ONE Championship
កីឡាជាតិ
ជាតិ
CTT លើកទឹកចិត្ត​ដល់​នារីៗ​ដែល​ចង់​ហាត់​ក្បាច់គុន​ដើម្បី​សុខភាព និង​អាជីព​
25, Jun 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី   

«​កន្លងមក ក្លិប Cambodian Top Team របស់​យើង​បាន​បង្កើត​កម្មវិធី​ហ្វឹកហាត់​សម្រាប់​នារីៗ ដែល​រងគ្រោះ​ដោយ​ការបំពាន​ផ្លូវភេទ និង​រង​អំពើហិង្សា​ជា​ច្រើនដង​មកហើយ​ដើម្បី​ឲ្យ​ពួកគាត់​ចេះ​ការពារ​ខ្លួន​។ ហើយ​ក្លិប​របស់ខ្ញុំ​រាល់ថ្ងៃ​មាន​នារីៗ​ហាត់​ដើម្បី​សុខភាព​ច្រើនជាង​បុរស​ទៅទៀត​។ កូនសិស្ស​នារីៗ​នៅ​ក្លិប​ខ្ញុំ​ហ្វឹកហាត់​រៀងរាល់​ល្ងាច​ប្រហែល​២០​នាក់​។ ខ្ញុំ​សូម​លើកទឹកចិត្ត និង​ស្វាគមន៍​បន្ថែម​មិន​ថា​នារី​ចង់​ហាត់​សម្រក​រាង ឬ សុខភាព​ទេ ប៉ុន្តែ​អ្នក​ចង់​ហ្វឹកហាត់​អាជីព​ទៀត​រឹតតែ​ល្អ ហើយ​ខ្ញុំ​នឹង​ជួយ​សម្រួល​ដល់​គាត់​ក្នុងស្ថានភាព​ជាក់ស្ដែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ ប្រធាន​ក្លិប Cambodian Top Team (CTT) និង ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។


 
​លោក​សង្កត់ធ្ងន់ថា ៖«​នារីៗ ដែល​គាត់​ហាត់​ចង់​ឡើង​ប្រកួត ឬ ហាត់​អាជីព យើង​ត្រូវ​មើល​ដែរ​បងហើយ​យើង​ត្រូវ​ធ្វើតេស្ត​មួយចំនួន ព្រោះ​អ្នកខ្លះ​អត់​មាន​ទេពកោសល្យ ឬ អត់​ដុង​ក៏​មិនអាច​ក្លាយ​អ្នក​ប្រដាល់ ឬ អ្នក​ឡើង​ប្រកួត​បានដែរ​។ ខ្ញុំ​យល់ថា​បើ​គាត់​មាន​ទេពកោសល្យ គាត់​មាន​ឆន្ទៈ​ហាត់ យើង​នឹង​ជួយ​សម្រួល និង​ជ្រោមជ្រែង​គាត់ រក​សង្វៀន​ឲ្យ​ប្រកួត ព្រោះ​នារីៗ​ហ្វឹកហាត់​ក្បាច់គុន​មាន​តិច​ណាស់​នៅ​កម្ពុជា »​។ គ្រូបង្វឹក​ដែល​តែងតែ​ដឹកនាំ​កូនសិស្ស​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ONE Championship រូបនេះ​រៀបរាប់​បន្ថែម​បែបនេះ ក្លិប CTT តែងតែមាន​កម្មវិធី​ពិសេស ឬ ហៅថា Promotion រៀងរាល់ខែ​ដើម្បី​ទទួល​កូនសិស្ស​ឲ្យ​ហ្វឹកហាត់ ហើយ​វា​ជា​រឿង​ល្អ​ណាស់​បើសិន​នារីៗ ឬ ស្ត្រី​ចង់​ហ្វឹកហាត់​ទាំង​ក្បាច់គុន​ខ្មែរ ឬ គុន​ចម្រុះ​។  លើសពីនេះទៅទៀត​ការហាត់​ក្បាច់​ការពារ​ខ្លួន​ប្រើ​ក្បាច់​ឃ្លេ ឬ គាប​ដើម្បី​រំដោះខ្លួន​ចេញ​នៅពេល​បុរសៗ​ប៉ុនប៉ង​ធ្វើ​អាក្រក់ ក៏​រឿង​មួយ​ដ៏​ល្អ​ដែរ​សម្រាប់​ស្ត្រី​ទន់ខ្សោយ​។ 


 
​កូនសិស្ស​នារីៗ​ដែល​បាន​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ជាមួយ​លោក ហ៊ុន ច័ន្ទ​រាជ្យ និង បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាពិសេស​សង្វៀន ONE នោះ​រួមមាន នៅ ស្រី​ពៅ , សំ ថា​រ័ត្ន​, វី ស្រី​ខួច​, និង អេ ព្រី​យ៉ា​នុត ជាដើម​។ ចំនួន​កីឡាការិនី​ហាត់​អាជីព​នេះ​មាន​តិច​ណាស់ ហើយ លោក​ចង់ឃើញ​កីឡាការិនី​គុន​ខ្មែរ ឬ គុន​ចម្រុះ​ជាច្រើន​ទៀត​នាពេល​អនាគត​ខាងមុខ​។  CTT ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ប្រដាល់​ទាំងឡាយ​នៅ​កម្ពុជា​ទទួល​ស្វាគមន៍ និង រង់ចាំ​ជួយ​សម្រួល​ជានិច្ច​ដល់​កីឡាការិនី​ដែល​មានបំណង​ហ្វឹកហាត់​ទាំង​សុខភាព និង ហាត់​អាជីព​ពិតប្រាកដ​។ 
 
​ក្លិប​ប្រដាល់ Cambodian Top Team ត្រូវបាន​បង្កើតឡើង​ដោយ​លោក ហ៊ុន ច័ន្ទ​រាជ្យ នៅ​ឆ្នាំ ២០១៣ នៅ​ម្ដុំ​ទួល​ទំពូង​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព និង ដើម្បី​រួមចំណែក​បំផុស​ចលនា​ក្បាច់គុន​ចម្រុះ ឬ គុន​ខ្មែរ​នៅ​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ​។ បន្ទាប់មក​ក្លិប​នេះ ត្រូវ​ប្ដូរ​មក​ម្ដុំ អូរឫស្សី វិញ​ហើយក៏​ផ្លាស់​មក​ម្ដុំ​ទួល​ទំពូង​ជាថ្មី​នៅផ្ទះ​លេខ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការ​មាន​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ​។ នេះ​ជាទី​តាំង​ថ្មី​ធំ​ទូលាយ ដែល​ត្រូវដាក់​ឲ្យ​ហ្វឹកហាត់​ផ្លូវការ​អំឡុង​ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ​។ អ្នក​ចង់​ចូលរួម​ហាត់​ដើម្បី​សុខភាព ឬ ហ្វឹកហាត់​អាជីព សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ពីរ​ខ្សែ ភាសា​ខ្មែរ 012 282 282 និង និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​លេខ 089 333 705៕  


 

© រក្សាសិទ្ធិដោយ thmeythmey.com