ជាតិ
បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទទួលបាន​ពានរ​រង្វាន់​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩
26, Jun 2019 , 7:59 pm        
រូបភាព
បណ្តាញ​សហគមន៍​ព្រៃឡង់ ទទួល​បាន​ពានរ​រង្វាន់​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩។ (រូបថត​ពី​ទំព័រហ្វេសប៊ុក Prey Lang - It
បណ្តាញ​សហគមន៍​ព្រៃឡង់ ទទួល​បាន​ពានរ​រង្វាន់​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩។ (រូបថត​ពី​ទំព័រហ្វេសប៊ុក Prey Lang - It's Our Forest Too)
ដោយ: VOA
​ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ពានរង្វាន់​ពិភពលោក បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែលជា​បណ្តាញ​ពលរដ្ឋ​រស់នៅ​ក្បែ​តំបន់​ព្រៃ​ទឹកភ្លៀង នឹង​បន្តសកម្មភាព​ល្បាត​និង​ការពារ​ព្រៃឈើ ដែល​នៅ​សេសសល់​ពី​ការកាប់បំផ្លាញ​។​

 
​កាលពី​សប្តាហ៍​កន្លងទៅ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទទួលបាន​ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​ឆ្នាំ​២០១៩ (Energy Globe Award) សម្រាប់​កិច្ចប្រឹងប្រែង​អភិរក្ស​តំបន់​ព្រៃ​ឡង់ ដែល​កំពុង​រង​ការគំរាមកំហែង​ពី​ការកាប់បំផ្លាញ​នៅក្នុង​ប្រទេស​កម្ពុជា​។ ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​ជា ពានរង្វាន់​ទី​បួន​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទទួលបាន ហើយ​ពានរង្វាន់​នេះ​ត្រូវបាន​ចាត់ទុក​ស្មើនឹង «​ពានរង្វាន់​ណូបែល​ផ្នែក​បរិស្ថាន​»​។​
 
​លោក ឯក សុ​វណ្ណា តំណាង​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្តក្រចេះ បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន​ក្តី​សោម​ន្ស​រីករាយ​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទទួលបាន​ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​ឆ្នាំ ២០១៩​។​
 
«​យើងខ្ញុំ​ទាំងអស់គ្នា​មាន​ចំណាប់អារម្មណ៍​សប្បាយរីករាយ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​បណ្តាញ​សង្គម​ព្រៃ​ឡង់​គឺ​ទទួលបាន​ជោគជ័យ​ជា​បណ្តើរៗ​»​។​
 
​ពានរង្វាន់​ថ្នាក់ជាតិ​ថាមពល​ពិភពលោក​គឺជា ពានរង្វាន់​លំដាប់​ពិភពលោក​ផ្នែក​បរិស្ថាន​ដោយ​អ្នកទទួលបាន​ជ័យលាភី ត្រូវបាន​ជ្រើស​ដោយ​គណៈវិនិច្ឆ័យ​មក​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ ធនាគារពិភពលោក និង​ក្រុមប្រឹក្សា​ថាមពល​កើតឡើង​វិញ​អឺរ៉ុប​។​
 
​យ៉ាងណាក្តី តំណាង​សហគមន៍​ព្រៃ​ឡង់​លោក ឯក សុ​វណ្ណា ក៏បាន​លើកឡើង​ពី​សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​នៅតែ​បន្ត​មាន​ឡើង​នៅ​តំបន់​ព្រៃ​ឡង់ ហើយ​លោក​បាន​សង្កត់ធ្ងន់​ពី​សកម្មភាព​កាប់​ព្រៃឈើ​ដើម្បី​ឲ្យ​ឈ្មួញ​នៅក្រៅ​ប្រទេស​។ លោក​បន្តថា ភាគច្រើន​នៃ​សកម្មភាព​កាប់​ព្រៃឈើ​ខុសច្បាប់​គឺ ឈ្មួញ​ជួល​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ ចូលទៅ​កាប់​ឲ្យ​។​
 
