ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​រូប​ស្រស់ Jihin Radzuan ស្រេកឃ្លាន​ប្រកួត​ជាមួយ Jomary Torres នៅ​ម៉ាឡេស៊ី​ខែក្រោយ​
26, Jun 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​កីឡាការិនី​ម្ចាស់ផ្ទះ Jihin “Shadowcat” Radzuan កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ត្រឡប់​ទៅ​សង្វៀន ONE Championship វិញ​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រ​ទស​ម៉ាឡេស៊ី នា​ដើមខែ​កក្កដា​។


 
​កីឡាការិនី​គុន​ចម្រុះ​វ័យ ២០ ឆ្នាំ​រូបនេះ នឹង​ជួប​ជើង​ខ្លាំង​ហ្វីលីពីន Jomary  Torres នៅ​សង្វៀន ONE: MASTERS OF DESTINY នា​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា នាទី​លាន Axiata Arena ក្នុងការ​ប្រកួត​ដ៏​កក្រើក​ក្នុង​ប្រភេទ​ទម្ងន់  Atomweights​។ កីឡាការិនី​មកពី​ក្លិប Ultimate MMA Academy ឡើង​ប្រកួត​ក្រៅ​ដី​តែម្ដង​គត់​នាពេល​កន្លងមក​ ដោយ​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​ក្រុង​បាងកក ​ប្រទេស​ថៃ កាលពី​ខែកុម្ភៈ​។ ប៉ុន្តែ​ពេលនេះ ​ត្រលប់មក​ទឹកដី​របស់ខ្លួន​ ដែលជា​ផលចំណេញ​មួយ មាន​អ្នកគាំទ្រ​ច្រើន​កុះករ ​ក្នុងជំនួប​ខែ កក្កដាខាងមុខ​។ 
 
​កីឡាការិនី​ដែលមាន​រហស្សនាម «Shadowcat» បាន​បញ្ជាក់ថា ៖«​វា​ពិតជា​ល្អ​ណាស់​ ដែល​ត្រឡប់មក​ប្រកួត​នៅ​ម៉ាឡេស៊ី វិញ​។ ខ្ញុំ​តែងតែ​នឹក​ការ​ហ៊ោកញ្ជ្រៀវ​ ពី​អ្នកគាំទ្រ​នៅទីនេះ ពេលណា​ខ្ញុំ​ឡើង​វ៉ៃ​នៅ កូ​ឡា​ឡាំ​ពួ​។ នេះ​ជា​រឿង​ពិសេស​ពេល​ប្រកួត​ក្នុងប្រទេស​របស់ខ្លួន ព្រោះ​អ្នកគាំទ្រ​ជា​សាក្សី ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នកគាំទ្រ​នូវ​ការប្រកួត​ដ៏​អស្ចារ្យ​។ វា​ជា​រឿង​អស្ចារ្យ​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​នូវ​អ្វីដែល​ខ្ញុំ​មិនទាន់​បានធ្វើ​វា​»​។​


 
​ដ្បិត​អាយុ​ត្រឹម ២០ ឆ្នាំ​ប៉ុន្តែ «Shadowcat» បានបង្ហាញ​ការប្រកួត​យ៉ាង​ល្អ​នៅក្នុង​អាជីព​ដោយ​ឈ្នះ ៤ និង ចាញ់ ១ ដង​គត់​ក្នុង​ការប្រកួត​លើស​ង្វៀន​គុន​ចម្រុះ ហើយក្នុងនោះ​ជ័យជម្នះ ៣ ដង​នៅ​សង្វៀន ONE​។ គេ​ជា​កីឡាការិនី​ដ៏​មាន​សក្ដានុពល​។ ម្ចាស់​ជើងឯក​វូ​ស៊ូ​ពិភពលោក (Wushu World Champion) បានបង្ហាញ​ថា​គេ​អាច​ប្រកួត​បាន​គ្រប់​ក្បាច់​ដែល​ប្រើ​ក្បាច់គុន​ចម្រុះ និង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​។ ការប៉ង​ជួប Torres គឺជា​ក្ដី​ប្រាថ្នា​របស់គេ​នាពេល​កន្លងមក​។ Jihin ជឿជាក់ថា ការប្រកួត​នេះ​នឹងធ្វើ​ឲ្យ​កាន់តែ​ក្ដៅគគុក និងជួយ​ឲ្យ​រូបគេ​ឆ្ពោះ​ ដំណែង​កីឡាការិនី​កំពូល​ម្នាក់​ទៅ​ថ្ងៃមុខ​។ 
 
