កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ក្រុមអឺរ៉ុប ហូឡង់ និងអុីតាលី ទៅជួបគ្នាវគ្គ១/៤ ខណៈក្រុមអាស៊ី ជប៉ុន និងចិន ហាលអាវ
× ក្រុមកីឡាការិនីជម្រើសជាតិជប៉ុនបានបរាជ័យក្រោយថ្វីជើងហូឡង់យ៉ាងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ស្របពេលចិនក៏ចាញ់អ៊ីតាលី ២-០ នាជំនួបវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩។ ហូឡង់ និងអ៊ីតាលីត្រូវបន្តជួបគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
នាជំនួបវគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី២៥ ខែមិថុនា ហូឡង់ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទី១៧ ដែលសម្រេចបានដោយកីឡាការិនី Lieke Martens មុនពេល Yui Hasegawa ស៊ុតតាមស្មើឲ្យជប៉ុនវិញនៅនាទី៤៣។ ចូលដល់តង់ទី២រយៈពេល៤៥នាទីពេញក្រុមទាំងពីរមិនមានគ្រាប់បាល់ឡើយ រហូតដល់នាទី៩០+ ទើបហូឡង់ទទួលបានបាល់ពិន័យ១១ម៉ែត្រ។ Lieke Martens ដែលរកគ្រាប់បាល់ទី១ ជាអ្នកបញ្ចប់ទីរបស់ជប៉ុនសម្រាប់គ្រាប់បាល់ជ័យជន្នះ ២-១ ដើម្បីនាំហូឡង់ឈានទៅវគ្គ៨ក្រុមចុងក្រោយ។
ដោយឡែកអ៊ីតាលីក៏បានឈ្នះចិន ២-០ នៅវគ្គ១/៨ នេះដែរ ដែលសម្រេចទីបានដោយ Valentina Giacinti (១៥) និង Aurora Galli (៤៩)។ ដូច្នេះអ៊ីតាលីត្រូវឡើងទៅជួយបហូឡង់នៅវគ្គបន្ត១/៤។
ជប៉ុន និងចិនជាក្រុមពីតំបន់អាស៊ីចុងក្រោយគេដែលធ្លាក់ចេញពីព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនេះ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍បំផុតនៅវគ្គ៨ក្រុមចុងក្រោយ គឺមានក្រុមពីទ្វីបអឺរ៉ុបរហូតដល់ទៅ៧ក្រុមរួមជាមួយក្រុមពីអាមេរិកខាងជើងសហរដ្ឋអាមេរិកមួយក្រុម។ ៤គូចុងក្រោយ បារាំងប៉ះអាមេរិក ស៊ុយអែតជួបអាល្លឺម៉ង អង់គ្លេសត្រូវតទល់ជាមួយន័រវែស និងហូឡង់ជួបអ៊ីតាលី។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ តទៅ៕
Tag:
បាល់ទាត់
World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com