ជាតិ
រដ្ឋមន្ត្រី ឆ្លើយតប​នឹង​បញ្ហា​ផ្លូវជាតិ​លេខ​៤​ដែល​តែងតែ​ឆក់យក​ជីវិត​មនុស្ស​
26, Jun 2019 , 11:13 am        
រូបភាព
ដោយ:
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ចុងក្រោយ​នៅ​ផ្លូវជាតិ​លេខ​៤ គឺមាន​មនុស្ស​ស្លាប់​១០​នាក់ នៅត្រង់​គីឡូម៉ែត្រ​៨៥ កាលពីដើម​ខែមិថុនា​។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​ឆក់យក​ជីវិត​មនុស្ស បានកើត​ឡើងជា​រឿយៗ​នៅលើ​ដងផ្លូវ​ជាតិ​មួយ​នេះ​។​


 
​បញ្ហា​នេះ​ត្រូវបាន​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ យកទៅ​ចោទសួរ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ និង​ដឹកជញ្ជូន នៅក្រោយ​ពិធី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវជាតិ​លេខ​២ នៅ​ថ្ងៃទី​២៥​មិថុនា ម្សិលមិញ​។ តើ​ផ្លូវជាតិ​លេខ​៤​នេះ រដ្ឋាភិបាល​នឹង​កែប្រែ ឬ​ទុក​ដដែល ខណៈ​ផ្លូវ​នេះ​បង្កើត​ភាព​រសើប ដោយសារ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ញឹកញាប់​?

​សូម​ស្ដាប់​ការឆ្លើយតប​របស់លោក ស៊ុន ចាន់ថុល ៖
 


 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។ លោក​ប្រាប់ថា ផ្លូវ​នេះ​នឹងត្រូវ​ពង្រីក​ពី​ទទឹង ៧​ម៉ែត្រ ទៅ​១១​ម៉ែត្រ​។ លោក ស៊ុន ចាន់ថុល ថ្លែង​ដូច្នេះ​ថា​៖«​យើង​បានទទួល​ប្រាក់កម្ចី​ពី​ធនាគារពិភពលោក ដើម្បី​ពង្រីក​ផ្លូវ​នេះ ដែល​ផ្លូវ​នេះ​សព្វថ្ងៃ​តែ​៧​ម៉ែត្រ​ទេ យើង​នឹង​ពង្រីក​ដល់​១១​ម៉ែត្រ ហើយ​យើង​កំពុង​រៀបចំ​នីតិវិធី​ដាក់​ដេញថ្លៃ ដើម្បី​លើក​គុណភាព​ផ្លូវជាតិ​លេខ​៤​ឡើងវិញ​»​។​
 
​ប៉ុន្តែ​លោក ស៊ុន ចាន់ថុល អះអាងថា​ការពង្រីក​ផ្លូវ ក៏​មិនអាច​ដោះស្រាយបាន​ទាំងស្រុង​នោះដែរ បើ​អ្នកបើកបរ​មិន​គោរព​ច្បាប់ បើក​លឿន​ពេក វ៉ា​ជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ជាដើម​។ «​ប៉ុន្តែ​ទោះជា​យើង​ពង្រីក​ផ្លូវ​នេះ​១១​ម៉ែត្រ ឬ​១៣​ម៉ែត្រ ១៥​ម៉ែត្រ យ៉ាងណាក៏ដោយ បើ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​លឿន​ពេក បើក​វ៉ា​ជែង​ដោយ​គ្មាន​ប្រុងប្រយ័ត្ន​ជាដើម ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះឯង​»​។ នេះ​ជា​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ។​
 
​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវគោក​រូបនេះ  បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកបើកបរ​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរាច​ណ៍ និង​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ព្រមទាំង​ត្រូវយក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​)​ឲ្យ​បាន​ត្រឹមត្រូវ​៕

Tag:
 ស៊ុន ចាន់ថុល
  ផ្លូវជាតិ​លេខ​៤
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com