«​ឈ្មួញ​ដោយសារតែ​គាត់​មាន​លុយ​អញ្ចឹង​ទៅ គាត់​ទៅ​ជួល​ប្រជាពលរដ្ឋ ឬក៏​កសិករ​នៅ​ជុំវិញ ដែល​គាត់​ពុំ​សូវ​មាន​ជីវភាព ឬក៏​ការងារ​អញ្ចឹង​ទៅ ហ្នឹងហើយ​មាន​លុយ​អញ្ចឹង​ទៅ ពួកគាត់​ទៅ​ជួល​។ នៅពេលដែល​បណ្តាញ​សហគមន៍ ឬក៏​ឧ​ទ្យា​នុ​រក្ស​ចាប់គាត់​បាន យើង​មិនដែល​ចាប់បាន​ឈ្មួញ ឬ​ថៅកែ​ទេ​។ យើង​ចាប់បាន​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ធ្វើ​ផ្ទាល់​ហ្នឹង​»​។​
 
​ទោះបីជា​សាទរ​នូវ​ច្បាប់ សារា​ចរណ៍ និង​សេចក្តីប្រកាស​ផ្សេងៗ​ចំពោះ​ការអភិរក្ស​ព្រៃឈើ​ក៏ដោយ លោក ឯក សុ​វណ្ណា តំណាង​សហគមន៍​ព្រៃ​ឡង់​នៅតែមាន​មន្ទិល​ចំពោះ​ការអនុវត្ត​ច្បាប់​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដដែល​។​
 
​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គឺជា​បណ្តាញ​ដែលមាន​សមាជិក​សហគម​ន៍​មូលដ្ឋាន​ធ្វើការ​ដើម្បី​ស្តារ​ព្រៃ​ឡង់​ពី​ការកាប់​ឈើ​ខុសច្បាប់ និង​កសិកម្ម​ឧស្សាហកម្ម​។ សមាជិក​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មាន​មកពី​ខេត្ត​ចំនួន​បួន រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ​។​
 
​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​កន្លងទៅនេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ពី «​កង្វល់​យ៉ាង​ខ្លាំងក្លា ចំពោះ​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​អាណាធិបតេយ្យ​និង​សកម្មភាព​ល្មើសច្បាប់​ជាច្រើន​ផ្សេងទៀត ដែល​កំពុង​កើតមានឡើង​នៅក្នុង​តំបន់​ព្រៃ​ឡង់​»​។​
 
​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ច្រានចោល​ការលើកឡើង ដែលថា មានការ​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃឈើ​បែប​អាណាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ឡង់​ដោយ​លោក​បាន​បញ្ជាក់ថា សហគមន៍​ព្រៃ​ឡង់​មិនមែនជា​សហគមន៍​ផ្លូវការ​។​
 
​លោក នេ​ត ភក្ត្រា បាន​និយាយថា​៖
 
«​បាទ អ្វីដែល​សហគមន៍​ព្រៃ​ឡើង​ដែល​គាត់​បានចេញ​ជា​របាយការណ៍​នេះ​គឺជា​របាយការណ៍​មួយ​ដែល​យើង​មិន​ទទួលស្គាល់​ទេ ដោយសារតែ​ជា​របាយការណ៍​ដែលមាន​លក្ខណៈ​មួយ​មិន​ឆ្លុះបញ្ចាំង​អំពី​បច្ចេកទេស​ពិតប្រាកដ​»​។​
 
​លោក​បាន​បន្តថា​៖
 
«​អញ្ចឹង​ការលើកឡើង​របស់​បណ្តា​ញ​សហគមន៍​ព្រៃ​ឡង់​នៅក្នុង​ការចុះ​ល្បាត​ក្នុង​ចំនួន​តិចតួច​គឺ​វា​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅក្នុង​ដំណើរការ​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ទេ​»​។​
 
​លោក នេ​ត ភក្ត្រា ទទួលស្គាល់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ក្នុង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ទម្រង់​តូច​ដើម្បី​រត់ពន្ធ​ដោយ​ឈ្មួញ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ករណីនេះ​គ្រានតែ​ជា​បទល្មើស «​ថ្នាក់ទាប​» ប៉ុណ្ណោះ​។ 
 
​គិតពី​ឆ្នាំ ២០១៨ មានការ​បង្ក្រាប​ករណី​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ជាង ៣០០​ករណី​នៅ​តំបន់​ព្រៃ​ឡង់ ដែលជា​ការថយចុះ ២០​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ​។ យ៉ាងណាក៏ដោយ លោក នេ​ត ភក្ត្រា​បាន​បន្ថែមថា​ក្រសួងបរិស្ថាន​នឹង​នៅតែ​បន្ត​សហការ​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​សហគមន៍​ព្រៃឈើ​ផ្សេងទៀត​ដើម្បី​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នានា​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com