អន្តរជាតិ
រុស្ស៊ី ដកទ័ព​ចេញពី​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​លោក ពូ​ទីន ត្រៀម​ជួប​ត្រាំ​នៅ G20
27, Jun 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖  AFP
ប្រភពរូប៖ AFP
ដោយ:
​រុស្ស៊ី បាន​ដក​ក្រុម​អ្នកជំនាញ​យោធា​របស់ខ្លួន​ចេញពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា នៅ​ថ្ងៃទី​ពុធ ទី ២៦ ខែមិថុនា ។ ការបញ្ជា​ឲ្យ​ដកទ័ព​ទាំងនេះ ធ្វើឡើង​ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀមខ្លួន​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្នុងជំនួប​កំពូល G20 នា​សប្តាហ៍​នេះ​។

 
​តាមរយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុង​កា​រ៉ា​កាស គូសបញ្ជាក់ថា យន្តហោះ​យោធា​ប្រភេទ Il-62 plane ដឹក​ក្រុម​អ្នកជំនាញ​ជនជាតិ​រុស្ស៊ី ដែល​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ បាន​ចាក​ចេញពី​ក្រុង​កា​រ៉ា​កាស​ត្រឡប់​ទៅកាន់​ទីក្រុង​មូ​ស្គូ​វិញ កាលពី​ថ្ងៃទី ២៦ មិថុនា​។ 
 
​ការបញ្ជា​ដកទ័ព​នេះ ធ្វើឡើង​៣​ខែក្រោយ​ពី រុស្ស៊ី​ទទួលរង​នូវ​ការរិះគន់ និង​ការខឹង​សម្បារ​ជាខ្លាំង​ពី​សំណាក់​សហរដ្ឋអាមេរិក ក្រោយ​ពង្រាយ​អ្នកជំនាញ​យោធា​ប្រមាណ ១០០​នាក់ ក្នុង​វេ​ណេ​ស៊ុយ​អេ​ឡា ។ ការបញ្ជូន​យោធា​រុស្ស៊ី​ទៅកាន់​ប្រទេស​អាមេរិក​ឡាទីន​នេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ជំហរ​ថា ខ្លួន​អាច​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ផ្តួលរំលំ​របប​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​ស្និទ្ធ​រុស្ស៊ី​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ស្ថានទូត​រុស្ស៊ី​ចាត់ទុក ការ​ដកទ័ព​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ ដោយ​អះអាងថា ខ្លួន​នឹង​បន្តធ្វើ​រឿងនេះ​ទៀត​។ ស្ថានទូត បន្ថែមទៀតថា រុស្ស៊ី បាន​បញ្ជូន​សម្ភារៈ​ទំនើបៗ​ទៅកាន់​វេ​ណេ​ស៊ុយ​អេ​ឡា​សម្រាប់​ការថែទាំ​ជា​ទៀងទាត់​។  ម្យ៉ាងវិញទៀត អ្នកជំនាញ​រុស្ស៊ី បានផ្តល់​ការហ្វឹកហាត់​បច្ចេកទេស​ដល់​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​ផង​។ 
 
​យ៉ាងណាមិញ បេសកកម្ម​រុស្ស៊ី ក៏បាន​បកស្រាយ​ទៀតថា ផ្ទុយ​ពី​របាយការណ៍​នានា​កន្លងទៅ រុស្ស៊ី គ្មាន​វត្តមាន​កងទ័ព​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​នោះទេ ប៉ុន្តែ​វា​ជាការ​បំពេញ​តាម​កិច្ចសន្យា​ថែទាំ ដោយ​គ្មាន​គោលបំណង​បង្ក​អស្ថិរភាព​ណាមួយ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ជុំវិញ​ការសម្រេច​អ្នកជំនាញ​យោធា​របស់​រុស្ស៊ី​ចេញពី​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ  គេ​មើលឃើញថា កើតឡើង​ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កំពុង​ត្រៀម​រៀបចំ​កិច្ចពិភាក្សា​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅក្រៅ​ជំនួប​កំពូល G20 ក្នុងប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​សូមបញ្ជាក់ថា ក្នុង​ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ក្រុង​មូ​ស្គូ បាន​បញ្ជូន​អ្នកជំនាញ​យោធា​ប្រមាណ ១០០​នាក់ និង​សម្ភារ​ទៅកាន់​ក្រុង​កា​រ៉ា​កាស​។ ទាក់ទិន​នឹង​ការបញ្ជូន​នេះ រុស្ស៊ី អះអាងថា នៅពេលនេះ ពួកគេ នឹង​រក្សា​វត្តមាន​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា សម្រាប់​រយៈពេល​យូរ​តាម​តម្រូវការ​របស់​ប្រទេស​ម្ចាស់ផ្ទះ​៕
 

Tag:
 រុស្ស៊ី​
  សហរដ្ឋអាមេរិក​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  G-20
© រក្សាសិទ្ធិដោយ thmeythmey.com