អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម នឹងត្រូវ​ចុះហត្ថលេខា នា​ដំណាច់ខែ​នេះ​
26, Jun 2019 , 7:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ឆ្វេង) ចាប់ដៃជាមួយ ប្រធានសភាអឺរ៉ុប លោក Antonio Tajani នាពេលកន្លងទៅ (ប្រភពរូប៖ វេបសាយ EU)
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ឆ្វេង) ចាប់ដៃជាមួយ ប្រធានសភាអឺរ៉ុប លោក Antonio Tajani នាពេលកន្លងទៅ (ប្រភពរូប៖ វេបសាយ EU)
ដោយ:
​ក្រុមប្រឹក្សា​អឺរ៉ុប បានអនុម័ត​ការសម្រេចចិត្ត ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​គាំពារ​ការវិនិយោគ​សហ​ភាព​អឺរ៉ុប​-​វៀតណាម (EVIPA) ។ ដោយ​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី «​ជំនាន់​ថ្មី​មួយ​» កិច្ចព្រមព្រៀង​នេះ ក៏​នឹង​រាប់បញ្ចូល​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន រួមមាន កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា សេរីភាវូបនីយកម្ម​នៃ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែមិថុនា ក្រុមប្រឹក្សា​អឺរ៉ុប បានប្រកាសថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ នឹងត្រូវ​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩​។ ឯកសារ​ដដែល​នេះ បញ្ជាក់ថា «EVFTA» គឺជា​កិច្ចព្រមព្រៀង​សេរី​ដ៏​មហិច្ឆតា​មួយ​របស់ខ្លួន​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដោយ​ពន្ធ​រហូតដល់ ៩៩​ភាគរយ​លើ​ទំនិញ​របស់​ភាគី​ទាំងពីរ នឹងត្រូវ​លុបចោល ។ 
 
​សម្រាប់​ដំណាក់កាល​ដំបូង ពន្ធ​ចំនួន ៦៥​ភាគរយ​លើ​ការនាំ​ចេញពី EU ទៅកាន់​វៀតណាម នឹងត្រូវ​កាត់ចេញ​ភ្លាមៗ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ខណៈ​ពន្ធ​ដែល​នៅ​សេសសល់ នឹងត្រូវ​លុបចោល​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​១០​ឆ្នាំ​។ ចំពោះ​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​អឺរ៉ុប​វិញ ជាបឋម ពន្ធ​ចំនួន ៧១​ភាគរយ នឹងត្រូវ​ដកចេញ កាលណា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ចូល​ជា​ធរមាន​។ ចំណែកឯ ពន្ធ​ដែល​នៅ​សេសសល់ នឹងត្រូវ​លុបចោល​ក្នុង​រយៈពេល ៧​ឆ្នាំ​។  
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ក៏​នឹង​កាត់បន្ថយ​រនាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធ​ជាមួយ​វៀតណាម និង​បើកចំហ​ទីផ្សារ​ដេញថ្លៃ​សាធារណៈ និង​សេវាកម្ម​វៀតណាម​សម្រាប់​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​។ ទន្ទឹមគ្នានេះ វា​ក៏​នឹង​ពង្រឹង​កិច្ច​គាំពារ​លើ​ការវិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន EU ក្នុងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ផងដែរ​។ 
 
​ដោយ​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី «​ជំនាន់​ថ្មី​មួយ​» កិច្ចព្រមព្រៀង EVFTA នេះ ក៏​នឹង​រាប់បញ្ចូល​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន រួមមាន កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ សម្រាប់​ទិដ្ឋភាព​ចុងក្រោយ កិច្ចព្រមព្រៀង​នេះ ក៏​ទទួលស្គាល់​លើ​ការតាំង​ចិត្ត​ក្នុងការ​អនុវត្ត​ស្តង់ដារ​ចម្បងៗ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដូចជា​សេរីភាព​ក្នុងការ​ចូលរួម​ក្នុង​សហភាព​ពាណិជ្ជកម្ម​ឯករាជ្យ និង​ការហាមឃាត់​ពលកម្ម​កុមារ​ជាដើម ក៏ដូចជា​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ឬ​កិច្ច​គាំពារ​លើ​ជីវៈចម្រុះ​ជាដើម​។ 
 
​ទាក់ទិន​នឹង​រឿងនេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker បាន​កោតសរសើរ​ចំពោះ ការសម្រេចចិត្ត​របស់​សមាជិក EU ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​។ លោក Juncker សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​នេះ បង្ហាញ​ពី​ការតភ្ជាប់​រវាង​អឺរ៉ុប និង​វៀតណាម ក៏ដូចជា​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ដែល​ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​ទៅកាន់ «​ពាណិជ្ជកម្ម​ផ្អែកលើ​វិធាន​ច្បាប់ យុត្តិធម៌ និង​បើកចំហ​»​។ 
​សូមបញ្ជាក់ថា ការចរចា​រវាង EU និង​វៀតណាម បានចាប់ផ្តើម​ដំបូង ក្នុង​ខែមិថុនា ឆ្នាំ​២០១២ និង​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ២ ធ្នូ ឆ្នាំ​២០១៥ ។ យ៉ាងណាមិញ ការសម្រេច​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ពន្យារពេល ដោយ​រង់ចាំ​គំនិត​យោបល់​ពី​សំណាក់​តុលារ​យុត្តិធម៌​អឺរ៉ុប លើ​ការបែងចែក​ភាព​ប្រកួត​ប្រ​ជេ​ងរ​វាង​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម EU- សិង្ហ​បុរី​។ 
 
​វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​២ របស់ EU ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​សិង្ហ​បុរី​។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អឺរ៉ុប ស្មើនឹង ៥០,៤​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នេះ ការនាំចេញ​របស់​វៀត​ណា​ម ស្មើនឹង ៣៨,៣​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​ស្មើនឹង ១២,១​ពាន់​លាន​ដុល្លារ​។ 
 
​ទំនិញ​នាំចេញ​ចម្បង​របស់​វៀត​ណា​ម​ទៅកាន់ EU គឺមាន​ដូចជា សម្ភារ​ទូរគមនាគមន៍ សំលៀកបំពាក់ និង​ចំណីអាហារ​។ ចំណែក​ផលិតផល​នាំចេញ​សំខាន់​របស់ EU ទៅកាន់​វៀតណាម គឺមាន​ដូចជា សម្ភារ​ទាក់ទង​នឹង​ការដឹកជញ្ជូន និង​គ្រឿង​ម៉ាស៊ីន​, ផលិតផល​កសិកម្ម និង​គីមី​ជាដើម​។​
 

Tag:
 វៀតណាម​
  EU
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com