ជាតិ
សង្គមជាតិ
បណ្ឌិត សុខ ទូច៖ បាក់អគារ៧ជាន់ ចិន មិនខុសទេ អាជ្ញាធរខ្មែរទេ ដែលខុស លោក សុខ ទូច ឡើងថ្លែងក្នុងវេទិកាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសចូលស្រុករបស់លោក សម រង្សុី (រូបពីរាជបណ្ឌិត្យសភា)
× ក្នុងកិច្ចពិភាក្សាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទនៃការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី លោកបណ្ឌិត សុខ ទូច ដែលជាប្រធានស្ថាប័នបញ្ញវន្តមួយនេះ បាននិយាយដល់ការនិយោគរបស់ចិននៅកម្ពុជា។
លោក សុខ ទូច យល់ថា វា មិនមែនជារឿងសំខាន់ឡើយ ដែលគេ នាំគ្នាខ្វល់ពីការវិនិយោគរបស់ចិន ដែលអាចនាំឲ្យបាត់ស្ថិរភាពនៅកម្ពុជា។ លោក លើកឡើងថា ចិនសតវត្សទី២១ ខុសពីចិនសតវត្សទី២០។ លោក បកស្រាយថា ចិនសតវត្សទី២០ វិនិយោគមនោគមវិទ្យារបស់ម៉ៅ ឯចិនសតវត្សទី២១ វិនិយោគថវិកា ដែលនាំឲ្យមានការសាង់សង់អគារខ្ពស់ៗ រហូតដល់៤០ជាន់ ឬ៥០ជាន់ ជាដើម។
និយាយដល់រឿងវិនិយោគ និងការលេចឡើងនូវអគារខ្ពស់ៗទាំងនេះ លោក សុខ ទូច ក៏ឆ្លៀតបញ្ចេញមតិពាក់ព័ន្ធនឹងឧបទ្ទវហេតុរលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលមានថៅកែជាជនជាតិចិន។ លោក មិនបន្ទោសចិនឡើយ ក្នុងរឿងរលំអគារនេះ ប៉ុន្តែលោក បន្ទោសខ្លាំងៗលើអាជ្ញាធរខ្មែរ ដែលអនុញ្ញាតឲ្យសាងសង់ទាំងខុសច្បាប់។
ប្រធានរាជបណ្ឌិតសភារូបនេះ ចោទជាសំណួរថា «សួរថា បាក់អគារ៧ជាន់ ចិនខុស?» លោក ឆ្លើយខ្លួនឯងថា «ចិនអត់ខុសទេ ខ្មែរទេ ដែលខុស ស្ថាប័នពាក់ព័ន្ធ ដែលខុស ហើយកុំនិយាយថា មិនឲ្យសង់ តែគេទៅសង់ អាហ្នឹងអត់មានសមត្ថភាព បើអ្នកឯង មានសមត្ថភាព មិនអាចទៅធ្វើអ៊ីចឹងបានទេ។ បើចិនខ្លាំង ឲ្យចិន ធ្វើចៅហ្វាយខេត្តព្រះសីហនុទៅ យើងត្រូវទទួលយកការពិត»។
សំឡេង
លោក សុខ ទូច ក៏បានលើកឡើងពីការប្រឹងប្រែងរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយរឿងនេះផងដែរ។ លោក មានប្រសាសន៍ថា «សម្តេច ហ៊ុន សែន មិនស្តោះទឹកមាត់ដាក់អ្នកណាទេ។ លោក បានជម្រះបញ្ជីរួចហើយ»។
ការរលំអគារ៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានស្លាប់មនុស្ស២៨នាក់ (ស្រី៤នាក់) និង អ្នករបួស២៦នាក់ (ស្រី២នាក់)។
ក្រោយកើតឧបទ្ទវហេតុដ៏អាណោចអាធ័មនេះ ប្រមុខរដ្ឋាភិបាល បានប្តូរ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ឲ្យទៅកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ចំណែក លោក ញឹម វណ្ណដា ត្រូវដកចេញពីតំណែងទេសរដ្ឋមន្ត្រីផង និងតំណែងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផង។
មានជនជាតិចិន៤នាក់ហើយ ដែលជាម្ចាស់អគារ និងជាអ្នកម៉ៅការសាងសង់ ត្រូវចាប់ខ្លួន ក្រោយអគារ៧ជាន់បាក់រលំ៕
© រក្សាសិទ្ធិដោយ thmeythmey.com