​កីឡាការិនី​ជំនាញ​ខាង​ក្បាច់គុន​វូ​ស៊ូ បញ្ជាក់​បែបនេះ ៖«​ខ្ញុំ​តែងតែ​ចង់​ជួប Jomary បន្ទាប់ពី​ខ្ញុំ​ឈ្នះ  Puja Tomar, Priscilla Hertati Lumban Gaol, និង Jenny Huang​។ ប៉ុន្តែ​បែរ​ត្រូវ​ជួប Gina Iniong ទៅវិញ​។ ខ្ញុំ​អត់​មានការ​តវ៉ា​ទេ ប៉ុន្តែ Jomary នឹងធ្វើ​ឲ្យ​ការ​វ៉ៃ​របស់ខ្ញុំ​កាន់តែ​ល្អ ។ ខ្ញុំ​តែងតែ​និយាយថា Jomary ជា​គូប្រជែង​ដ៏​ឥតខ្ចោះ​សម្រាប់​ខ្ញុំ និងអាច​ឲ្យ​ខ្ញុំ​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ ​កម្រិត​ពិភពលោក​»​។​
 
​កីឡាការិនី​វ័យ ២០ ឆ្នាំ​ដដែល​នេះ ​បាន​ថ្លែងអំណរគុណ​ ដែល​បានរៀបចំ​ការប្រកួត ហើយ​គេ​រង់ចាំ​យ៉ាង​អន្ទះអន្ទែង ​ដើម្បី​ការប្រកួត​ដ៏​កម្រ​នេះ​។ Jihin កំពុង​បុក​ហ្វឹកហាត់​ខ្លាំងក្លា បង្កើន​សមត្ថភាព និងបច្ចេកទេស ដែល​បោះជំរំ​ហ្វឹកហាត់​ មុន​ពិធីបុណ្យ​សាសនា Hari Raya ព្រោះ​រូបគេ ​មិន​បោះជំរំ​បែបនេះ​ទេពី​មុន​។ 
 
​កីឡាការិនី​មកពី Johor Bahru ថ្លែង​សារ​អរគុណ​ទៀតថា៖«​សូម​អរគុណ​ដល់​គ្រូបង្វឹក​របស់ខ្ញុំ Melvin Yeoh ដែល​តែងតែ​រៀបចំ​សកម្មភាព​ប្រចាំថ្ងៃ ​ក្នុងការ​តម​អាហារ និងប្រឹក្សា​យោបល់​លើ​របប​អាហារ​ជាប្រចាំ​ដើម្បី​ញ៉ាំ និង​អ្វីដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ ក្រោយពី​ញ៉ាំអាហារ​»​។​
 
​ទន្ទឹមគ្នានេះ កីឡាការិនី​រូប​ស្រស់​បង្កើន​ការហ្វឹកហាត់ ​សូម្បីតែ​ចុង​សប្ដាហ៍ នៅ​ក្លិប Ultimate MMA Academy ដោយ​ហាត់ ២ដង​បន្ថែម ​ក្នុង​មួយថ្ងៃ​នា​ថ្ងៃ​ចុង​សប្ដាហ៍​។ ការហាត់​នេះ ​ដើម្បី​បង្កើន​ថាមពល និងរាងកាយ​មាំមួន រហូតដល់​ការប្រកួត​ខិតជិត​ទើប​បន្ថយ​ការហាត់​មកវិញ​។ 
 
Jihin ជឿជាក់ថា​រូបគេ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ការប្រកួត​រំភើប​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​ជ័យជម្នះ​ទៀតផង នៅ​ក្រុង​កូ​ឡា​ឡាំ​ពួ​។ ទោះជាយ៉ាងណាក្ដី «Shadowcat» មិន​មើលងាយ​លើ​គូប្រកួត​ទេ​ដោយសារក្បាច់​ទាត់ និង​កណ្ដាប់ដៃ ជា​ចំណុចខ្លាំង​របស់ Jomary ហើយ​អ្វីៗ​ក៏​អាច​កើតឡើង​ដែរ​លើស​ង្វៀន ប៉ុន្តែ​គេ​ប្ដេជ្ញា​ នឹងមិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com