អន្តរជាតិ
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ដក​រដ្ឋមន្ត្រី​ម្នាក់​ចោល ក្រោយ​បរាជ័យ​ដោះស្រាយ​វិបត្តិ​លំនៅឋាន​
27, Jun 2019 , 3:47 pm        
រូបភាព
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី  Jacinda Ardern  (ប្រភពរូប៖ AFP)
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern (ប្រភពរូប៖ AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី  Jacinda Ardern នៅ​ថ្ងៃទី​២៧ មិថុនា បាន​ដក​រដ្ឋមន្ត្រី​លំនៅឋាន​ចេញពី​តំណែង និង​បានតែងតាំង​មន្ត្រីជាន់ខ្ពស់​មួយក្រុម ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទះសម្បែង​របស់​ប្រទេស​នេះ​។ ការដក​មន្ត្រី​អសមត្ថភាព​នេះ​ចេញ គឺជា​រុះរើ​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូងបង្អស់​របស់លោក​ស្រី ចាប់តាំងពី​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៧​មក​។

 
​វ័យ​ត្រឹម​៣៨​ឆ្នាំ លោកស្រី Jacinda Andern ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​បរទេស ប៉ុន្តែ​រដ្ឋាភិបាល​លោកស្រី ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​នៅក្នុង​ស្រុក​ដោយសារ​បរា​ជ័យ​ក្នុង​ការសម្រេច​តាម​ការសន្យា ជាពិសេស​គម្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី Ardern បានតែងតាំង​រដ្ឋមន្ត្រី​ថាមពល លោក Megan Woods ជា​រដ្ឋមន្ត្រី​លំនៅឋាន​ជំនួស​ឲ្យ​លោក Phil Twyford ។ អតីតរដ្ឋមន្ត្រី​រូបនេះ ទទួលរង​ការ​រិះ​គ​ន៉​ពី​សំណាក់​ប្រជាជន​នូ​វែ​ល​សេ​ឡង់ ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដ្បិត​លោក​បរាជ័យ​ក្នុងការ​អនុវត្ត​គម្រោង​រដ្ឋាភិបាល ដើម្បី​កសាង​ផ្ទះ ដែល​ស្គាល់​ថា KiwiBuild ។ 
 
​លោក​រដ្ឋមន្ត្រី​លំនៅឋាន​នូ​វែ​ល​សេ​ឡង់​ថ្មី Megan Woods នឹង​ដឹកនាំ​ក្រុម​ដែលមាន​សមាជិក ៣​នាក់ ដែលមាន​កាតព្វកិច្ច​ចាត់ចែង​លើ​គម្រោង​លំនៅឋាន​របស់​រដ្ឋាភិបាល​។ ក្រុម​នេះ គឺ​រួមមាន លោក Twyford អតីតរដ្ឋមន្ត្រី​លំនៅ និង​លោក Kris Faafoi រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
 
​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ការរុះរើ​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​នេះ លោកស្រី​នាយករដ្ឋមន្ត្រី Ardern គូសបញ្ជាក់ថា គម្រោង KiwiBuild ពុំមាន​ដំណើការ​ទៅមុខ​ល្អ ឬ​លឿន ដូច​អ្វីដែល​រដ្ឋាភិបាល​លោកស្រី សង្ឃឹម ឬ រំពឹងទុក​សោះ​។ លោកស្រី បន្តថា ការណ៍​នេះ បញ្ជាក់​ឲ្យ​ឃើញថា បញ្ហា​ប្រឈម​នានា​ក្នុងការ​ដោះស្រាយ​វិបត្តិ​លំនៅឋាន គឺមាន​ទំហំ​ធំ​ពេក​សម្រាប់​រដ្ឋមន្ត្រី​តែ​ម្នាក់​។ 
 
«​ដូច្នេះ ខ្ញុំ សម្រេចចិត្ត​ដាក់​កម្លាំង​ទេសរដ្ឋមន្ត្រី​មួយក្រុម ដើម្បី​ផ្តល់​ដង្ហើម​ដល់​គម្រោង​សាងសង់​លំនៅឋាន​របស់​យើង ពោលគឺ​គម្រោង KiwiBuild ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​គ្មាន​ផ្ទះសម្បែង​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោកស្រី Ardern ។​
 
​សូមបញ្ជាក់ថា តម្លៃ​លំនៅឋាន​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ហក់​ឡើង​ជាង ៥០​ភាគរយ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ស្ទើរ​ពីរដង​ក្នុង​ទីក្រុង​ដ៏​ធំ​ផុត​របស់ខ្លួន គឺ​ទីក្រុង Auckland ដែលមាន​ប្រជាជន​រស់នៅ​ ១,៦៥ លាន​នាក់ (២០១៧) ខណៈ​ប្រជាជន​នូ​វែ​ល​សេ​ឡង់​សរុប មាន​ត្រឹមតែ ជាង ៤,៧៩​លាន​នាក់ (២០១៧) ។​
 
​កន្លងទៅ រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ធ្លាប់បាន​សន្យាថា នឹង​បង្កើត​ផ្ទះ​ចំនួន ១០​ម៉ឺន​ខ្នង តាមរយៈ​គម្រោង KiwiBuild ក្នុងអំឡុង ១០​ឆ្នាំ​។ ប៉ុន្តែ​គម្រោង​នេះ ស្ថិតនៅ​គម្លាត​ឆ្ងាយ​ពី​ការគ្រោងទុក  ដ្បិត​ផ្ទះ​ត្រឹម​ពីរ​បី​រយ​ខ្នង​ប៉ុណ្ណោះ ត្រូវបាន​សាងសង់​៕ 
 

Tag:
 នូ​វែ​ល​សេ​ឡង់​
  Jacinda Ardern
  វិបត្តិ​លំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com