អន្តរជាតិ
ថៃ ដាក់​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​អគ្គិសនី​ប្រចាំ​តំបន់​អាស៊ាន​
25, Jun 2019 , 9:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ប្រភពរូប៖ AFP)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ប្រភពរូប៖ AFP)
ដោយ:
​ថៃ បានប្រកាស​ជំហរ​យ៉ាងច្បាស់​លាស់​មួយ​ថា ខ្លួន​មាន​ដោល​ដៅ​ក្លាយ​មជ្ឈមណ្ឌល​អគ្គិសនី​ប្រចាំ​អាស៊ាន​។ ទន្ទឹមនឹង​គ្នា​នេះ ថៃ និង​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន ក៏​ប្តេជ្ញា​រួមគ្នា​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​មាន​ភាពសមរម្យ​សម្រាប់​ប្រជាជន​របស់​ពួកគេ​ផងដែរ​។ 

 
​ថ្លែង​នៅឯ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ស្តីពី​ថាមពល​លើក​ទី ៣៧ ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ២៤ ខែមិថុនា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​ថៃ លោក Kulis Sombatsiri បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ថៃ កំពុង​រៀបចំ​ផែនការ​ដើម្បី​អភិវឌ្ឍ​បណ្តាញ​ផ្ទេរ​ថាមពល​ផ្ទាល់ខ្លួន ក្នុង​គោលបំណង​ក្លាយជា​មជ្ឈមណ្ឌល​អគ្គិសនី​ប្រចាំ​តំបន់​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  លោក Kulis Sombatsiri ពន្យល់ថា បណ្តាញ​ផ្ទេរ​ថាមពល​នេះ នឹង​ទាញ​ប្រភព​ថាមពល​ពី​ទំនប់​វា​រី​អគ្គិសនី ដែល​ស្ថិតក្នុង​ប្រទេស​ឡាវ និង​លក់​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​មី​យ៉ាន់​ម៉ា​។ លោក បន្តថា លោក​បាន​ជជែក​ពិភាក្សា​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ថាមពល​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត ដើម្បី​ស្វែងរក​មធ្យោបាយ​នានា ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​អគ្គិសនី​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​តំបន់​នេះ​។ 
 
​មន្ត្រីជាន់ខ្ពស់​ថៃ​រូបនេះ និយាយ​បែបនេះ​ថា​៖« ដើម្បី​ផ្តល់​អគ្គិសនី​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន យើង​ត្រូវតែ​ដំឡើង​បណ្តាញ​ផ្ទេរ​ថាមពល​ទំនើប ព្រមទាំង​មធ្យោបាយ​ផ្សេងៗ​ទៀត រួមមាន​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា សូ​ឡា ខ្យល់ និង​ថាមពល​ជីវៈ​ជាដើម​។​
 
​ទាក់ទិន​នឹង​ឧស្ម័ន​ធម្មជាតិ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ បាន​យល់ព្រម​បង្កើត​ប្រព័ន្ធ​បង្ហូរ​ឧស្ម័ន និង​អាង​ស្តុក ដើម្បី​គាំទ្រ​ដល់​កំណើន​នៃ​តម្រូវការ​ថាមពល​ក្នុង​តំបន់​អាស៊ាន​ចាប់ពី​ពេលបច្ចុប្បន្ន ១០​លាន​តោន​ក្នុង​មួយឆ្នាំ​រហូតដល់ ៦០​លាន​តោន​ក្នុង​ឆ្នាំ​២០៣៥​។ 
 
​សូមបញ្ជាក់ថា ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ក្នុង​ឆ្នាំ​២០១៩​នេះ ថៃ កំពុង​ជំរុញ​សម្រាប់​គោលនយោបាយ​នានា  ដែល​ពាក់ព័ន្ធ​នឹង​អគ្គិសនី ប្រសិទ្ធភាព​នៃ​ថាមពល ថាមពល​កកើត​ឡើងវិញ និង​ឧស្ម័ន​ធម្មជាតិ​៕

Tag:
 ថៃ​
  អាស៊ាន​
  មជ្ឈមណ្ឌល​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com