កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ រកឃើញ​៨​ក្រុម​ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ខណៈ​ជប៉ុន និង​កាតា​ហាលអាវ​
25, Jun 2019 , 7:39 pm        
រូបភាព
​ម្ចាស់​ការពារ​តំណែង​ជើងឯក ស៊ី​លី រួមជាមួយ​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ប៉ា​រ៉ា​ហ្គា​យ វេ​ណេ​ស៊ុយ​អេ​ឡា ប៉េ​រូ និង​អ៊ុយ​រូ​ហ្គា​យ​សុទ្ធតែ​បាន​កៅអី​បន្តទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​ប្រចាំ​ទ្វីបអាមេរិក​ឡាទីន Copa America ឆ្នាំ​២០១៩​។ ក្រុម​ពី​តំបន់​អាស៊ី​កាតា និង​ជប៉ុន​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​ប្រកួតប្រជែង​អស់សិទ្ធិ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​។​


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​លើក​រៀងខ្លួន​តាម​ពូ​ល​និ​មួយៗ​ពី A ដល់ C គេ​បាន​រកឃើញ​ក្រុម​ចំនួន​៨​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​ក្នុងនោះ​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៦ ស៊ី​លី​ត្រូវ​តតាំង​ជាមួយ​កូ​ឡុំ​ប៊ី ប្រេ​ស៊ី​ល​ប៉ះ​ប៉ា​រ៉ា​ហ្គា​យ អា​ហ្ស​ង់​ទីន​ជួប​វេណ​ស៊ុយ​អេ​ឡា និង​អ៊ុយ​រូ​ហ្គា​យ​ជាមួយ​ប៉េ​រូ​។​
 
​ព្រឹត្តិការណ៍​ពានរង្វាន់​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ឆ្នាំ​២០១៩ ដែល​ប្រេ​ស៊ី​ល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នេះ មាន​ក្រុម​ចំនួន​១២​ចូលរួម​ដោយ​ចែកជា​៣​ពូ​ល​។ ពូ​ល A ប្រេ​ស៊ី​ល​ឈរ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​វេ​ណេ​ស៊ុយ​អេ​ឡា និង​ប៉េ​រូ​លេខ​៣​ល្អ​បំផុត ហើយ​បូ​លី​វី​ហាលអាវ​។​
 
​ពូ​ល B មាន​កូ​ឡុំ​ប៊ី​ដែល​ឈរ​កំពូល​តារាង លេខ​២​អា​ហ្ស​ង់​ទីន និង​លេង​៣​ល្អ​បំផុត​ប៉ា​រា​ហ្គា​យ រីឯ​កាតា​នៅ​បាត​តារាង​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​។ ចំណែក​ពូ​ល C អ៊ុយ​រូ​ហ្គា​យ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១ ស៊ី​លី​លេខ​២ ខណៈ​ជប៉ុន​បាន​លេខ​៣​តែ​មិន​ជាប់​ក្នុង​ជម្រើស​លេខ​៣​ល្អ​បំផុត​ទេ​ព្រោះ​ស៊ីសង​គ្រាប់​បាល់​ចាញ់​ប្រៀប​ប៉ា​រ៉ា​ហ្គា​យ​ដែលមាន​២​ពិន្ទុ​ដូចគ្នា​។ ដូច្នេះ​ជប៉ុន និង​ក្រុម​បាត​តារាង​អេក្វាទ័រ​ហាលអាវ​។​
 
​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ​តទៅ​៕


 

Tag:
 ​បាល់ទាត់​
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com