អន្តរជាតិ
លោក ត្រាំ ប្រាប់​ប្រទេស​ដែល​ប្រើប្រាស់​ច្រក​សមុទ្រ Hormuz ឲ្យ​ការពារ​កប៉ាល់​ខ្លួនឯង​
25, Jun 2019 , 4:13 pm        
រូបភាព
លោក ដូណាល់ ត្រាំ នាពិធីមួយនៅសេតវិមាន។ រូបភាព AFP
លោក ដូណាល់ ត្រាំ នាពិធីមួយនៅសេតវិមាន។ រូបភាព AFP
​ទោះ​ក្នុង​លក្ខខណ្ឌ​ដែល​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ស្ថិតក្នុង​ស្ថានភាព​ក្ដៅគគុក​ក៏ដោយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​គិតគូរ​រឿង​ខាត​ចំណេញ​ដដែល​។ តាមរយៈ​សារ​បន្តបន្ទាប់​គ្នា​លើ​បណ្ដាញ​សង្គម Twitter លោក ត្រាំ បាន​រិះគន់​ប្រទេស​ផ្សេង​ដែល​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​តាម​ច្រក​សមុទ្រ Hormuz តែ​ឲ្យ​កងទ័ព​អាមេរិក​ចាំ​ការពារ​ទៅវិញ ដោយ​គ្មាន​ការផ្ដល់​សំណង​អ្វី​ឲ្យ​អាមេរិក​សោះ​។ មេដឹកនាំ​អាមេរិក ប្រាប់​ប្រទេស​នានា​ឲ្យ​ការពារ​កប៉ាល់​ពួកគេ​ដោយ​ខ្លួនឯង​វិញ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ បាន​រិះគន់​ចិន ជប៉ុន និង​ប្រទេស​ច្រើន​ទៀត​ដែល​ពឹង​ផ្អែកលើ​យោធា​អាមេរិក​ក្នុងការ​រក្សា​សុវត្ថិភាព​កប៉ាល់​ដឹកទំនិញ ពិសេស​កប៉ាល់​ដឹក​ប្រេង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz នៃ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​។ លោក ត្រាំ អះអាងថា អាមេរិក មិនបាន​ទទួល​ថ្លៃ​ការពារ​អ្វី​ឡើយ​សម្រាប់​ការការពារ​របស់ខ្លួន​។​
 
​លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ សរសេរថា ចិន​នាំចូល​ប្រេង​៩១​ភាគរយ​តាម​ច្រក​សមុទ្រ Hormuz ឯ​ជប៉ុន​វិញ​មាន​ចំនួន​៦២​ភាគរយ ខណៈ​ប្រទេស​ជាច្រើន​ទៀត​ក៏​ប្រើ​ផ្លូវទឹក​នេះដែរ​។ លោក​បន្តថា ហេតុអ្វី​បានជា​អាមេរិក​ត្រូវការពារ​ផ្លូវ​ដឹកជញ្ជូន​នេះ​ឲ្យ​ប្រទេស​ដទៃ​ជាច្រើន​ឆ្នាំ ទាំង​មិនបាន​ទទួល​អ្វី​តបស្នង​សោះ​។ ត្រង់ចំណុច​នេះ លោក ត្រាំ ក៏​ប្រាប់​ឲ្យ​ប្រទេស​នេះ​ទាំងនោះ​ការពារ​កប៉ាល់​ខ្លួនឯង​វិញ​ទៅ​។ 
 
​ប្រធានាធិបតី​អាមេរិក ចាត់ទុក​ច្រក​សមុទ្រ​ដែល​នៅ​ចន្លោះ​អ៊ីរ៉ង់ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ ជា​ផ្លូវ​ដ៏​គ្រោះថ្នាក់​មួយ​។ Hormuz ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​សំខាន់បំផុត​ពី​មជ្ឈិមបូព៌ា​ទៅកាន់​ទីតាំង​ជុំវិញ​ពិភពលោក ដោយ​ភ្ជាប់​ឈូង​សមុទ្រ​ពែ​រ្ស ទៅ​សមុទ្រ​អារ៉ាប់ ហើយ​ត្រូវបាន​អ៊ីរ៉ង់​កាង​ទុក​រាប់សិប​ឆ្នាំ​មកហើយ​។ កន្លងមក​ទីក្រុង​តេ​ហេ​រ៉ង់ ក៏​គំរាម​បិទ​ច្រក​មួយ​នេះ ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ផ្ទួនៗ​របស់​វ៉ាស៊ីនតោន ប៉ុន្តែ​មកទល់ពេលនេះ គេ​ឃើញ​មានការ​ដឹកជញ្ជូន​ជាធម្មតា​នៅឡើយ​។​

 
​ក្នុង​សារ​បន្ទាប់ លោក ត្រាំ អះអាងថា អាមេរិក​មិនចាំបាច់​មាន​វត្តមាន​ក្នុង​តំបន់​នោះ​ទៀតឡើយ ព្រោះ​អាមេរិក​ក្លាយជា​ប្រទេស​ផលិត​ថាមពល​ធំជាងគេ​លើ​លោក ហើយ​ម្យ៉ា​ងអាមេរិក​មាន​ប្រយោជន៍​យុទ្ធ​សាស្ត្រ​តិចតួច​ប៉ុណ្ណោះ​។ ជាមួយ​ការលើកឡើង​បែបនេះ ប្រមុខរដ្ឋ​អាមេរិក​ដែលមាន​ប្រវត្តិ​ជា​អ្នកជំនួញ​អចលនទ្រព្យ​រូបនេះ អាច​កាត់បន្ថយ​ការចូល​ពាក់ព័ន្ធ​នៅ​មជ្ឈិមបូព៌ា​ ដូចដែល​ធ្លាប់​កន្លងមក​ នៅពេល​អាមេរិក​ត្រូវការ​ធនធាន​ប្រេង​របស់​មជ្ឈិមបូព៌ា​នោះ​។ 
 
​ឆ្លៀត​ពេលនោះ លោក ត្រាំ ក៏​អំពាវនាវ​ជាថ្មីទៀត​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់ ​ឲ្យ​បោះបង់​មហិច្ឆតា​បង្កើត​អាវុធ​នុយក្លេអ៊ែរ និង​ឈប់​គាំទ្រ​ក្រុម​ភេរវកម្ម​ទៀត​។ លោក​ចាត់ទុក​សំណើ​នេះ ជា​សំណើ​សាមញ្ញ​ប៉ុណ្ណោះ​។ តាមពិតទៅ អ៊ីរ៉ង់​ផ្ទាល់​តែ​ប្រកាស​ជា​ញឹកញយ​ថា ខ្លួន​គ្មាន​គោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​អ្វី​ទេ ដូចនេះ​ទើប​ខ្លួន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដើម្បី​ធានាថា អ្វីដែល​បានធ្វើ គឺមាន​គោលដៅ​សន្តិភាព​មួយ​មុខ​គត់​៕  

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  Hormuz
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com