ជាតិ
សង្គមជាតិ
គ្រឿងញៀនជាង២តោន នឹងត្រូវដុតចោល អាជ្ញាធរ ដុតបំផ្លាញគ្រឿងញៀនកន្លងមក
× អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀនជាង២តោន នឹងត្រូវដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ធ្វើជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀននេះ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖«ក្នុងទិវានោះ នឹងមានការដុតបំផ្លាញសារធាតុញៀន៤២០គីឡូក្រាម និងសារធាតុគីមីផ្សំពាក់ព័ន្ធគ្រឿងញៀន ជិត២០០០គីឡូក្រាម»។
របាយការណ៍ស្តីពីបទល្មើសគ្រឿងញៀន ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៩ បង្ហាញថា សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង៣,៣ពាន់ករណី ឃាត់មនុស្សជាង៧ពាន់នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម កញ្ឆាស្រស់ជាង៤,៧ម៉ឺនដើម និងសម្ភារមួយចំនួនទៀត។ ហើយសមត្ថកិច្ចបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនចំនួន ១២នាក់ និងខ្សែរយៈបណ្ដាញចំនួន ៥២ នាក់។
បទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននោះ គឺភាគច្រើននៅតាមអាជីវកម្ម ក្លិបកម្សាន្ត និងទីតាំងសប្បាយនានា ចំនួន ៧១១៣ទីតាំង ដោយទីតាំងទាំងនោះ ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការបង្ក្រាប ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៣៧៤១កន្លែង។
កាលពីពេលថ្មីៗនេះ សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានដាក់បទបញ្ជាដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវលុបបំបាត់ឲ្យអស់ការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន នៅតាមទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត។
គួររម្លឹកថា អង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com