្ភ​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​កាកបាទក្រហម​ក​ម្ព​ជា​។ ទាក់ទង​នឹង​ការបែងចែក​ថវិកា​សប្បុ​រស​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖ «​ថវិកា​នេះ​ត្រូវបាន​ឧបត្ថម្ភ​ជូន​អ្នករបួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សម្រាប់​២៤​នាក់ ឯ​២​នាក់​ទៀត​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល​នៅរស់​រានមាន​ជីវិត​ដោយសារ​ការជួយ​សង្គ្រោះ​ត្រូវបាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លារ​អាមេរិក​»​។​
 
​ចំពោះ​ថវិកា ១ ៨៩៨ ៤០០ ដុល្លារ​ដែល​នៅសល់​ពី​ការចំណាយ​តាម​គម្រោង​នោះ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បែង​ចែង​ស្មើៗ​គ្នា​សម្រាប់​ក្រុមគ្រួសារ​អ្នកស្លាប់​២៨​នាក់ ដោយ​ក្នុង​១​នាក់​ទៀត​ទទួលបាន ៦៧ ៨០០​ដុល្លារ ដោយ​មិន​គិតពី​ថវិកា​រដ្ឋាភិបាល​១​ម៉ឺន​ដុល្លារ​។​
 
​សម្តេច ហ៊ុន សែន បាន​អះអាងថា​៖ «​លោក​សេង ទៀង​នាយករង​ខុទ្ទកាល័យ​របស់ខ្ញុំ​នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព​តាមរយៈ​ធនា​គារ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​សព​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុ​រសជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់​ទាំង​អ្នករបួស​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​»​។​
 
​ជាមួយគ្នានេះ សម្តេច​បាន​កោតសរសើ​រ​កម្លាំង រុករក និង​ជួយសង្គ្រោះ រួមទាំង​កម្មករ និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់​ចប់​៕
 

Tag:
 រលំ​អគារ
© រក្សាសិទ្ធិដោយ thmeythmey.com