ជាតិ
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំកិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» ដើម្បីបង្កើនការយល់ដឹងដល់សិស្សនិស្សិត
× ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៧ មិថុនានេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំកម្មវិធីកិច្ចសន្ទនា ស្ដីពី«កម្ពុជាឧស្សាហកម្ម៤.០» នាសាលាអន្តរជាតិភ្នំពេញ។ កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» នេះ មានវាគ្មិនជំនាញចំនួន ៥រូប នឹងបង្ហាញដល់អ្នកចូលរួម ឲ្យបានយល់ដឹងកាន់តែច្បាស់ពីបច្ចេកវិទ្យា រួមទាំងរីកចម្រើននៃយុគសម័យថ្មី។
កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» រៀបចំឡើង ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជា ជាពិសេសសិស្សនិស្សិត អំពីទិដ្ឋភាពជារួម កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ ឧស្សាហកម្ម៤.០ បានរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយរបស់កម្ពុជាឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។
តាមរយៈកិច្ចសន្ទនានេះ នឹងផ្តល់ជាវេទិកាប្រមូលផ្ដុំអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិនក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងធ្វើការវិភាគបែបស៊ីជម្រៅលើដំណើររបស់កម្ពុជា និងការចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។
ក្នុងកិច្ចសន្ទនានេះ មានការចូលរួមពីស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នសារព័ត៌មាន ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារឯកជន ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនបែបអេឡិចត្រូនិក និងសិស្សនិស្សិតប្រមាណ ១០០នាក់៕
Tag:
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
បច្ចេកវិទ្យា
ឧស្សាហកម្ម៤.០
© រក្សាសិទ្ធិដោយ thmeythmey.com