ជាតិ
នយោបាយជាតិ
លោក ប្រាក់ សុវណ្ណ ឡើងកាន់តំណែងជាអភិបាលខេត្តព្រះវិហារ
× លោក ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង បានឡើងកាន់តំណែងជាផ្លូវការជាអភិបាលខេត្តព្រះវិហារ បន្តពីលោក អ៊ុន ចាន់ដា ក្នុងពិធីដែលរៀបចំក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។
លោក ប្រាក់ សុវណ្ណ ស្ថិតក្នុងចំណោមអភិបាលខេត្ត៣រូបដែលទទួលបានការតែងតាំងតាមរយៈព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៤ ខែមិថុនា ក្រោយឧបទ្ទេវហេតុនៃការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ។
តំណែងនេះ កើតចេញពីការផ្គូរផ្គងការដោះដូរអភិបាលខេត្ត ក្រោយពីលោក យន្ត មីន បានសុំលាលែងពីតួនាទីអភិបាលខេត្តព្រះសីហនុ។ តំណែងលោក យន្ត មីន ត្រូវបានជំនួសដោយលោក គួច ចំរើន ខណៈតំណែងអភិបាលខេត្តកំពង់ចាម របស់លោក គួច ចំរើន ត្រូវបានដាក់ជំនួសដោយ លោក អ៊ុន ចាន់ដា។
ក្នុងលិខិតដែលសរសេរទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា នោះ សម្តេច ស ខេង បានលើកឡើងពីគុណសម្បត្តិរបស់លោក ប្រាក់ សុវណ្ណ ដែលអាចជំនួសតំណែងលោក អ៊ុន ចាន់ដា ក្នុងតួនាទីជាអភិបាលខេត្តព្រះវិហារ។ សម្តេចរដ្ឋមន្ត្រីមហាផ្ទៃ បានកត់សម្គាល់ថា លោក ប្រាក់ សុវណ្ណ បំពេញតួនាទីក្នុងការងារជាអភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជិត១០ឆ្នាំ មុនក្លាយជាអភិបាលរងខេត្តស្វាយរៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com