ជាតិ
សង្គមជាតិ
បណ្ឌិត សុខ ទូច​៖ បាក់​អគារ​៧​ជាន់ ចិន មិន​ខុស​ទេ អាជ្ញាធរ​ខ្មែរ​ទេ ដែល​ខុស
26, Jun 2019 , 4:46 pm        
រូបភាព
លោក សុខ ទូច ឡើងថ្លែងក្នុងវេទិកាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសចូលស្រុករបស់លោក សម រង្សុី (រូបពីរាជបណ្ឌិត្យសភា)
លោក សុខ ទូច ឡើងថ្លែងក្នុងវេទិកាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសចូលស្រុករបស់លោក សម រង្សុី (រូបពីរាជបណ្ឌិត្យសភា)
ដោយ: ថ្មីៗ
​ក្នុង​កិច្ចពិភាក្សា​តុមូល​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ​ក្រោម​ប្រធានបទ​នៃ​ការប្រកាស​ចូល​ស្រុក​របស់លោក សម រង្ស៊ី លោក​បណ្ឌិត សុខ ទូច ដែលជា​ប្រធាន​ស្ថាប័ន​បញ្ញវន្ត​មួយ​នេះ បាន​និយាយ​ដល់​ការ​និ​យោគ​របស់​ចិន​នៅ​កម្ពុជា​។


 
​លោក សុខ ទូច យល់ថា វា មិនមែនជា​រឿង​សំខាន់​ឡើយ ដែល​គេ នាំគ្នា​ខ្វល់​ពី​ការវិនិយោគ​របស់​ចិន ដែល​អាច​នាំ​ឲ្យ​បាត់​ស្ថិរភាព​នៅ​កម្ពុជា​។ លោក លើកឡើងថា ចិន​សតវត្ស​ទី​២១ ខុសពី​ចិន​សតវត្ស​ទី​២០​។ លោក បកស្រាយ​ថា ចិន​សតវត្ស​ទី​២០ វិនិយោគ​មនោ​គម​វិទ្យា​របស់​ម៉ៅ ឯ​ចិន​សតវត្ស​ទី​២១ វិនិយោគ​ថវិកា ដែល​នាំ​ឲ្យ​មានការ​សាង់សង់​អគារ​ខ្ពស់ៗ រហូតដល់​៤០​ជាន់ ឬ​៥០​ជាន់ ជាដើម​។ 
 
​និយាយ​ដល់​រឿង​វិនិយោគ និង​ការលេចឡើង​នូវ​អគារ​ខ្ពស់ៗ​ទាំងនេះ លោក សុខ ទូច ក៏​ឆ្លៀត​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​រលំ​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ថៅកែ​ជា​ជន​ជាតិចិន​។ លោក មិន​បន្ទោស​ចិន​ឡើយ ក្នុង​រឿង​រលំ​អគារ​នេះ ប៉ុន្តែ​លោក បន្ទោស​ខ្លាំងៗ​លើ​អាជ្ញាធរ​ខ្មែរ ដែល​អនុញ្ញាត​ឲ្យ​សាងសង់​ទាំង​ខុសច្បាប់​។​
 
​ប្រធាន​រាជបណ្ឌិតសភា​រូបនេះ ចោទ​ជា​សំណួរ​ថា «​សួរថា បាក់​អគារ​៧​ជាន់ ចិន​ខុស​?»  លោក ឆ្លើយ​ខ្លួនឯង​ថា «​ចិន​អត់​ខុស​ទេ ខ្មែរ​ទេ ដែល​ខុស ស្ថាប័ន​ពាក់ព័ន្ធ ដែល​ខុស ហើយ​កុំ​និយាយថា មិន​ឲ្យ​សង់ តែ​គេ​ទៅ​សង់ អាហ្នឹង​អត់​មាន​សមត្ថភាព បើ​អ្នកឯង មាន​សមត្ថភាព មិនអាច​ទៅធ្វើ​អ៊ីចឹង​បានទេ​។ បើ​ចិន​ខ្លាំង ឲ្យ​ចិន ធ្វើ​ចៅហ្វាយខេត្ត​ព្រះសីហនុ​ទៅ យើង​ត្រូវ​ទទួលយក​ការពិត​»​។ 

សំឡេង

 

លោក សុខ ទូច ក៏បាន​លើកឡើង​ពី​ការប្រឹងប្រែង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ក្នុងការ​ដោះស្រាយ​រឿងនេះ​ផងដែរ​។ លោក មានប្រសាសន៍ថា «​សម្តេច ហ៊ុន សែន មិន​ស្តោះ​ទឹកមាត់​ដាក់​អ្នកណា​ទេ​។ លោក បាន​ជម្រះបញ្ជី​រួចហើយ​»​។ 
 
​ការ​រលំ​អគារ​៧​ជាន់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បាន​ស្លាប់​មនុស្ស​២៨​នាក់ (​ស្រី​៤​នាក់​) និង អ្នករបួស​២៦​នាក់ (​ស្រី​២​នាក់​)​។ 
 
​ក្រោយ​កើត​ឧបទ្ទវហេតុ​ដ៏​អាណោចអាធ័ម​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ប្តូរ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ឲ្យ​ទៅកាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន​។ ចំណែក លោក ញឹម វណ្ណដា ត្រូវ​ដកចេញ​ពី​តំណែង​ទេសរដ្ឋមន្ត្រី​ផង និង​តំណែង​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផង​។ 

មានជនជាតិចិន៤នាក់ហើយ ដែលជាម្ចាស់អគារ និងជាអ្នកម៉ៅការសាងសង់ ត្រូវចាប់ខ្លួន ក្រោយអគារ៧ជាន់បាក់រលំ៕ 

Tag:
 សុខ ទូច​
  រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com