កីឡាអន្តរជាតិ
អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ប្រកែក​គ្នា​ជាមួយ​សមាជិក​ជម្រើសជាតិ​អាមេរិក​ដែល​កំពុង​លេង World Cup នៅ​បារាំង​
27, Jun 2019 , 5:24 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បាន​រិះគន់​សហប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អាមេរិក Megan Rapinoe នៅលើ​បណ្តាញ​សង្គម Twitter ដោយ​ប្រាប់​ទៅ​កីឡាការិនី​រូបនេះ​ឲ្យ​ចេះ​គោរព «​ប្រទេសជាតិ​ផង​»​។ ការលើកឡើង​របស់​ត្រាំ​បែបនេះ គឺ​បន្ទាប់ Rapinoe ថា​នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​នោះទេ​បើ​ពួកគេ​ឈ្នះ​ពាន Women's World Cup ឆ្នាំ​២០១៩ នៅ​បារាំង​។​


 
​លោក​ត្រាំ ថែមទាំង​និយាយ​ទៅកាន់ Rapinoe ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ដែល​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ពីរ​គ្រាប់​ឲ្យ​អាមេរិក​យកឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថា​នាង​គួរតែ​«​ចាំ​ឈ្នះ​ពាន​ជាមុនសិន​ទៅ​សឹម​និយាយ​បែបនេះ​»​។​
 
​ការឆ្លើយ​តម​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​បែបនេះ គឺ​នៅក្រោយពី​កីឡា​ការ​នី Megan Rapinoe និយាយប្រាប់​ក្រុម​សារព័ត៌មាន​ថា នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​ទេ បើសិន​ក្រុម​ជម្រើសជាតិ​របស់​នាង​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៩ នេះ​។​


កីឡាការិនី Megan Rapinoe ដែលឆ្លើយឆ្លងជាមួយលោកដូណាល់ ត្រាំ
 
​ឆ្លើយ​នឹង​សំនួរ​របស់​ទស្សនាវដ្ដី​បាល់ទាត់ Eight by Eight ដែល​សួរថា​តើ​នាង​រំភើបចិត្ត​ទេ​នៅពេល​បាន​ទៅ​សេត​វិមាន​បើ​អាមេរិក​ឈ្នះ​ពាន​ពិភពលោក​នេះ​? នាង Rapinoe បាន​ច្រានចោល​គំនិត​បែបនេះ ដោយ​ឆ្លើយថា​៖«​គេ​មិន​អញ្ជើញ​ក្រុម​របស់​យើង​ទៅ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​នៅ​ទីនោះ​ដែរ​»​។​
 
​មិត្ត​រួម​ក្រុម​របស់ Rapinoe នាង Ali Krieger ក៏បាន​គាំទ្រ និង​ឈរ​ខាង Rapinoe ជានិច្ច​ដោយ មិន​ទៅកាន់​សេត​វិមាន បើទោះជា​មានការ​អញ្ជើញ​ណាមួយ​ក៏ដោយ​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស​អាមេរិក Alex Morgan ថា​នាង​នឹងមិន​ទទួលយក​ការអញ្ជើញ​ពី​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ដូចគ្នា​។​
 
​ការលើកឡើង​របស់​កីឡាការិនី​អាមេរិក​ដូច្នេះ បានធ្វើ​ឲ្យ​លោក​ត្រាំ​ហាក់​មាន​អារម្មណ៍​មិន​ពេញចិត្ត​ហើយ​ថែមទាំង​និយាយ​ពាក្យ​បញ្ចើ​បញ្ចើ​ថា​មិនទាន់​ដឹង​ឈ្នះ​ចាញ់​នៅ​បារាំង​ផង មក​និយាយ​ពី​ការអញ្ជើញ​ក្រុម​ទៅ​សេត​វិមាន​យ៉ាង​មិច​។​
 
​ស្របពេល​នេះដែរ ក្រុម​ជម្រើសជាតិ​ស្ត្រី​អាមេរិក​បាន​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​កីឡា​បាល់​ពិភពលោក​ឆ្នាំ​២០១៩ ដោយ​ត្រូវ​តតាំង​ជាមួយ​ម្ចាស់ផ្ទះ​បារាំង​តែម្តង​៕

Tag:
 បាល់ទាត់​
  ដូ​ណា​ល់ ត្រាំ​
  World Cup Women
  Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com