ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ ដរាបណាព្រះអាទិត្យនៅតែរះ ខ្ញុំ នៅតែរង់ចាំថ្ងៃជួបជុំ
27, Jun 2019 , 8:26 am        
រូបភាព
លោក កឹម សុខា បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីអរគុណប្រជាពលរដ្ឋ ជាពិសេសអ្នកស្រឡាញ់គាំទ្រលោក ដែលបានជូនពរលោក ក្នុងថ្ងៃខួបកំណើតគ្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ។ សារអំណរគុណរបស់លោក ឡាយលំជាមួយនឹងសារនយោបាយ។



លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងមិនអាចចេញទៅណាឆ្ងាយពីផ្ទះ បានសរសេរដូច្នេះថា «ទឹកចិត្ត និងសេចក្តីនឹករឭករបស់ជនរួមជាតិបានផ្តល់ដល់រូបខ្ញុំនូវកម្លាំងចិត្តដែលជាថាមពលជំរុញឲ្យរូបខ្ញុំបន្តនូវស្មារតីសេ្នហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាពអស់ជិតពីរឆ្នាំមកហើយ»។

លោក សរសេរទៀតថា «មិនមានអ្វី ដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះឡើយ។ ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំនិងបម្រើជាតិខ្មែរតទៅទៀត។ មិនថារងទុក្ខឬការធ្វើបាបតាមរូបភាពណា វាគ្មានទេពាក្យថាស្តាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ»។

ក្នុងថ្ងៃខួបកំណើតរបស់លោក លោក ប្រាថ្នាឲ្យមានសន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជារដ្ឋកម្ពុជា៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com