ជាតិ
សង្គមជាតិ
សម្តេច ស ខេង កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធលើករណីរលំអាគារនៅព្រះសីហនុ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអៈអាងថា សម្តេចនឹងចាត់ការអ្នកពាក់ព័ន្ធ ក្នុងករណីរលំអាគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចកំពុងត្រួតពិនិត្យឯកសារដ្ឋបាលផ្សេងៗ ដើម្បីរកមុខអ្នកជាប់ពាក់ព័ន្ធបន្ថែមទៀត។
សម្តេច បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ថា៖«ខ្ញុំបានដឹកនាំត្រួតពិនិត្យឯកសារដ្ឋបាលទាំងអស់របស់ខេត្តព្រះសីហនុ ថាតើមានភាពមិនប្រក្រតីអ្វីខ្លះ។ ហើយយើងនឹងចាត់ការតាមជាក់ស្ដែង»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្តថា ករណីនេះអាចនឹងមានអ្នកពាក់ព័ន្ធផ្សេងទៀត មិនមែនមានតែលោកអភិបាលខេត្តតែម្នាក់នោះទេ។« កិច្ចការនឹងមិនមែនមានតែចៅហ្វាយខេត្ត អ្នកធ្វើនោះទេ។ ករណីហ្នឹងអាចនឹងមានពាក់ព័ន្ធអ្នកផ្សេងទៀត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានថាទេ យើងត្រូវពិនិត្យឯកសារឲ្យបានច្បាស់លាស់ ព្រោះវាពាក់ព័ន្ធនឹងយុតិ្តធម៌។ ក្នុងករណីយើងធ្វើលើសវាអាចប៉ះពាល់អ្នកដែលបានខិតខំធ្វើការ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គិតត្រឹមយប់ថ្ងៃទី២៥ មិថុនា គណៈកម្មការត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃសំណង់ បានរកឃើញសំណង់អគារគ្មានច្បាប់សាងសង់ចំនួន ៥ កន្លែងនៅព្រះសីហនុ ។ តួនាទីរបស់គណៈកម្មការពិសេសនេះ គឺនឹងត្រួតពិនិត្យលើសំណង់អគារទាំងអស់ ទាំងសំណង់សង់រួច ហើយកំពុងធ្វើដំណើរការអាជីវកម្ម និងសំណង់ដែលមិនទាន់សង់រួច។ នេះជាការបញ្ជាក់សម្ដេច ស ខេង ។
គួរបញ្ជាក់ថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានបង្កើតឡើង បន្ទាប់ពីកើតមានករណីបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២២ខែមិថុនា។ ករណីបាក់អគារនេះ បានបណ្ដាលឲ្យមនុស្ស២៨នាក់ស្លាប់ និងរងរបួស២៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com