អត្ត​ព​លិ​ក​ជិត​២​ពាន់​នាក់​មកពី​៣៨​ប្រទេស​ហើយ ដែល​បាន​ចុះឈ្មោះ​រត់​ម៉ារ៉ាតុន​នៅ​អង្គរ​
កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជិត​២​ពាន់​នាក់​មកពី​៣៨​ប្រទេស​ហើយ ដែល​បាន​ចុះឈ្មោះ​រត់​ម៉ារ៉ាតុន​នៅ​អង្គរ​
27, Jun 2019 , 7:59 am        
រូបភាព
សកម្មភាពរត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរកាលពីឆ្នាំមុន
សកម្មភាពរត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរកាលពីឆ្នាំមុន
​អត្ត​ព​លិ​ក​ជិត​២​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ Khmer Empire Full Marathon នៅ​អង្គរ​ខេត្តសៀមរាប​។ គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ,​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា និង​ការពារ​បរិស្ថាន​ក្នុង​បរិវេណ​អង្គរ ។

 
​គិត​ត្រឹម​ថ្ងៃទី​២៦​ខែមិថុនា​នេះ អត្ត​ព​លិ​ក​ជិត​២​ពាន់​នាក់​មកពី​៣៨​ប្រទេស​បាន​ចុះឈ្មោះ​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ នៅ​បរិវេណ​អង្គរ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនេះ មាន​ជនបរទេស​ជាង​១​ពាន់​នាក់ ខណៈ​ចិន​ឈរ​លេខ​១ មាន​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាងគេ​។ ចំណែក​អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ត្រឹមតែ​ជាង​២០០​នាក់​ប៉ុណ្ណោះ​។ 


 
​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​រៀបចំឡើង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ និង​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប ក្នុង​រដូវ​ខ្សត់​ភ្ញៀវទេសចរ​។ ការការពារ​បរិស្ថាន​បៃតង​ក្នុង​បរិវេណ​អង្គរ និង​អបអរ​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រំពឹងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៦​ឆ្នាំនេះ នឹង​ទាក់ទាញ​អត្ត​ព​លិ​ក​កើនឡើង​១០​ភាគរយ ខណៈ​ឆ្នាំមុន​មាន​អត្ត​ព​លិ​កជាង​៣​ពាន់​នាក់​មកពី​៥០​ប្រទេស​ចូលរួម​។ ដោយ​កាលនោះ កីឡាករ ម៉ា វី​រ៉ូ គ្រង​ជើងឯក​លើ​វិញ្ញាសា​ម៉ារ៉ាតុន​ជា​លើកដំបូង បន្ទាប់ពី​អត្ត​ព​លិ​ក​បរទេស​ក្តោប​ក្តាប់​អស់​រយៈពេល​៤​ឆ្នាំ​។ 


 
​លោក សែម ផល្លា នាយក​ប្រតិបត្តិ​ប្រចាំ​ព្រឹត្តិការណ៍​នេះ អំពាវនាវ​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​រួសរាន់​មក​ចុះឈ្មោះ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមការងារ​បច្ចេកទេស​ក្នុងការ​រៀបចំ​សម្ភារ ដែល​បម្រើ​ឲ្យ​ការប្រកួត​។ សម្ភារ​បម្រើ​ឲ្យ​ការប្រកួត​ភាគច្រើន​ដូចជា ស្លាក​លេខ និង​មេដាយ​ជាដើម គឺ​យក​មកពី​ក្រៅប្រទេស​។​
 
​លោក​បាន​បន្ថែមថា គណៈកម្មការ​រៀបចំ​នឹងដាក់​ពង្រាយ​ស្តង់​ផ្តល់​ទឹក ស្តង់​ពេទ្យ និង​ឡានពេទ្យ​ជាច្រើន​គ្រឿង​តាម​ដងផ្លូវ​មួយចំនួន ដើម្បី​ផ្តល់​ទឹក និង​ត្រៀម​ជួយសង្គ្រោះ​ដល់​អត្ត​ព​លិ​ក​ដែលមាន​បញ្ហា​។ បន្ថែម​លើ​នេះ ក៏មាន​ដាក់ពង្រាយ​កងកម្លាំង​តាមផ្លូវ​សំខាន់ៗ​មួយចំនួន ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​អត្ត​ព​លិ​ក​ផងដែរ​។ 


 
​ព្រឹត្តិការណ៍ Khmer Empire Full Marathon មាន​៤​វិញ្ញាសា គឺ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ,២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ​លើ​វិញ្ញាសា​៤២​គីឡូម៉ែត្រ​បរទេស​ពី​៦០​ទៅ​៦៥​ដុល្លារ ខណៈ​ពលរដ្ឋ​កម្ពុជា​២០​ដុល្លារ​, ២១​គីឡូម៉ែត្រ​បរទេស​ពី​៥០​ទៅ​៥៥​ដុល្លារ រីឯ​កម្ពុជា​១៥​ដុល្លារ​, ១០​គីឡូម៉ែត្រ​បរទេស​ពី​៤០​ទៅ​៥០​ដុល្លារ កម្ពុជា​១២​ដុល្លារ និង​៣​គីឡូម៉ែត្រ​បរទេស​ពី​២០​ទៅ​៣០​ដុល្លារ និង​៥​ដុល្លារ​សម្រាប់​កម្ពុជា​៕  



Tag:
 ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​
  Khmer Empire
© រក្សាសិទ្ធិដោយ thmeythmey.com