ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន បង្ហើប​អំពី​គម្រោង​វិល​ទៅ​សង្វៀន​សាជាថ្មី
27, Jun 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាការិនី​ជំនាញ​ក្បាច់គុន​ល្បុក្កតោ សំ ថា​រ័ត្ន ដែលមាន​ស​រហស្សនាម «Little Frog»  បាន​បង្ហើប​ពី​ការតាំង​ចិត្ត​ត្រឡប់​ទៅកាន់​សង្វៀន​ប្រកួត​សាជាថ្មី បន្ទាប់ពី​ការខកខាន​តាំងពី​ចុងឆ្នាំ ២០១៧ មក​។ ការ​សម្រាក​ឡើង​រេញ​ប្រកួត​នេះ គឺ​ក្រោយពេល​ទទួល​ជ័យជម្នះ​លើ កីឡាការិនី​ថៃ​ពីររូប Surarak Kamla នា​ខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong ខែវិច្ឆិកា ឆ្នាំ ដដែល នា​សង្វៀន Full Metal Dojo ដូចគ្នា​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។

 
​កីឡាការិនី​ដែលជា​តួ​សម្ដែង​ក្នុង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​ផលិតករ​ល្បីឈ្មោះ Angelina Jolie រូបនេះ​បញ្ជាក់ថា​៖«​ខ្ញុំ​ប្រឹងប្រែង​ហ្វឹកហាត់​រាល់ថ្ងៃ​តាំង​ពេល​ត្រឡប់​ពី​អាមេរិក ក្នុងការ​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ នា​ដើមខែ មិថុនា នេះ​។ គោលដៅ​របស់ខ្ញុំ​គឺ ហាត់​ត្រៀមៗ​ក្នុងករណី​ខ្ញុំ​ឡើង​សង្វៀន​នាពេលខាងមុខ​។ ខ្ញុំ​ហាត់​យ៉ាងតិច ៣ ម៉ោង​ជាប្រចាំ​ក្នុង​មួយថ្ងៃ​នៅ​ក្លិប Prodal ម្ដុំ​ទួលគោក និង H/Art Academy Jiu Jitsu នៅ​ម្ដុំ​ទួល​ស្វាយព្រៃ ដែល​ផ្ដោតលើ​ជំនាញ​បោក កាច់​ឃ្លេរ និង គាប​ជាដើម​»​។ 


 
​សំ ថា​រ័ត្ន ប្រលូក​លើស​ង្វៀន​គុន​ចម្រុះ​បាន​ចំនួន ៦ លើក​ក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ២ លើក​។ ដោយសារតែ​ចេះ​ក្បាច់គុន កីឡាការិនី​វ័យ ២៨ ឆ្នាំ​រូបនេះ​តែងតែ​ទទួលបាន​ការអញ្ជើញ​ចុះកិច្ចសន្យា​ថត​ខ្សែភាពយន្ត​ខ្នាត​ខ្លី និង រឿង​ភាគ​ជា​ហូរហែ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​រវល់ និង បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​ទាំង​ថ្នាក់ជាតិ និង អន្តរជាតិ​។ បច្ចុប្បន្ននេះ កីឡាការិនី​ដែល​ប្រកួត​បាន​ទាំង​គុន​ខ្មែរ និង គុន​ចម្រុះ​កំពុង​សំងំ​ថត​ខ្សែភាពយន្ត​មួយទៀត​ដែរ ដែល​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​មួយខែ ប៉ុន្តែ គេ​សុំ​លាក់​ឈ្មោះ​ចំណងជើង​សិន​តាម​ការស្នើសុំ​របស់​ផលិតករ​។ ក្រោយ​ការថត​ដែល​គ្រោង​បញ្ចប់​ក្នុង ១ ខែ​ខាងមុខ គេ​អាចមាន​ហ្វឹកហាត់​កាន់តែខ្លាំង​ឡើង និង ត្រៀមខ្លួន​បានល្អ​សម្រាប់​ឡើង​សង្វៀន​ម្ដងទៀត​។ 
 
​កីឡាការិនី​ធ្លាប់​ឡើង​សង្វៀន ONE ចំនួន ៣ លើក​សង្កត់ធ្ងន់​បែបនេះ​៖«​ខ្ញុំ​ហ្វឹកហាត់​រាល់ថ្ងៃនេះ មាន​គ្រូៗ​គាត់​ជួយ​ណែនាំ​ខ្លះ និង​ហាត់​ខ្លួនឯង​ផង ភាគច្រើន ហើយ បើ​អ្នក​ហាត់​ណា​ទំនេរ គឺ​ហៅ​គាត់​ឡាំ​គ្នា ឬ សម​គ្នា​ប្រកួត​គ្នា​អីចឹង​ទៅ ទម្រាំ​មាន​គូប្រកួត ខ្ញុំ​នឹង​ត្រៀម​តាម​ហ្នឹង​ដែរ​»​។ 


 
​គួរ​ដឹង​ដែរ​ថា សំ ថា​រ័ត្ន បាត់​មុខ​ពីស​ង្វៀន​ដែលមាន​ការគាំទ្រ​ពី​ទស្សនិកជន ប៉ុន្តែ​រូបគេ​មាន​ទីផ្សារ​ហក់​ខ្លាំង​លើ​ការថត​ខ្សែភាពយន្ត ពេល​គេ​ត្រូវការ​តួ​ស្រី​ក្លាហាន ឬ មាន​ឈុត​ប្រើប្រាស់​ក្បាច់គុន​ជាដើម​។ មួយទៀត គេ​ជា​កម្លាំង​ស្នូល​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​។ ថ្មីៗ​នេះ កូនសិស្ស​លោកគ្រូ​តា សាន គឺ​ម​ស៊ាន ទើប​ត្រលប់​មកពី​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ថា «​ការ​រស់​ឡើងវិញ​នៃ​ល្បុក្កតោ​» ឬ «Surviving Bokator» នៅ​សហរដ្ឋអាមេរិក​។ ការផ្សព្វផ្សាយ​កន្លងមក​ធ្លាប់​ធ្វើបាន​៣ ដង​រួចមកហើយ​ពោល នៅ​ឆ្នាំ ២០១៧ កីឡាក​រិ​នី​រូបនេះ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅ​ក្រុង Austin រដ្ឋ Texas , និង Dallas ជាដើម​។ បន្ទាប់មក​គេ​ទៅ​ផ្សព្វផ្សាយ​ក្រុង New York មុន​ទៅធ្វើ​យុទ្ធនាការ​ដដែល​នេះ Toronto ប្រទេស​កាណាដា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com