អន្តរជាតិ
មុនទៅប្រជុំ G20 នៅជប៉ុន លោក ត្រាំ រិះគន់សម្ព័ន្ធមិត្តរឿងកេងកម្លាំងញើសឈាមអាមេរិក រូបភាព AFP
× មុនចាកចេញទៅកាន់ជប៉ុនដើម្បីចូលរួមកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តអាមេរិករឿងចំណាយលុយ ហើយចាំតែពឹងពាក់អាមេរិក។ មិនត្រឹមសម្ព័ន្ធមិត្តជិតឆ្ងាយឡើយ គូប្រកួតក្នុងសង្គ្រាមពាណិជ្ជកម្ម គឺចិនក៏ត្រូវលោក ត្រាំ មិនទុកមុខដែរ។ តាមគម្រោង លោក ត្រាំ ត្រូវជួបជាមួយសមភាគីចិន ស៊ី ជិនភីង នៅអូសាកា តែលោកព្រមានទុកមុនថា អាមេរិកត្រៀមដាក់ពន្ធមួយលើកទៀតហើយ។
មួយថ្ងៃមុនជំនួបមេដឹកនាំប្រទេសរីកចម្រើនទាំង២០ (G20) ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មទ្វេភាគីអាមេរិក និងប្រទេសឯទៀតដែលលោកចាត់ទុកថា ធ្វើឲ្យអាមេរិកខាតបង់។ ក្នុងកិច្ចសម្ភាសវែងអន្លាយមួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី២៦ ខែមិថុនា លោក ត្រាំ អះអាងថា ស្ទើរគ្រប់ប្រទេសទាំងអស់ កេងចំណេញយ៉ាងច្រើនពីអាមេរិក ដែលនេះជារឿងមិនគួរឲ្យជឿឡើយ។
ព្រោះប្រទេសច្រើនពេក លោក ត្រាំ បានចុចឈ្មោះចំៗសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មជិតស្និទ្ធដូចជាជប៉ុន អាល្លឺម៉ង់ និងវៀតណាម។ ប្រធានាធិបតីអាមេរិករូបនេះ និយាយថា វៀតណាមអាក្រក់ជាងចិនទៅទៀត ពេលនិយាយពីការធ្វើពាណិជ្ជកម្មដោយគ្មានយុត្តិធម៌ ហើយហៅវៀតណាមជាប្រទេសបំពានអាមេរិកខ្លាំងជាងគេ។ សម្រាប់អាល្លឺម៉ង់វិញ លោក ត្រាំ បានយកលើកិច្ចសន្យាចំណាយឲ្យសម្ព័ន្ធយោធាណាតូ និងគម្រោងសាងសង់បំពងបង្ហូរឧស្ម័នដើម្បីវាយប្រហារដៃគូនៅអឺរ៉ុបមួយនេះ។
«អាល្លឺម៉ង់ចំណាយរាប់ពាន់លានដុល្លារទៅឲ្យរុស្ស៊ីដើម្បីថាមពល។ អូខេ! ដូច្នេះអាល្លឺម៉ង់ឲ្យលុយទៅរុស្ស៊ី តែអាមេរិកជាអ្នកការពារអាល្លឺម៉ង់…។» នេះជាសម្ដីមិនពេញចិត្តរបស់លោក ត្រាំ លើអាល្លឺម៉ង់ដែលកំពុងអនុវត្តគម្រោងសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 ជាមួយរុស្ស៊ី។ អ្វីដែលធ្វើឲ្យលោក ត្រាំ មិនសប្បាយចិត្តនោះ គឺអាមេរិកនៅតែលីសែងអម្រែកហិរញ្ញវត្ថុធ្ងន់ជាងគេក្នុងចំណោមសមាជិកណាតូ ខណៈសមាជិកខ្លះមានអាល្លឺម៉ង់ដែរនោះ មិនទាន់បង្កើនការចំណាយឲ្យសមល្មមទេ។
ជប៉ុនដែលជាគោលដៅនៃដំណើរទស្សនកិច្ចនៅអាស៊ី ក៏ជាផ្ទាំងស៊ីបរបស់លោក ត្រាំ ដែរ។ ស្រដៀងអាល្លឺម៉ង់ដែរ លោក ត្រាំ បានរិះគន់សន្ធិសញ្ញាការពាររវាងជប៉ុន និងអាមេរិក ដែលតម្រូវឲ្យអាមេរិកចេញទ័ពជួយជប៉ុន ដោយចំណាយទាំងអាយុជីវិត និងលុយកាក់ក្នុងករណីជប៉ុនរងការវាយប្រហារ តែជប៉ុនអាចនៅស្ងៀមបាន បើអាមេរិករងការវាយប្រហារវិញនោះ។ ត្រង់នេះ លោកនិយាយឌឺថា ជប៉ុនអាចមើលអង្គុយមើលអាមេរិកធ្វើសង្គ្រាមតាមទូរទស្សន៍ Sony ដោយរំភើយ។
ទន្ទឹមនឹងការរិះគន់សម្ព័ន្ធអាមេរិកខ្លាំងៗ លោក ត្រាំ ក៏ឆ្លៀតនិយាយដល់សង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោក ត្រាំ ក៏នឹងមានជំនួបចរចាជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង អំឡុងជំនួប G20 ដែលធ្វើនៅទីក្រុងអូសាកាផងដែរ។ មេដឹកនាំអាមេរិករូបនេះ បានអះអាងពីភាពខ្លាំងអាមេរិក ហើយថា ចិនកំពុងចុះខ្សោយដោយសារជម្លោះពាណិជ្ជកម្ម និងកំពុងចង់បានកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន។
មុនជំនួបថ្ងៃទី២៩ ខែមិថុនា លោក ត្រាំ បានគំរាមដំឡើងពន្ធបន្ថែមទៀតលើទំនិញចិន។ កន្លងមក ក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធលើទំនិញចិនចំនួន២០០ពាន់លានដុល្លាររួចហើយដើម្បីបង្ខំឲ្យប៉េកាំងផ្លាស់ប្ដូរគោលការណ៍ពាណិជ្ជកម្មដ៏អយុត្តិធម៌របស់ខ្លួន ក៏ដូចជាកាត់បន្ថយឱនភាពពាណិជ្ជកម្មទ្វេភាគីផង។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក លោកថា ចិនមានទំនិញ៣២៥ពាន់លានដុល្លារទៀតដែលមិនរងពន្ធ តែអាមេរិកត្រៀមដាក់ពន្ធរួចហើយ៕
Tag:
អាមេរិក
ចិន
ជប៉ុន
អាល្លឺម៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com