ជាតិ
សង្គមជាតិ
លោក រ៉ាត់ រត្នមុនី ត្រូវជាប់ពន្ធនាគារពីរឆ្នាំ ពាក់ព័ន្ធនឹងការផលិតភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ»
26, Jun 2019 , 3:40 pm        
រូបភាព
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយសម្រេចឲ្យលោក រ៉ាត់ រត្នមុនី ជាប់ពន្ធនាគារពីរឆ្នាំ ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ»។ លើសពីនេះ តុលាការ បានឲ្យលោក បង់ប្រាក់៣៥លានរៀល ទៅដើមបណ្តឹងផងដែរ។

 

លោក សំ ទិត្យសីហា មេធាវីរបស់លោក រ៉ាត់ រត្នមុនី ចាត់ទុកការសម្រេចរបស់តុលាការថាអយុត្តិធម៌។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា «ខ្ញុំ បានពិភាក្សាជាមួយកូនក្តីរបស់ខ្ញុំរួចហើយ ថានឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍»។ 

ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បានធ្វើ​ឲ្យ​លោក រ៉ាត់ រត្ន​មុនី រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ លោក មេធាវី អះអាងដូចមុនថា លោក រ៉ាត់ រត្នមុនី មិនមែនជាអ្នកដឹកផលិតខ្សែភាពយន្តនេះទេ គឺគ្រាន់តែជាបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសប៉ុណ្ណោះ។

អាជ្ញាធរ​ខ្មែរ បាន​តាមដាន​ខ្សែភាពយន្ត​ឯកសារ​នេះ បន្ទាប់ពី​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT យកទៅ​ផ្សព្វផ្សាយ កាលពីចុងឆ្នាំ២០១៨​។ អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​ខាងលើ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។​

លោក រ៉ាត់ រត្នមុនី ត្រូវបានសមត្ថកិច្ច​ថៃ ​ចាប់បញ្ជូនមក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចខ្មែរ។ កន្លងមក ភរិយា​របស់លោក និង​ប្រជាពលរដ្ឋ​មួយចំនួន ខិតខំ​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕



 

Tag:
 រ៉ាត់​ រត្នមុនី
© រក្សាសិទ្ធិដោយ thmeythmey.com