អន្តរជាតិ
មុន​ទៅ​ប្រជុំ G20 នៅ​ជប៉ុន លោក ត្រាំ រិះគន់​សម្ព័ន្ធមិត្ត​រឿង​កេង​កម្លាំង​ញើស​ឈាម​អាមេរិក​
27, Jun 2019 , 10:11 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​មុន​ចាកចេញ​ទៅកាន់​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G20) ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ខ្លាំងៗ​លើ​សម្ព័ន្ធមិត្ត​អាមេរិក​រឿង​ចំណាយលុយ ហើយ​ចាំតែ​ពឹងពាក់​អាមេរិក​។ មិន​ត្រឹម​សម្ព័ន្ធមិត្ត​ជិត​ឆ្ងាយ​ឡើយ គូប្រកួត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម គឺ​ចិន​ក៏ត្រូវ​លោក ត្រាំ មិន​ទុក​មុខ​ដែរ​។ តាម​គម្រោង លោក ត្រាំ ត្រូវ​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅ​អូ​សា​កា តែ​លោក​ព្រមាន​ទុក​មុន​ថា អាមេរិក​ត្រៀម​ដាក់​ពន្ធ​មួយលើកទៀត​ហើយ​។​

 
​មួយថ្ងៃ​មុន​ជំនួប​មេដឹកនាំ​ប្រទេស​រីកចម្រើន​ទាំង​២០ (G20) ដែល​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទ្វេភាគី​អាមេរិក និង​ប្រទេស​ឯទៀត​ដែល​លោក​ចាត់ទុកថា ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​។ ក្នុង​កិច្ច​សម្ភាស​វែង​អន្លាយ​មួយ​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​២៦ ខែមិថុនា លោក ត្រាំ អះអាងថា ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ កេងចំណេញ​យ៉ាងច្រើន​ពី​អាមេរិក ដែល​នេះ​ជា​រឿង​មិនគួរ​ឲ្យ​ជឿ​ឡើយ​។​
 
​ព្រោះ​ប្រទេស​ច្រើនពេក លោក ត្រាំ បាន​ចុច​ឈ្មោះ​ចំៗ​សម្ព័ន្ធមិត្ត និង​ដៃគូ​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ដូចជា​ជប៉ុន អាល្លឺម៉ង់ និង​វៀតណាម​។ ប្រធានាធិបតី​អាមេរិក​រូបនេះ និយាយថា វៀតណាម​អាក្រក់​ជាង​ចិន​ទៅទៀត ពេល​និយាយ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​យុត្តិធម៌ ហើយ​ហៅ​វៀតណាម​ជា​ប្រទេស​បំពាន​អាមេរិក​ខ្លាំងជាងគេ​។ សម្រាប់​អាល្លឺម៉ង់​វិញ លោក ត្រាំ បាន​យក​លើ​កិច្ចសន្យា​ចំណាយ​ឲ្យ​សម្ព័ន្ធ​យោធា​ណា​តូ និង​គម្រោង​សាងសង់​បំពង​បង្ហូរ​ឧស្ម័ន​ដើម្បី​វាយប្រហារ​ដៃគូ​នៅ​អឺរ៉ុប​មួយ​នេះ​។​
 
«​អាល្លឺម៉ង់​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​រុស្ស៊ី​ដើម្បី​ថាមពល​។ អូ​ខេ​! ដូច្នេះ​អាល្លឺម៉ង់​ឲ្យ​លុយ​ទៅ​រុស្ស៊ី តែ​អាមេរិក​ជា​អ្នកការពារ​អាល្លឺម៉ង់​…​។​» នេះ​ជាស​ម្ដី​មិន​ពេញចិត្ត​របស់លោក ត្រាំ លើ​អាល្លឺម៉ង់​ដែល​កំពុង​អនុវត្ត​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង Nord Stream 2 ជាមួយ​រុស្ស៊ី​។ អ្វីដែល​ធ្វើ​ឲ្យ​លោក ត្រាំ មិន​សប្បាយចិត្ត​នោះ គឺ​អាមេរិក​នៅតែ​លីសែង​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ធ្ងន់​ជាងគេ​ក្នុងចំណោម​សមាជិក​ណា​តូ ខណៈ​សមាជិក​ខ្លះ​មាន​អាល្លឺម៉ង់​ដែរនោះ មិនទាន់​បង្កើន​ការចំណាយ​ឲ្យ​សមល្មម​ទេ​។​
 
​ជប៉ុន​ដែលជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី ក៏​ជា​ផ្ទាំង​ស៊ី​ប​របស់លោក ត្រាំ ដែរ​។ ស្រដៀង​អាល្លឺម៉ង់​ដែរ លោក ត្រាំ បាន​រិះគន់​សន្ធិសញ្ញា​ការពារ​រវាង​ជប៉ុន និង​អាមេរិក ដែល​តម្រូវ​ឲ្យ​អាមេរិក​ចេញ​ទ័ព​ជួយ​ជប៉ុន ដោយ​ចំណាយ​ទាំង​អាយុជីវិត និង​លុយកាក់​ក្នុងករណី​ជប៉ុន​រង​ការវាយប្រហារ តែ​ជប៉ុន​អាច​នៅ​ស្ងៀម​បាន បើ​អាមេរិក​រង​ការវាយប្រហារ​វិញ​នោះ​។ ត្រង់នេះ លោក​និយាយ​ឌឺ​ថា ជប៉ុន​អាច​មើល​អង្គុយ​មើល​អាមេរិក​ធ្វើសង្គ្រាម​តាម​ទូរទស្សន៍ Sony ដោយ​រំភើយ​។ 
 
​ទន្ទឹមនឹង​ការរិះគន់​សម្ព័ន្ធ​អាមេរិក​ខ្លាំងៗ លោក ត្រាំ ក៏​ឆ្លៀត​និយាយ​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ លោក ត្រាំ ក៏​នឹងមាន​ជំនួប​ចរចា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំឡុង​ជំនួប G20 ដែល​ធ្វើ​នៅ​ទីក្រុង​អូ​សា​កា​ផងដែរ​។ មេដឹកនាំ​អាមេរិក​រូបនេះ បាន​អះអាង​ពី​ភាពខ្លាំង​អាមេរិក ហើយ​ថា ចិន​កំពុង​ចុះខ្សោយ​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម និង​កំពុង​ចង់បាន​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់ខ្លួន​។​
 
​មុន​ជំនួប​ថ្ងៃទី​២៩ ខែមិថុនា លោក ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​បន្ថែមទៀត​លើ​ទំនិញ​ចិន​។ កន្លងមក ក្រុង​វ៉ាស៊ីនតោន​បានដាក់​ពន្ធ​លើ​ទំនិញ​ចិន​ចំនួន​២០០​ពាន់​លាន​ដុល្លារ​រួចហើយ​ដើម្បី​បង្ខំ​ឲ្យ​ប៉េកាំង​ផ្លាស់ប្ដូរ​គោលការណ៍​ពាណិជ្ជកម្ម​ដ៏​អយុត្តិធម៌​របស់ខ្លួន ក៏ដូចជា​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក លោក​ថា ចិន​មាន​ទំនិញ​៣២៥​ពាន់​លាន​ដុល្លារ​ទៀត​ដែល​មិន​រង​ពន្ធ តែ​អាមេរិក​ត្រៀម​ដាក់​ពន្ធ​រួចហើយ​៕ 
 

Tag:
 អាមេរិក​
  ចិន​
  ជប៉ុន​
  អាល្លឺម៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com