ក្រុមហ៊ុន KrisEnergy ប្តេជ្ញា​ថា នឹង​បូម​ប្រេង​ឲ្យ​បាន​នៅមុន​ដំណាច់ឆ្នាំ ២០១៩
ជាតិ
ក្រុមហ៊ុន KrisEnergy ប្តេជ្ញា​ថា នឹង​បូម​ប្រេង​ឲ្យ​បាន​នៅមុន​ដំណាច់ឆ្នាំ ២០១៩
27, Jun 2019 , 7:59 pm        
រូបភាព
ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)
ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)
ដោយ: VOA
​ភ្នំពេញ ៖ ក្រុមហ៊ុន KrisEnergy របស់​ប្រទេស​សិង្ហ​បុរី បាន​និយាយថា គម្រោងការ​បូម​ប្រេង​ចេញពី​ដែនសមុទ្រ​កម្ពុជា​អាច​នឹងមិន​មានការ​ប្រែប្រួល​នោះទេ ពោលគឺ ដំណើរការ​បូម​ប្រេង​ក្នុង «​តំបន់​អប្សរា​» អាចធ្វើ​ឡើង​នៅមុន​ដំណាច់​ឆ្នាំនេះ​។

 
​អ្នកស្រី Tanya Pang អនុប្រធាន​ផ្នែក​ទំនាក់ទំនង​សារ​ជីវ​កម្ម​របស់​ក្រុមហ៊ុន KrisEnergy បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ី​ម៉ែ​ល​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា​៖
 
«​ក្រុមហ៊ុន KrisEnergy នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​សម្រេចបាន​គោលដៅ​ខ្លួន ដើម្បី​ផលិត​ប្រេង​លើកដំបូង​ក្នុង​តំបន់​អប្សរា​ឲ្យ​បាន​ត្រឹម​ចុងឆ្នាំ​២០១៩»​។​
 
​កាលពី​ថ្ងៃ​អង្គារ ក្រុម​សមាជិក​ព្រឹទ្ធសភា ៥៣​រូប ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីស្នើច្បាប់​ដែលមាន ៩​ជំពូក និង​៧២​មាត្រា​ស្តីពី​គ្រប់គ្រង​ប្រេងកាត និង​ផលិត​ប្រេងកាត​ដដែល​នេះ​។ សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ក្រុមហ៊ុន KrisEnergy បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅក្នុង​ប្លុក A នៃ​ដែនសមុទ្រ​កម្ពុជា​។​
 
​ក្រុមហ៊ុន KrisEnergy អះអាងថា ក្នុងនាម​ខ្លួន​ជា​ប្រតិបត្តិ​ករ​ក្នុង​ប្លុក A របស់​កម្ពុជា ក្រុមហ៊ុន KrisEnergy បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​និយតករ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានាថា តំបន់​រ៉ែ​ប្រេង​អប្សរា​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​បទដ្ឋាន​ឧស្សាហកម្ម​កម្រិត​ខ្ពស់​មួយ និង​អនុលោម​តាម​បទ​ប​ញ្ញ​តិ្ត និង​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com