វឌ្ឍនាកា រកបាន​បី​គ្រាប់​ពេល​បឹងកេត​ឈ្នះ​សៀមរាប ៦-០ ខណៈ​អគ្គិសនី​កម្ពុជា និង​អង្គ​រថា​យ​ហ្គឺ​រ គ្មាន​គ្រាប់​បញ្ចូល​ទី​
កីឡាជាតិ
ជាតិ
វឌ្ឍនាកា រកបាន​បី​គ្រាប់​ពេល​បឹងកេត​ឈ្នះ​សៀមរាប ៦-០ ខណៈ​អគ្គិសនី​កម្ពុជា និង​អង្គ​រថា​យ​ហ្គឺ​រ គ្មាន​គ្រាប់​បញ្ចូល​ទី​
27, Jun 2019 , 10:25 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ ៦-០ របស់​បឹងកេត​លើ​ក្រុម​សៀមរាប សម្រាប់​ជំនួប​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​កាលពី​រសៀល​ថ្ងៃទី​២៦ មិថុនា នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ចំណែក​ក្រុម​លេខ​៣​ឆ្នាំ​ចាស់​អគ្គិសនី​កម្ពុជា​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រលើ​ទឹកដី​ខ្លួន​។

 
​ការប្រកួត​ដំណើរការបាន​៣​នាទី​ភាព​រីករាយ​សម្រាប់​បឹងកេត​ក៏បាន​កើតឡើង បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉ុ​ន វ៉ាន់ដា រក​គ្រាប់​បាល់​នាំមុខ​ម្ចាស់ផ្ទះ​សៀមរាប ១-០ ក្រោយ​ការលើក​បាល់​ពី​ចម្ងាយ​របស់​ខ្សែការពារ លី វ៉ា​ហេ​ទ​។ បន្ទាប់មក​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​ទើប​ចុះកិច្ចសន្យា​លេង​ឲ្យ​បឹងកេត បានបង្ហាញ​ភាព​អស្ចារ្យ តាមរយៈ​សម្រេចបាន​៣​គ្រាប់​ជាប់​គ្នា​នៅ​នាទី​៣៥ ៥៣ និង​៥៧ ដើម្បី​បង្កើន​ការនាំ​មុខ ៤-០ សម្រាប់​ក្រុម​ភ្ញៀវ​។ 
 
៤​គ្រាប់​មិនទាន់​ស្កប់ស្កល់​ឡើយ​សម្រាប់​ក្រុម​ភ្ញៀវ​មួយ​នេះ ពោលគឺ​នៅ​នាទី​៨៦​ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡា​បូ​រ៉ាវី សម្រេចបាន​១​គ្រាប់​បន្ថែម មុន​កីឡាករ​វ័យក្មេង ឱ ភា​រុណ សម្រេច​គ្រាប់​ទី​៦ ដែល​គ្រាប់​ជ័យជម្នះ ៦-០ របស់​បឹងកេត​នៅ​នាទី​ទី​៩០​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​បឹងកេត​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។​
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​លេខ​៣​ឆ្នាំ​ចាស់​អគ្គិសនី​កម្ពុជា​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទោះបី​ក្រុម​ទាំងពីរ​បាន​ព្យាយាម​បក​ដាក់គ្នា​ទៅវិញទៅមក​យ៉ាងណាក៏ដោយ​។ សម្រាប់​ជំនួប​នេះដែរ យើង​សង្កេតឃើញថា ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​បង្កើត​ឱកាស​មាស​រៀងៗ​ខ្លួន តែ​ពួកគេ​ធ្វើ​មិនបាន​សម្រេច​៕

Tag:
 បាល់ទាត់​
  Hun Sen Cup
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com