ជាតិ
ការផលិតត្រីឆ្អើរពីត្រីអណ្តែង តម្រូវឲ្យមានការយកចិត្តដាក់ និងប្រុងប្រយ័ត្នខ្ពស់ជាង ការផលិតត្រីឆ្អើរពីប្រភេទត្រីផ្សេងៗ ទៀត ប្រភេទត្រីអណ្តែងដែលលោក យឹម ជិន យកមកឆ្អើរ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ការផលិតត្រីឆ្អើរពីប្រភេទត្រីរៀល ត្រីលេញ ត្រីស្លឹកឬស្សី ឬត្រីកេស ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេស មិនថាតែអ្នកដែលរស់នៅជុំវិញបឹងទន្លេសាប ទន្លេសាប និងទន្លេមេគង្គនោះទេ វាគឺជាប្រពៃណីទំនៀមទម្លាប់ និងជាសន្តិសុខស្បៀងសម្រាប់រដូវខ្សត់ត្រី ដែលគេនិយមផលិតជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវសម្បូរត្រី រវាងខែ វិចិ្ឆកា ដល់ខែចុងខែកុម្ភៈ។ ការផលិតត្រីឆ្អើរពីប្រភេទត្រីទាំងនេះ គឺធ្វើបានតាមរដូវកាលប៉ុណ្ណោះ។ ប៉ុន្តែ ការផលិតត្រីឆ្អើរពីប្រភេទត្រីអណ្តែង ដែលជាទូទៅ ជាប្រភេទត្រីចិញ្ចឹមក្នុងបែរ ឬស្រះ គឺមិនគិតពីរដូវឡើយ។
លោក យៀម ជិន អាយុ ៥៣ឆ្នាំ ជាអ្នកផលិតត្រីឆ្អើរពីត្រីអណ្តែងម្នាក់ នៅលើផ្ទះបណ្តែតទឺករបស់គាត់ ស្ថិតនៅក្នុងភូមិពាមសីមា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅក្នុងស្ទឹងសង្កែតែម្តង។ ត្រីអណ្តែងដែលគាត់យកមកផលិតជាត្រីឆ្អើរនេះ ជាប្រភេទត្រីអណ្តែងកូនកាត់ Hybrid catfish ដែលត្រូវបានបង្កាត់ចេញពីត្រីអណ្តែងអាហ្វ្រីក មានឈ្មោះវិទ្យាសាស្ត្រ (Clarias gariepinus) ជាមួយនឹងត្រីអណ្តែងទន់ ដែលជាប្រភេទត្រីក្នុងស្រុក មានឈ្មោះវិទ្យាសាស្ត្រ (Clarias macroephalus) និងឈ្មោះជាភាសាអង់គ្លេស bighead walking catfish បានជាប្រភេទត្រីអណ្តែងថ្មីមួយប្រភេទសម្រាប់ចិញ្ចឹម ដែលយើងអាចឃើញមានវាច្រើននៅលើទីផ្សារ។
ត្រីអណ្តែង គឺជាប្រភេទត្រីឥតកស្រកា វាមានខ្លាញ់ច្រើន មានធ្នុងមុតស្រួច ងាយនឹងបង្កគ្រោះថ្នាក់បានយ៉ាងងាយ បើមិនមានការប្រុងប្រយ័ត្ន។ បន្ថែមពីលើនេះ ការផលិតត្រីឆ្អើរត្រីអណ្តែង គឺមានភាពរវល់ខ្លាំង វាត្រូវការពេលវេលាច្រើនស្ទើរពេញមួយសប្តាហ៍ ចាប់តាំងពីថ្ងៃដុតភ្លើងដំបូង រហូតដល់ថ្ងៃពន្លត់ភ្លើងទម្រាំបានផលិតផលសម្រេច។
ត្រីឆ្អើរត្រីអណ្តែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
បើប្រៀបធៀបជាមួយនឹងការផលិតត្រីឆ្អើរពីប្រភេទត្រីផ្សេងៗ ទៀត ការផលិតត្រីឆ្អើរពីត្រីអណ្តែង តម្រូវឲ្យមានការយកចិត្តដាក់ និងប្រុងប្រយ័ត្នខ្ពស់ជាង រាប់ចាប់តាំងពីពេលចាប់ត្រីចេញពីបែ យកទៅដាក់ថ្លឹងលើជញ្ជីង រួចបន្តចាក់ចូលក្នុងទូក និងចាប់ចេញពីទូកវិញពេលដឹកមកដល់ផ្ទះ គឺសុទ្ធតែមានហានិភ័យខ្ពស់ ព្រោះវានៅរស់រវើក។ ពេលឆ្អើរ នោះក៏រិតតែត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រូវតាមដានកម្តៅភ្លើង ព្រមទាំងខ្លាញ់ត្រីដែលស្រក់ចុះមកលើភ្លើង ព្រោះវាអាចបង្កជាអណ្តាតភ្លើងឆេះផ្ទះបាន។
© រក្សាសិទ្ធិដោយ thmeythmey.com