អន្តរជាតិ
លោក ត្រាំ ព្រមានអុីរ៉ង់៖ អាមេរិកមិនមែនដឹកនាំដោយលោក អូបាម៉ា ទៀតឡើយ រូបភាព AFP
× សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងពុះកញ្ជ្រោលខ្លាំង ស្របពេលភាពតានតឹងក៏ឡើងកម្ដៅតាមនឹងដែរនោះ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមិថុនា បានគំរាមប្រើកម្លាំងឆ្លើយតបដ៏លើសលប់ បើសិនអ៊ីរ៉ង់ហ៊ានប៉ះប្រយោជន៍ ឬអាយុជីវិតទាហានអាមេរិកនោះ។ លោក ត្រាំ ក៏គំរាមវាយប្រហារតំបន់ខ្លួនឲ្យរាបស្មើដីផងដែរ។ ជាការព្រមានទៅអ៊ីរ៉ង់ លោក ត្រាំ ថា អាមេរិកអត់មានលោក បារ៉ាក់ អូបាម៉ា ទៀតទេ។
តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារគំរាមអ៊ីរ៉ង់ជាថ្មីទៀត ខណៈដែលការប្រឈមមុខរវាងសត្រូវចាស់ទាំងពីរមិនថមថយកម្ដៅសោះ។ លោក ត្រាំ គំរាមវាយបកលើអ៊ីរ៉ង់ដោយកម្លាំងខ្លាំងក្លា បើអាមេរិករងការវាយប្រហារណាមួយដែលផ្ដើមអ៊ីរ៉ង់ ឬចលនាយោធាដែលកូនចៅរបស់អ៊ីរ៉ង់នោះ។
បើតាមលោក ត្រាំ ការវាយបកវិញរបស់អាមេរិក អាចកម្ទេចផ្នែកខ្លះរបស់អ៊ីរ៉ង់ឲ្យរលាយសូន្យបង់ផងដែរ។ ក្នុងសារដែលបង្ហោះបន្តបន្ទាប់គ្នានៅថ្ងៃទី២៥ ខែមិថុនា មេដឹកនាំអាមេរិករូបនេះលើកឡើងថា មេដឹកនាំអ៊ីរ៉ង់ យល់តែពីភាពខ្លាំង និងអំណាចប៉ុណ្ណោះ។ លោកទំនងចង់មានន័យថា ទីក្រុងតេហេរ៉ង់ មិនចង់បានការចរចាឡើយ ព្រោះបានទាត់ចោលសំណើចរចាម្ដងហើយម្ដងទៀត ហើយចង់ធ្វើសង្គ្រាមជាមួយវ៉ាស៊ីនតោនវិញ។
ការប្រើកម្លាំងទ័ពវាយបកនេះ ជាសម្ដីគំរាមរបស់រដ្ឋបាលលោក ត្រាំ ប៉ុន្តែគេមិនឃើញមានប្រតិបត្តិការយោធាណានៅឡើយ ខណៈអ៊ីរ៉ង់ក៏ប្រុងប្រយ័ត្នមិនបំពានបន្ទាត់ក្រហមដែលកំណត់ដោយអាមេរិកឡើយ។ បន្ទាត់ក្រហម គឺជាការវាយប្រហារលើយោធាអាមេរិក ឬសម្ព័ន្ធមិត្តដោយកម្លាំងទ័ពអ៊ីរ៉ង់ផ្ទាល់ ឬក្រុមជ្រុលនិយមដែលអ៊ីរ៉ង់គាំទ្រ។ ការបាញ់ទម្លាក់យន្តហោះបញ្ជាដ្រូនថ្មីៗនេះ ពុំទាន់អាចចាត់ទុកជាការឆ្លងបន្ទាត់ក្រហមឡើយ។
ភាពតានតឹងដែលកើតឡើងសព្វថ្ងៃ កើតឡើងក្រោយអាមេរិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មបន្តបន្ទាប់លើសេដ្ឋកិច្ច និងក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់ផង។ ក្នុងសំណេរលើ Twitter លោក ត្រាំ ក៏និយាយដល់អតីតប្រនាធាធិបតី បារ៉ាក់ អូបាម៉ា និងអតីតប្រមុខការទូត ចន ឃែរី ដែលបានចរចាជាមួយអ៊ីរ៉ង់រហូតមានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ។ ដោយចង់បង្ហាញពីភាពខុសគ្នា លោក ត្រាំ អះអាងថា គ្មានលោក អូបាម៉ា ទៀតឡើយ។
គ្មានលោក អូបាម៉ា ទៀតឡើយ អាចសារព្រមានរបស់លោក ត្រាំ ទៅកាន់មេដឹកនាំអ៊ីរ៉ង់ដែលអាចគិតក្នុងចិត្តថា អាមេរិកក្រោមរដ្ឋបាលោក ត្រាំ អាចមានឥរិយាបថទន់ភ្លន់ខ្លះដូចលោក អូបាម៉ា ដែរ។ លែងមានហើយនយោបាយទន់ភ្លន់ តែមាននយោបាយបង្ហាញភាពខ្លាំង និងប្រយោជន៍អាមេរិកប៉ុណ្ណោះ។
ក្រៅពីគំរាមកម្ទេចអ៊ីរ៉ង់ហើយនោះ លោក ត្រាំ ក៏បន្តលើកឡើងពីការរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ដែលលោកអះអាងថា ជួបបញ្ហាលំបាកដោយសារមេដឹកនាំសព្វថ្ងៃ។ ប្រមុខរដ្ឋអាមេរិករូបនះបញ្ជាក់ថា ប្រជាជនអ៊ីរ៉ង់ត្រូវរងគ្រោះដោយគ្មានហេតុផលអ្វីទាំងអស់ ព្រោះមានមេដឹកនាំដែលមិនស្គាល់អ្វីទៅជារឿងល្អៗ និងក្ដីមេត្តា ហើយចាយលុយតែលើភេរវកម្មយ៉ាងច្រើនសន្ធឹក៕
Tag:
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
បារ៉ាក់ អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com