អន្តរជាតិ
ថៃ ដាក់គោលដៅក្លាយជាមជ្ឈមណ្ឌលអគ្គិសនីប្រចាំតំបន់អាស៊ាន លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ប្រភពរូប៖ AFP)
× ថៃ បានប្រកាសជំហរយ៉ាងច្បាស់លាស់មួយថា ខ្លួនមានដោលដៅក្លាយមជ្ឈមណ្ឌលអគ្គិសនីប្រចាំអាស៊ាន។ ទន្ទឹមនឹងគ្នានេះ ថៃ និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ក៏ប្តេជ្ញារួមគ្នាធ្វើឲ្យតម្លៃអគ្គិសនីមានភាពសមរម្យសម្រាប់ប្រជាជនរបស់ពួកគេផងដែរ។
ថ្លែងនៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីថាមពលលើកទី ៣៧ ដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកក នៅថ្ងៃទី ២៤ ខែមិថុនា លេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពលថៃ លោក Kulis Sombatsiri បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថៃ កំពុងរៀបចំផែនការដើម្បីអភិវឌ្ឍបណ្តាញផ្ទេរថាមពលផ្ទាល់ខ្លួន ក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលអគ្គិសនីប្រចាំតំបន់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Kulis Sombatsiri ពន្យល់ថា បណ្តាញផ្ទេរថាមពលនេះ នឹងទាញប្រភពថាមពលពីទំនប់វារីអគ្គិសនី ដែលស្ថិតក្នុងប្រទេសឡាវ និងលក់ទៅឲ្យប្រទេសម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។ លោក បន្តថា លោកបានជជែកពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រីថាមពលរបស់ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត ដើម្បីស្វែងរកមធ្យោបាយនានា ក្នុងគោលដៅធានាឲ្យបាននូវអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់តំបន់នេះ។
មន្ត្រីជាន់ខ្ពស់ថៃរូបនេះ និយាយបែបនេះថា៖« ដើម្បីផ្តល់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់អាស៊ាន យើងត្រូវតែដំឡើងបណ្តាញផ្ទេរថាមពលទំនើប ព្រមទាំងមធ្យោបាយផ្សេងៗទៀត រួមមានប្រភពថាមពលកកើតឡើងវិញ ដូចជា សូឡា ខ្យល់ និងថាមពលជីវៈជាដើម។
ទាក់ទិននឹងឧស្ម័នធម្មជាតិ បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ បានយល់ព្រមបង្កើតប្រព័ន្ធបង្ហូរឧស្ម័ន និងអាងស្តុក ដើម្បីគាំទ្រដល់កំណើននៃតម្រូវការថាមពលក្នុងតំបន់អាស៊ានចាប់ពីពេលបច្ចុប្បន្ន ១០លានតោនក្នុងមួយឆ្នាំរហូតដល់ ៦០លានតោនក្នុងឆ្នាំ២០៣៥។
សូមបញ្ជាក់ថា ខណៈធ្វើជាម្ចាស់ផ្ទះអាស៊ានក្នុងឆ្នាំ២០១៩នេះ ថៃ កំពុងជំរុញសម្រាប់គោលនយោបាយនានា ដែលពាក់ព័ន្ធនឹងអគ្គិសនី ប្រសិទ្ធភាពនៃថាមពល ថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិ៕
Tag:
ថៃ
អាស៊ាន
មជ្ឈមណ្ឌលអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com