អន្តរជាតិ
លោក មហាធៀ ប្រកាសមិនកាន់តំណែងឲ្យលើសពី៣ឆ្នាំទៀតឡើយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ AFP)
× លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរបស់ម៉ាឡេស៊ី បានលើកឡើងថា លោកនឹងលាលែងពីតំណែងកំពូលនេះ ក្នុងអំឡុងពេល ៣ឆ្នាំ និងផ្ទេរតួនាទីទៅឲ្យលោក Anwar Ibrahim ។ លោក Anwar ធ្លាប់ជាសត្រូវចាស់របស់លោក មុននឹងអ្នកទាំងពីរបានពួតដៃគ្នា ដើម្បីយកឈ្នះការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុន។
សំណួរទាក់ទិននឹងពេលវេលាដែលលោក មហាធៀ នឹងចុះចេញពីតំណែង និងបុគ្គលរូបណាដែលនឹងចូលកាន់តំណែងកំពូលនេះជំនួសលោក បង្កជាភាពតានតឹងជាខ្លាំងក្នុងនយោបាយម៉ាឡេស៊ីក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ទោះបីជា លោក មហាធៀ ធ្លាប់បានប្រកាសជាសាធារណៈថា លោក Anwar នឹងចូលកាន់តំណែងបន្តពីលោកក្តី ប៉ុន្តែវាក៏មានមន្ទិលសង្ស័យមួយចំនួនថា នាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ ពេញចិត្តអ្នកបន្តវេនលោកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច លោក Azmin Ali ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក CNBC ក្នុងក្រុងបាងកក កាលពីថ្ងៃទី២២ ខែមិថុនា លោក មហាធៀ លើកឡើងបែបនេះថា៖«ខ្ញុំ ធ្លាប់បានសន្យាហើយថា ខ្ញុំនឹងលាលែងពីតំណែង រួចហើយប្រគល់តំណែងកំពូលនេះទៅឲ្យលោក Anwar»។
កន្លងទៅ នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះ ធ្លាប់បាននិយាយថា រដ្ឋាភិបាលលោក ត្រូវការពេល៣ឆ្នាំ ដើម្បីកាត់បន្ថយបំណុលជាតិពី ៨០ភាគរយ ធៀបនឹង GDP មកត្រឹម៥៤ភាគរយ ។ នៅពេលសាកសួរថា លោកនឹងបន្តកាន់តំណែងរហូតដល់សម្រេចគោលដៅនេះឬយ៉ាងណានោះ លោក មហាធៀ ឆ្លើយតបវិញថា៖ «ខ្ញុំនឹងមិនកាន់តំណែងជានាយករដ្ឋមន្ត្រីឲ្យលើសពី៣ឆ្នាំទៀតឡើយ»។ អាណត្តិរបស់លោកចាប់ផ្ដើមពីឆ្នាំ២០១៨ មក។
យោងតាម CNBC ជំនួសមកវិញ លោកនាយករដ្ឋមន្ត្រី មហាធៀ អះអាងថា អាទិភាពរបស់លោក គឺធ្វើយ៉ាងណាឲ្យម៉ាឡេស៊ី ដោះស្រាយបញ្ហាបំណុលនេះឲ្យបាន ទោះបីក្រោយលោកចាកចេញពីតំណែងក៏ដោយក្តី៕
សូមបញ្ជាក់ថា ការសម្ភាសរវាងលោក មហាធៀ និងទូរទស្សន៍អាមេរិក CNBC បានធ្វើឡើងខណៈ លោកបានអញ្ជើញទៅចូលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com