អន្តរជាតិ
កូរ៉េខាងជើង ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ឈប់​ជ្រៀតជ្រែក​ក្នុងការ​ចរចា​ជាមួយ​អាមេរិក​
27, Jun 2019 , 11:49 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៧ ខែមិថុនា បាន​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ឈប់​ជ្រៀតជ្រែក​ការចរចា​រវាង​ខ្លួន និង​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ សារ​ដែល​មានន័យ​ព្រមាន​ផង​នោះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និយាយថា ព្យុងយ៉ាង និង​វ៉ាស៊ីនតោន​ជួបគ្នា​ស្ងាត់ៗ​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​បី​។ កន្លងមក កូរ៉េខាងត្បូង ត្រូវបាន​គេ​មើលឃើញថា ជា​តួអង្គ​សម្របសម្រួល​ក្នុង​ដំណើរ​ការចរចា​ស្ដីពី​នុយក្លេអ៊ែរ​ដែល​បច្ចុប្បន្នកំពុង​ជាប់គាំង​។​

 
​កូរ៉េខាងជើង និង​អាមេរិក​ជា​គូសន្ទនា​ដោយផ្ទាល់​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នា​ក់នៅ​ថ្ងៃទី​២៧ ខែមិថុនា​ជុំវិញ​ដំណើរ​ការចរចា​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​។ ការលើកឡើង​បែបនេះ ប្រៀបដូចជា​ការទាត់ចោល​តួនាទី​របស់​កូរ៉េខាងត្បូង​ក្នុងការ​ជជែក​ស្ដីពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​កូរ៉េខាងត្បូង ត្រូវបាន​គេ​ចាត់ទុកជា​អង្គ​ជាប់ទាក់ទង​ដោយផ្ទាល់​មួយ​ក្នុង​សំណុំរឿង​រ៉ាំរ៉ៃ​មួយ​នេះ​។​
 
​បន្ទាប់ពី​បរិយាកាស​នៅ​ឧបទ្វីប​ធូរស្រាល​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨ កូរ៉េខាងត្បូង បាន​ព្យាយាម​អូស​កូរ៉េខាងជើង និង​អាមេរិក​ឲ្យ​ខិត​ជិតគ្នា និង​ឈានដល់​ការចរចា​ទល់មុខ​កម្រិត​មេដឹកនាំ​ដល់​ទៅ​ពីរដង​ផងដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង និង​អនុវត្ត​នយោបាយ​សន្ទនា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ក្រុង​វ៉ាស៊ីនតោន​វិញ​ក៏​តែង​ពិគ្រោះ​យោបល់​ជាមួយ​សេ​អ៊ូ​ល​មិន​ដាច់​ដែរ​លើ​ការងារ​រំសាយ​នុយក្លេអ៊ែរ​នេះ​។​
 
​នៅ​ថ្ងៃទី​២៦ ខែមិថុនា លោក មូ​ន ក៏​បង្ហើប​ថា អាមេរិក ជួប​ស្ងាត់ៗ​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ការរៀបចំ​ជំនួប​មេដឹកនាំ​កំពូល​លើក​ទី​បី​។ ប៉ុន្តែ​មួយថ្ងៃ​ក្រោយ កូរ៉េខាងជើង​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​ឈប់​លូកលាន់​ការចរចា​ទៀត​។ ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​និយាយថា កូរ៉េខាងត្បូង​កំពុង​ព្យាយាម​ដំកើង​ខ្លួនឯង​ជា​អ្នកសម្របសម្រួល​បញ្ហា​។​
 
​យ៉ាងណាមិញ ក្រុង​ព្យុងយ៉ាង ហាក់​មិន​ពេញចិត្ត​វត្តមាន​សេ​អ៊ូ​ល​ឡើយ ដោយ​មន្ត្រី​ក្រុង​ព្យុងយ៉ាង​ដដែល​បន្តថា បើ​កូរ៉េខាងជើង​ត្រូវ​ទាក់ទង​ជាមួយ​វ៉ាស៊ីនតោន គឺអាច​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​ដែលមាន​ស្រាប់​។ បើតាម KCNA មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​សង្កត់ធ្ងន់ថា កូរ៉េខាងជើង នឹងមិន​ទាក់ទង​អាមេរិក​តាមរយៈ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឡើយ​។ គ្មាន​ឡើយ​ទំនាក់ទំនង​ក្រោយ​ឆាក និង​មុខ​រវាង​សេ​អ៊ូ​ល និង​ព្យុងយ៉ាង​។​
 
​សេចក្ដីថ្លែងការណ៍​ដដែល ក៏បាន​រំឭក​អាមេរិក​ឲ្យ​ផ្លាស់ប្ដូរ​មធ្យោបាយ​ថ្មី​ដើម្បី​បន្ត​កិច្ចសន្ទនា​ដែល​កំពុង​ថមថយ​ល្បឿន​បន្តិច​ម្ដងៗ​។ មន្ត្រី​ខាងលើ​ប្រាប់​អាមេរិក​ថា ពេលវេលា​នៅ​មិន​សល់​ច្រើន​ឡើយ​សម្រាប់​ការនាំយក​វិធីសាស្ត្រ​សម្រាប់​ការចរចា ខណៈ​ឱសានវាទ​របស់លោក គីម ដែល​ទុកពេល​ត្រឹម​ដំណាច់ឆ្នាំ​សម្រាប់​កិច្ចសន្ទនា ក៏​ខិតជិត​ដល់​ផងដែរ​។ 
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​លោក មូ​ន នៅ​សេ​អ៊ូ​ល ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន​។ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង នឹង​នៅតែ​របៀបវារៈ​សំខាន់​ដដែល​។ គេ​រំពឹងថា លោក មូ​ន នឹង​ការប្រឹងប្រែង​របស់លោក​ទៀត ខណៈ​លោក ត្រាំ វិញ អះអាងថា លោក​អាចមាន​ទំនាក់ទំនង​ជាមួយ​លោក គីម តាម​ច្រក​ដោយឡែក ដ្បិត​គ្មាន​ជំនួប​ទល់មុខ​គ្នា​ឡើយ​៕ 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាម​រិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com