អន្តរជាតិ
របាយការណ៍ UN រកឃើញថា ផលិតកម្ម​កូកាអ៊ីន​បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ឆ្នាំ​២០១៧
26, Jun 2019 , 9:19 pm        
រូបភាព
ដើម «កូកា» គេយកទៅផលិតជា ថ្នាំញៀន កូកាអ៊ីន (ប្រភពរូប៖​ AFP)
ដើម «កូកា» គេយកទៅផលិតជា ថ្នាំញៀន កូកាអ៊ីន (ប្រភពរូប៖​ AFP)
ដោយ:
​ផលិតកម្ម​កូកាអ៊ីន​សាកល ឈានដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៧ ដោយ​បំបែក​កំណត់ត្រា​ឆ្នាំ​២០១៦ រហូតដល់ ២៥​ភាគរយ ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម និង​ថ្នាំញៀន ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​។ កំណើន​ដ៏​ខ្លាំងក្លា​នេះ កើតឡើង​ខណៈ​ផលិតកម្ម​ហក់​ឡើង​ខ្ពស់ ក្រោយ​ជម្លោះ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​បាន​បិទ​បញ្ចប់​។​

 
​ក្នុង​របាយការណ៍ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២៥ ខែមិថុនា ការ​ហក់​ឡើង​នៃ​ផលិតកម្ម​កូកាអ៊ីន កើតឡើង​ដោយសារតែ ការកើនឡើង​នៃ​រោងចក្រ​ផលិត​កូកាអ៊ីន​ក្នុងប្រទេស​កូ​ឡុំ​ប៊ី ដែល​ប៉ាន់​ស្មានថា បាន​ផលិត​កូកាអ៊ីន​ប្រមាណ ៧០​ភាគរយ​នៃ​កូកាអ៊ីន​សរុប​របស់​ពិភពលោក​។ ចន្លោះ​ពី​ឆ្នាំ ២០០៧ ដល់ ឆ្នាំ​២០១៧ ក្នុងប្រទេស​អាមេរិក​ឡា​ទីន​នេះ មាន​កំណើន​នៃ​ការផលិត​កូកាអ៊ីន​ដល់​ទៅ ៥០​ភាគរយ ដែល​ឈានដល់​ចំនួន ១៩៧៦​តោន កាលពី​ឆ្នាំ​២០១៥​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ បរិមាណ​កូកាអ៊ីន ត្រូវបាន​រឹបអូស​នៅ​ទូទាំង​ពិភពលោក កើនឡើង​ប្រមាណ ៧៤​ភាគរយ ។ តួយ៉ាង ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​នៅ​ជុំវិញ​ពិភពលោក បាន​ឃាត់ទុក​បរិមាណ​ថ្នាំញៀន​ប្រភេទ​នេះ​ទាំងអស់​ដល់​ទៅ ១២៧៥​តោន ដែល​កើនឡើង ១៣​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​។ 
 
​ទាក់ទិន​នឹង​តួលេខ​នេះ របាយការណ៍​ដដែល អះអាងថា កិច្ចប្រឹងប្រែង​ក្នុងការ​អនុវត្ត​ច្បាប់ ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដ៏​រឹងមាំ​រួមចំណែក​យ៉ាង​ធំធេង​លើ​កិច្ចការ​នេះ​។ 
 
​មែនទែនទៅ ផលិតកម្ម​កូកាអ៊ីន​ក្នុង​តំបន់​ភាគ​កណ្តាល​មួយចំនួន​ក្នុងប្រទេស​កូ​ឡុំ​ប៊ី មានការ​ធ្លាក់ចុះ ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៦ ជាមួយ​អតីត​កងក​ម្លាំ​បដិវត្តន៍​កូ​ឡុំ​ប៊ី ខណៈ​ប្រជាកសិករ ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ឲ្យ​នូវ​ជម្រើស​ល្អ​ផ្សេង​ដែល​ស្របច្បាប់ ជាជាង​ការដាំដុះ​ដើម កូ​កា​។  
 
​យ៉ាងណាមិញ របាយការណ៍​របស់ UN រកឃើញថា ក្រោយពេល​ជម្លោះ​នៅ​កូ​ឡុំ​ប៊ី​ចប់ ការដាំដុះ​ដំណាំ​កូ​កា​មានការ​កើនឡើង  ដោយ​វាល​ដាំ​ដុះ​ថ្មីៗ​មាន​ទីតាំង​ឆ្ងាយ​ពី​ទីក្រុង​សំខាន់ៗ ហើយ​តំបន់​ទាំងនេះ បច្ចុប្បន្ន ស្ថិតក្រោម​ការកាន់កាប់​របស់​ឧក្រិដ្ឋជន​ដែល​ពីមុន​ឡើយ​ជា​របស់​ក្រុម​បះបោរ​។ 
 
​ម្យ៉ាងវិញទៀត របាយការណ៍​ដដែល ក៏បានផ្តល់​តួលេខ​ក្នុង​ឆ្នាំ​២០១៨ សម្រាប់​ផលិតកម្ម​អាភៀន​សាកល​ផងដែរ ដែល​កើនឡើង​លើសពី​កំណត់ត្រា ក្នុង​ឆ្នាំ​២០១៧​។  នៅ​ទូទាំង​ពិភពលោក មនុស្ស​ជាង ៣៥​លាន​នាក់ រង​ផលប៉ះពាល់​ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ការប្រើប្រាស់​ថ្នាំញៀន​។ តួលេខ​នេះ មាន​កំណើន ៤,៥​លាន​នាក់ បើ​ធៀប​ទៅនឹង​ការប៉ាន់ស្មាន កាលពី​ឆ្នាំ​២០១៦​។ ភ្នាក់ងារ UN ខាងលើនេះ បាន​ប៉ាន់ស្មាន​ទៀតថា ក្នុង​ឆ្នាំ​២០១៧ មនុស្ស​ប្រមាណ ៥៣,៤​លាន​នាក់ ជា​អ្នកញៀន​អា​ភែ​ន ដែល​កើនឡើង​ជាង ៥៦​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦៕
 

Tag:
 UN
  Cocaine
© រក្សាសិទ្ធិដោយ thmeythmey.com