ជាតិ
យានយន្ត៥លានគ្រឿង បានចុះបញ្ជីតាមអនឡាញ ក្នុងរយៈពេលជាង១ឆ្នាំ លោក ស៊ុន ចាន់ថុល រូបភាពពីក្រសួងសាធារណការនិងដឹកជញ្ជូន
× យានយន្ត៥លានគ្រឿង បានចុះបញ្ជីតាមប្រព័ន្ធអនឡានក្នុងរយៈពេលជាង១ឆ្នាំ។ ក្នុងការចុះបញ្ជីនោះភាគច្រើនជាងម៉ូតូ ដែលបានចុះតាមប្រព័ន្ធអនឡានធ្វើស្លាកលេខ។ នេះបើតាមចុះផ្សាយលើគេហទំព័ររបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី២៥មិថុនា ឆ្នាំ២០១៩។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងពិធីបើក កម្មវិធី «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេស យានយន្ត» កាលពីថ្ងៃទី២៤ ខែមិថុនា ថា ក្នុងចំណោមយានជំនិះទាំង៥លានគ្រឿងនោះ មានឡាន១លានគ្រឿង ហើយក្រៅពីនេះ គឺសុទ្ធតែម៉ូតូ។
លោករដ្ឋមន្ត្រី ថ្លែងថា ការចុះបញ្ជីរតាមប្រព័ន្ធអនឡាញនេះ បានផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋអាចជ្រើសរើសទិញស្លាកលេខដោយខ្លួនឯង។ លោក បានបញ្ជាក់ថា «ពលរដ្ឋ អាចចុះបញ្ជីយកស្លាកលេខណាមួយ មិនចាំបាច់អ្នករត់ការដូចមុនឡើយ ហើយខណៈតម្លៃធ្វើស្លាកលេខមាននៅក្នុងប្រព័ន្ធចុះបញ្ជីនេះដែរ»។
ទន្ទឹមនឹងនោះដែរ លោក អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សាគម្រោង JICA/MVRI មានប្រសាសន៍ថា «ដោយសារតែវឌ្ឍនភាពនៃការកើនឡើងចំនួនយានយន្ដយ៉ាងឆាប់រហ័ស ប្រទេសកម្ពុជា បានប្រឈមមុខនឹងកត្តាជាច្រើន ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍»។ ប្រធានគម្រោងរូបនេះ អាះអាងថា លោក នឹងសហការជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ ដោយការប្រើបទពិសោធល្អៗ និងចំណេះដឹងរបស់ជប៉ុន ដូច្នេះ គម្រោង JICA/MVRI នេះ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជិនិះ និងដោះស្រាយបញ្ហា ដែលទាក់ទងទៅនឹងប្រព័ន្ធព័ត៌មានវិទ្យា ដូចជា ការធ្វើ security diagnosis និងម៉ាស៊ីផ្ទុកទិន្នន័យ។
ចំណែក លោក Sugano Yuichi ប្រធានតំណាងការិយាល័យ JICA នៅកម្ពុជា បានលើកឡើងថា JICA បានចាប់ផ្ដើមគម្រោង MVRI នេះ ដែលមានឈ្មោះថា គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដ។ គម្រោងនេះ ធ្វើឲ្យមានភាពប្រសើរឡើងលើការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការគាំទ្រផ្នែកព័ត៌មានវិទ្យា៕
Tag:
យានយន្ត
ចុះបញ្ជីតាមអនឡាន
© រក្សាសិទ្ធិដោយ thmeythmey.com