អន្តរជាតិ
លោក ត្រាំ ប្រាប់ប្រទេសដែលប្រើប្រាស់ច្រកសមុទ្រ Hormuz ឲ្យការពារកប៉ាល់ខ្លួនឯង លោក ដូណាល់ ត្រាំ នាពិធីមួយនៅសេតវិមាន។ រូបភាព AFP
× ទោះក្នុងលក្ខខណ្ឌដែលតំបន់ឈូងសមុទ្រពែរ្សស្ថិតក្នុងស្ថានភាពក្ដៅគគុកក៏ដោយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែគិតគូររឿងខាតចំណេញដដែល។ តាមរយៈសារបន្តបន្ទាប់គ្នាលើបណ្ដាញសង្គម Twitter លោក ត្រាំ បានរិះគន់ប្រទេសផ្សេងដែលដឹកជញ្ជូនទំនិញរបស់ខ្លួនតាមច្រកសមុទ្រ Hormuz តែឲ្យកងទ័ពអាមេរិកចាំការពារទៅវិញ ដោយគ្មានការផ្ដល់សំណងអ្វីឲ្យអាមេរិកសោះ។ មេដឹកនាំអាមេរិក ប្រាប់ប្រទេសនានាឲ្យការពារកប៉ាល់ពួកគេដោយខ្លួនឯងវិញ។
ប្រធានាធិបតីអាមេរិក ដូណាល់ បានរិះគន់ចិន ជប៉ុន និងប្រទេសច្រើនទៀតដែលពឹងផ្អែកលើយោធាអាមេរិកក្នុងការរក្សាសុវត្ថិភាពកប៉ាល់ដឹកទំនិញ ពិសេសកប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នៃតំបន់ឈូងសមុទ្រពែរ្ស។ លោក ត្រាំ អះអាងថា អាមេរិក មិនបានទទួលថ្លៃការពារអ្វីឡើយសម្រាប់ការការពាររបស់ខ្លួន។
លើបណ្ដាញសង្គម Twitter របស់ខ្លួន លោក ត្រាំ សរសេរថា ចិននាំចូលប្រេង៩១ភាគរយតាមច្រកសមុទ្រ Hormuz ឯជប៉ុនវិញមានចំនួន៦២ភាគរយ ខណៈប្រទេសជាច្រើនទៀតក៏ប្រើផ្លូវទឹកនេះដែរ។ លោកបន្តថា ហេតុអ្វីបានជាអាមេរិកត្រូវការពារផ្លូវដឹកជញ្ជូននេះឲ្យប្រទេសដទៃជាច្រើនឆ្នាំ ទាំងមិនបានទទួលអ្វីតបស្នងសោះ។ ត្រង់ចំណុចនេះ លោក ត្រាំ ក៏ប្រាប់ឲ្យប្រទេសនេះទាំងនោះការពារកប៉ាល់ខ្លួនឯងវិញទៅ។
ប្រធានាធិបតីអាមេរិក ចាត់ទុកច្រកសមុទ្រដែលនៅចន្លោះអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួមនេះ ជាផ្លូវដ៏គ្រោះថ្នាក់មួយ។ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតពីមជ្ឈិមបូព៌ាទៅកាន់ទីតាំងជុំវិញពិភពលោក ដោយភ្ជាប់ឈូងសមុទ្រពែរ្ស ទៅសមុទ្រអារ៉ាប់ ហើយត្រូវបានអ៊ីរ៉ង់កាងទុករាប់សិបឆ្នាំមកហើយ។ កន្លងមកទីក្រុងតេហេរ៉ង់ ក៏គំរាមបិទច្រកមួយនេះ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មផ្ទួនៗរបស់វ៉ាស៊ីនតោន ប៉ុន្តែមកទល់ពេលនេះ គេឃើញមានការដឹកជញ្ជូនជាធម្មតានៅឡើយ។
ក្នុងសារបន្ទាប់ លោក ត្រាំ អះអាងថា អាមេរិកមិនចាំបាច់មានវត្តមានក្នុងតំបន់នោះទៀតឡើយ ព្រោះអាមេរិកក្លាយជាប្រទេសផលិតថាមពលធំជាងគេលើលោក ហើយម្យ៉ាងអាមេរិកមានប្រយោជន៍យុទ្ធសាស្ត្រតិចតួចប៉ុណ្ណោះ។ ជាមួយការលើកឡើងបែបនេះ ប្រមុខរដ្ឋអាមេរិកដែលមានប្រវត្តិជាអ្នកជំនួញអចលនទ្រព្យរូបនេះ អាចកាត់បន្ថយការចូលពាក់ព័ន្ធនៅមជ្ឈិមបូព៌ា ដូចដែលធ្លាប់កន្លងមក នៅពេលអាមេរិកត្រូវការធនធានប្រេងរបស់មជ្ឈិមបូព៌ានោះ។
ឆ្លៀតពេលនោះ លោក ត្រាំ ក៏អំពាវនាវជាថ្មីទៀតទៅកាន់ទីក្រុងតេហេរ៉ង់ ឲ្យបោះបង់មហិច្ឆតាបង្កើតអាវុធនុយក្លេអ៊ែរ និងឈប់គាំទ្រក្រុមភេរវកម្មទៀត។ លោកចាត់ទុកសំណើនេះ ជាសំណើសាមញ្ញប៉ុណ្ណោះ។ តាមពិតទៅ អ៊ីរ៉ង់ផ្ទាល់តែប្រកាសជាញឹកញយថា ខ្លួនគ្មានគោលដៅផលិតអាវុធនុយក្លេអ៊ែរអ្វីទេ ដូចនេះទើបខ្លួនយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីធានាថា អ្វីដែលបានធ្វើ គឺមានគោលដៅសន្តិភាពមួយមុខគត់៕
Tag:
អាមេរិក
អ៊ីរ៉ង់
Hormuz
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com