ជាតិ
សង្គមជាតិ
ពីថ្ងៃ​ទី​២៦ មិថុនា ដល់​ថ្ងៃទី​២ កក្កដា ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាង​បណ្តា​ខេត្ត​ផ្សេងៗ​
26, Jun 2019 , 3:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃទី​២៦ ខែមិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា បណ្តា​ខេត្ត​ជាប់​សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​បរិមាណ​បង្គួរ​ទៅ​ច្រើន​។ ដោយឡែក​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងទៀត មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ទៅ​មធ្យម​។

 
​ចាប់ពី​ថ្ងៃទី​២៦ មិថុនា ដល់​ថ្ងៃទី​២ កក្កដា បណ្តា​ខេត្ត​មាត់សមុទ្រ រួមមាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ ទៅ​ច្រើន គួបផ្សំ​នឹង​ខ្យល់​បោកបក់ និង​រលក​សមុទ្រ​ខ្ពស់ៗ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ពីថ្ងៃ​ទី​២៦ មិថុនា ដល់​ថ្ងៃទី​២ កក្កដា របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ពន្យល់ថា​ដោយសារ ជ្រលង​សម្ពាធ​ទាប នៅ​បន្ត​អូសបន្លាយ​លើ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ខ្យល់មូសុង​និរតី បង្កើន​ឥទ្ធិពល​។ 
 
​បើតាម​សេចក្តីជូនដំណឹង​ដដែល ឥទ្ធិពល​ខ្យល់មូសុង​និរតី ក៏​ធ្វើ​ឲ្យ​បណ្តា​រាជធានី និង​ខេត្ត​មួយចំនួន ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​កំពត អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ រីឯ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​នៅ​ភាគ​ពាយព្យ​ខាងជើង និង​ឦសាន អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​បង្គួរ​។​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​សាធារណជន ជាពិសេស​អ្នកនេសាទ និង​អ្នក​ដែល​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​៕
 

Tag:
 ភ្លៀង​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com