ជាតិ
ការផលិត​ត្រីឆ្អើរ​ពី​ត្រី​អណ្តែង តម្រូវ​ឲ្យ​មានការ​យកចិត្ត​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ជាង ការផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​ផ្សេងៗ ទៀត
26, Jun 2019 , 8:19 pm        
រូបភាព
​ប្រភេទ​ត្រី​អណ្តែង​ដែល​លោក យឹម ជិន យកមក​ឆ្អើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ប្រភេទ​ត្រី​អណ្តែង​ដែល​លោក យឹម ជិន យកមក​ឆ្អើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ការផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​រៀល ត្រី​លេញ ត្រី​ស្លឹក​ឬ​ស្សី ឬ​ត្រី​កេស ត្រូវបាន​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស មិនថាតែ​អ្នក​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ទន្លេសាប និង​ទន្លេមេគង្គ​នោះទេ វា​គឺជា​ប្រពៃណី​ទំនៀមទម្លាប់ និង​ជា​សន្តិសុខ​ស្បៀង​សម្រាប់​រដូវ​ខ្សត់​ត្រី ដែល​គេ​និយម​ផលិត​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅក្នុង​រដូវ​សម្បូរ​ត្រី រវាង​ខែ វិ​ចិ្ឆ​កា ដល់​ខែ​ចុងខែ​កុម្ភៈ​។ ការផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​ទាំងនេះ គឺ​ធ្វើបាន​តាម​រដូវ​កាល​ប៉ុណ្ណោះ​។ ប៉ុន្តែ ការផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​អណ្តែង ដែលជា​ទូទៅ ជា​ប្រភេទ​ត្រី​ចិញ្ចឹម​ក្នុង​បែរ ឬ​ស្រះ គឺ​មិន​គិតពី​រដូវ​ឡើយ​។​


 
​លោក យៀម ជិន អាយុ ៥៣​ឆ្នាំ ជា​អ្នក​ផលិត​ត្រីឆ្អើរ​ពី​ត្រី​អណ្តែង​ម្នាក់ នៅលើផ្ទះ​បណ្តែត​ទឺ​ក​របស់គាត់ ស្ថិតនៅ​ក្នុងភូមិ​ពាម​សីមា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង នៅក្នុង​ស្ទឹង​សង្កែ​តែម្តង​។ ត្រី​អណ្តែង​ដែល​គាត់​យកមក​ផលិត​ជា​ត្រីឆ្អើរ​នេះ ជា​ប្រភេទ​ត្រី​អណ្តែង​កូនកាត់ Hybrid catfish ដែល​ត្រូវបាន​បង្កាត់​ចេញពី​ត្រី​អណ្តែង​អា​ហ្វ្រី​ក មានឈ្មោះ​វិទ្យាសាស្ត្រ (Clarias gariepinus) ជាមួយនឹង​ត្រី​អណ្តែងទន់ ដែលជា​ប្រភេទ​ត្រី​ក្នុងស្រុក មានឈ្មោះ​វិទ្យាសាស្ត្រ (Clarias macroephalus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស bighead walking catfish បានជា​ប្រភេទ​ត្រី​អណ្តែង​ថ្មី​មួយ​ប្រភេទ​សម្រាប់​ចិញ្ចឹម ដែល​យើង​អាច​ឃើញ​មាន​វា​ច្រើន​នៅលើ​ទីផ្សារ​។​
 
​ត្រី​អណ្តែង គឺជា​ប្រភេទ​ត្រី​ឥត​ក​ស្រកា វា​មាន​ខ្លាញ់​ច្រើន មាន​ធ្នុង​មុត​ស្រួច ងាយ​នឹង​បង្ក​គ្រោះថ្នាក់​បាន​យ៉ាង​ងាយ បើ​មិនមាន​ការប្រុងប្រយ័ត្ន​។ បន្ថែម​ពីលើ​នេះ ការផលិត​ត្រីឆ្អើរ​ត្រី​អណ្តែង គឺមាន​ភាព​រវល់​ខ្លាំង វា​ត្រូវការ​ពេលវេលា​ច្រើន​ស្ទើរ​ពេញ​មួយ​សប្តាហ៍ ចាប់តាំងពី​ថ្ងៃ​ដុត​ភ្លើង​ដំបូង រហូតដល់​ថ្ងៃ​ពន្លត់ភ្លើង​ទម្រាំ​បាន​ផលិតផល​សម្រេច​។​
 

​ត្រីឆ្អើរ​ត្រី​អណ្តែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​បើ​ប្រៀបធៀប​ជាមួយនឹង​ការផលិត​ត្រីឆ្អើរ​ពី​ប្រភេទ​ត្រី​ផ្សេងៗ ទៀត ការផលិត​ត្រីឆ្អើរ​ពី​ត្រី​អណ្តែង តម្រូវ​ឲ្យ​មានការ​យកចិត្ត​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ជាង រាប់​ចាប់តាំងពី​ពេល​ចាប់​ត្រី​ចេញពី​បែ យកទៅដាក់​ថ្លឹង​លើ​ជញ្ជីង រួច​បន្ត​ចាក់​ចូលក្នុង​ទូក និង​ចាប់​ចេញពី​ទូក​វិញ​ពេល​ដឹក​មកដល់​ផ្ទះ គឺ​សុទ្ធ​តែមាន​ហានិភ័យ​ខ្ពស់ ព្រោះ​វា​នៅរស់​រវើក​។ ពេល​ឆ្អើរ នោះ​ក៏​រិត​តែ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ត្រូវ​តាមដាន​កម្តៅភ្លើង ព្រមទាំង​ខ្លាញ់ត្រី​ដែល​ស្រក់​ចុះ​មកលើ​ភ្លើង ព្រោះ​វា​អាច​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ផ្ទះ​បាន​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com