ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ធ្វើ​ច្បាប់​លុបបំបាត់​ការនេសាទ​ខុសច្បាប់​
25, Jun 2019 , 3:45 pm        
រូបភាព
រូបពីក្រសួងកសិកម្ម
រូបពីក្រសួងកសិកម្ម
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ដឹកនាំ​មន្ត្រី ចូលទៅ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី «​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​» នៅ​ចំពោះមុខ​គណ​:​កម្ម​ការ​ទី​៣ និង​គណ​:​កម្ម​ការ​ទី​៥ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ដាក់​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង «Illegal Unreported and Unregulated Fishing, IUU» នៃ​អង្គការ FAO​។​

 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទ​ទួល​បាន​ផលប្រយោជន៍​សំខាន់ៗ​ដូចជា  លើកកម្ពស់​ការប្រយុទ្ធ​ប្រឆាំងនឹង IUU ស្តារ​ទំនុកចិត្ត​ក្នុង​ការប្រើ​ទង់ជាតិ​កម្ពុ​ជា​ ដោយ​នាវា​សហគមន៍​អន្តរជាតិ កែលម្អ​តម្លាភាព​ក្នុង​អភិបាលកិច្ច​ជលផល ពង្រឹង​កិច្ចសហប្រតិបត្តិការ ​រ​វាង​ស្ថាប័ន​ជាតិ​ ដែល​ចូលរួម​ក្នុងការ​គ្រប់គ្រង​កំពង់ផែ ជំរុញ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​។ 
 
​លើសពីនេះ កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការផ្ទេរ​បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព​បន្ថែម ដើម្បី​ឆ្លើយតប​នឹង IUU និង​ជាពិសេស​ អាច​ឲ្យ​សហភាព​អឺរ៉ុប​ ដក​កាត​ក្រហម​ ចេញពី​កម្ពុជា​ផងដែរ​។​
 
​លោក វេ​ង សាខុន បាន​និយាយថា​៖«​ទី​១ ដើម្បី​ប្រយុទ្ធប្រឆាំង ​និង​លុបបំបាត់ IUU តាមរយៈ​ការអនុវត្ត​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ឲ្យ​មាន​ប្រសិទ្ធភាព ធានាបាន​ការអភិវឌ្ឍ អភិរក្ស ប្រើ​ធនធាន​មច្ឆជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ ​ឲ្យ​មាន​ចីរភាព​និង​និរន្តរភាព​។ ទី​២ ទប់ស្កាត់​ផល​នេសាទ IUU ចូលទៅក្នុង​ទីផ្សារ​អន្តរជាតិ​»​។ 
 
​សេចក្តីព្រាងច្បាប់​នេះ​ មាន ១០​ជំពូក និង​៣៧​មាត្រា នឹង​ត្រូវបាន​គណៈរដ្ឋមន្ត្រី​ សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​គួររម្លឹកថា កិច្ចព្រមព្រៀង IUU ត្រូវបាន​អនុម័ត​ដោយ​សន្និសីទ​អង្គការ FAO ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៩ ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​៦០ រួមទាំង​សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន ៥ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​បាន​ចូលរួម​ជា​ភាគី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ផងដែរ​៕ 
 

Tag:
 កសិកម្ម​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com