អន្តរជាតិ
ជិះ​តាម Google Maps ដោយ​គិតថា​ផ្លូវ​កាត់ ប៉ុន្តែ​បែរជា​នាំគ្នា​ធ្លាក់​ពេញ​វាលស្រែ​
27, Jun 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​រថយន្ត​ប្រមាណ​១០០​នាក់​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក បាននាំគ្នា​ជិះ​រថយន្ត​តាម​ការត្រួសត្រាយ​របស់ Google Maps ដើម្បី​បញ្ចៀស​ចរាចរណ៍​ដ៏​កកស្ទះ​មួយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ប៉ុន្តែ​បច្ចេកវិទ្យា​ក៏​មិន​សុ​ក្រឹត្យ​ទាំងអស់​នោះឡើយ អ្នកបើកបរ​ទាំងអស់​នោះ បែរជា​ទៅ​កកស្ទះ​បន្តកន្ទុយ​គ្នា​តាម​វាលស្រែ​ទៅវិញ​។ នេះ​បើតាម​ការផ្សាយ​របស់ CNN​។​

 
​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​មហាវិថី Pena ដែល​ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ Denver បង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាងខ្លាំង​។ អ្នកបើកបរ​ដែលមាន​ការប្រញាប់ បាននាំគ្នា​បង្វែ​ទិស​ផ្សេង ទៅតាម​ការបង្ហាញ​រប​ស់ Google Maps​។​


 
​អ្វីៗ​មិន​ដំណើរការ​ទៅដោយ​រលូន​នោះឡើយ រថយន្ត​ប្រមាណ​១០០​គ្រឿង បាន​ទៅ​ចត​បន្តកន្ទុយ​គ្នា​នៅលើ​ផ្លូវ​ដែល​បើក​ភក់​ពេញ ក្រោយ​ភ្លៀង​ធ្លាក់​។ រថយន្ត​ទាំងនោះ ធ្លាក់​ចង្កូត​ចូល​វាលស្រែ​ជា​បន្តបន្ទាប់ រហូតដល់​រថយន្ត​ខ្លះ​មិនអាច​បន្តដំណើរ​ទៅមុខ​បាន​។​
 
​យោងតាម CNN អ្នកស្រី Connie Monsees ដែលជា​ម្ចាស់​រថយន្ត​ម្នាក់ បាន​បញ្ជាក់ថា អ្នកស្រី​ត្រូវ​ទៅយក​ស្វាមី​នៅ​អាកាសយានដ្ឋាន​។ ដោយសារ​ការកកស្ទះ​នៅលើ​មហាវិថី Pena អ្នកស្រី​សម្រេច​ជិះ​តាម​ការចង្អុលបង្ហាញ Google Maps ដោយ​បញ្ជាក់ថា ត្រឹមតែ​កន្លះ​ម៉ោង​ដល់​គោលដៅ ប៉ុន្តែ​អ្នកស្រី​ត្រូវ​ចំណាយពេល​ជិត​១​ម៉ោង​ឯណោះ​។​
 
​តាមរយៈ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន Google បាន​បញ្ជាក់ថា ផ្លូវ​នោះ មិនមាន​ការកត់សម្គាល់​ច្បាស់លាស់​ថា ជា​ផ្លូវ​ឯកជន​នោះឡើយ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​លើ​លោក​មួយ​នេះ ក៏បាន​អះអាង​ផងដែរ ពួកគេ​ព្យាយាម​ដើម្បី​ផ្តល់​គោលដៅ​ដ៏​ល្អប្រសើរ​សម្រាប់​ការធ្វើដំណើរ ក្នុងនោះ​មានការ​បញ្ជាក់​ពី​ទំហំ​ផ្លូវ​ជាដើម​។ ទោះបីជា​យ៉ាងណាក៏ដោយ Google បានស្នើ​ដល់​អ្នកបើកបរ​ទាំងអស់​យល់ដឹង​នូវ​អ្វី​ដែលជា​ប្រធាន​ស​ក្កិ ដូច្នេះ ស្ថានភាព​ផ្លូវ​អាច​ប្រែប្រួល​ទៅតាម​នោះដែរ​៕

Tag:
 Google Maps
© រក្សាសិទ្ធិដោយ thmeythmey.com