ជាតិ
សង្គមជាតិ
ADB ផ្តល់​៦០​លាន​ដុល្លារ លើ​ការបណ្តុះបណ្តាល​ជំនាញ​នៅ​កម្ពុជា​
25, Jun 2019 , 10:19 pm        
រូបភាព
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល​ជំនួយ​សម្បទា​ន ៦០​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​កែលម្អ​ជំនាញ​ដល់ក​ម្មករ និង​ការប្រកួតប្រជែង​នៃ​កម្លាំង​ការងារ ដើម្បី​ឆ្លើយតប​នឹង​ទីផ្សា​ការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត ខណៈ​កម្មវិធី​អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជា​ជិ​វៈ​របស់​កម្ពុជា មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នោះទេ​។

 
​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា ឥណទាន​សម្បទាន​នេះ ដើម្បី​ជួយ​ដល់​ការធ្វើ​ពិពិធ​កម្ម និង​ទំនើប​កម្មវិស័យ​ឧស្សាហកម្មរបស់​កម្ពុជា តាមរយៈ​ការកែលម្អ​បរិក្ខារ និង​កម្មវិធីសិក្សា​, ពង្រឹង​ជំនាញ​គ្រូ​បណ្តុះបណ្ដាល និង​ឧបករណ៍​ស​ម្ភា​រ​របស់​វិទ្យាស្ថាន​បណ្តុះបណ្ដាល​បច្ចេក​ទេស​វិទ្យា (TTLs)​។ លើសពីនេះ គម្រោង​នេះ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង រដ្ឋាភិបាល និង សហគមន៍​ធុរកិច្ច កាន់តែ​រឹងមាំ ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​សេចក្តីត្រូវការ​របស់​ទីផ្សារការងារ​។ 
 
​អ្នកស្រី យូ​មី​កុ យ៉ាម៉ា​ការី មន្ត្រី​ផ្នែក​អបរំ​របស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា ការ​មាន​កម្លាំង​ការងារ​ដែលមាន​ជំនាញ​ខ្ពស់ មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រ​ហ័យ និង​កម្លាំង​ការងារ​កើនឡើង​ដូច​កម្ពុជា​។ 
 
​អ្នកស្រី​បាន​និយាយថា​៖« យើង​នឹងធ្វើ​ឲ្យ​ប្រាកដថា រាល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋាភិបាល និងវិស័យ​ឯកជន នឹងធ្វើ​ការងារ​រួមគ្នា​ ដើម្បី​បង្កើន​ជំនាញ​របស់​និយោជិត​»​។ 
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បានជ្រើសរើស វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​ចំនួន ៥ ទូទាំងប្រទេស​កម្ពុ​ជាមាន​ដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង   វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស សម្រាប់​ឧទ្យាន TVET និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​។ ហើយ​គម្រោង​មួយ​នេះ នឹង​ជួយ​ពង្រឹង​ជំនាញ់​អ្នកបច្ចេកទេស​ចំនួន ១៨, ០០០ នាក់ ក្នុងនោះ​ស្ត្រី​មាន ២៨ ភាគ​​​រយ ដែលមាន​លទ្ធភាព​ទទួល​បានការ​ងារ ក្នុង​វិស័យ​សំខាន់ៗ​ដូចជា វិស័យកម្មន្តសាល សំណង់ អគ្គិសនី និងអេ​ឡិ​ច​ត្រូ​និក​។ ​គម្រោង​នេះ​ ក៏​អនុវត្តន៍​ជាមួយ​និយោជិត ​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម ដើម្បី​បំពេញ​ភាព​ចន្លោះប្រហោង និង​កង្វះ​ជំនាញ​ផងដែរ​។ 
 
​តាម​ការប៉ាន់ស្មាន គម្រោង​នេះ​នឹង​ផ្តល់​ឱ​កាស​ដល់​ការអភិវឌ្ឍន៍​សមត្ថ​ភាព ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រ​មាណ ៣,៥០០ នាក់ ក្នុងនោះ​យ៉ាងហោចណាស់​មាន​ស្ត្រី ២៥ ភាគរយ​។ កម្ពុជា ​ជាប់​ចំណាត់ថ្នាក់​ទី ១១០ ក្នុងចំណោម ១៤០ ប្រទេស​​ ដែលស្វែងរក​និយោជិត​ដែលមាន​ជំនាញ​ខ្ពស់​ សម្រាប់​បំពេញ​តួនាទី​បច្ចេកទេស ព្រោះ​កម្មវិធី​អប់រំ​ភាគច្រើន ​ផ្ដោតលើ​ការងារ​ក្នុង​វិស័យ​សេវាកម្ម​៕

Tag:
 ADB
  កម្ពុជា​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com