អន្តរជាតិ
អ្នកចរចាអាមេរិក៖ កិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិនរួច៩០ភាគរយហើយ រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin ចាប់ដៃឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ ។ រូបភាព AFP
× កិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្មអាមេរិក និងចិនរួចរាល់៩០ភាគរយហើយ។ នេះបើតាមការប្រកាសរបស់លោក Steven Mnuchin មន្ត្រីជាន់ខ្ពស់អាមេរិកដែលដឹកនាំការចរចាជាមួយចិន។ ការប្រកាសរបស់លោក Mnuchin ធ្វើឡើងបីថ្ងៃមុនជំនួបមេដឹកនាំនៅទឹកដីជប៉ុនអំឡុងកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០ (G20) ។ ប៉ុន្តែមន្ត្រីអាមេរិកដដែលនេះ មិននិយាយពីបញ្ហា១០ភាគរយដែលសេសសល់ឡើយ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin ដែលតំណាងអាមេរិកក្នុងការចរចាជាមួយចិន និយាយថា កិច្ចប្រជុំប្រទេសឧស្សាហកម្មទាំង២០ នៅជប៉ុននៅចុងសប្ដាហ៍នេះ ជាជំនួបដ៏សំខាន់បំផុតមួយ។ ជំនួបនេះ នឹងប្រមូលផ្ដុំមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០របស់ពិភពលោក ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏នឹងជួបសមភាគីចិន ស៊ី ជិនភីង នៅថ្ងៃចុងក្រោយផង។
បើតាមលោក Mnuchin កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីររបស់ពិភពលោក ជិតនឹងបញ្ចប់ហើយ។ មន្ត្រីអាមេរិកដែលទទួលបន្ទុកការចរចារូបនេះប្រាប់ទូរទស្សន៍ CNBC ថា៖ «យើងបានដើរលើផ្លូវ៩០ភាគរយហើយដើម្បីសម្រេចបានកិច្ចព្រមព្រៀង។ ហើយខ្ញុំគិតថា ផ្លូវគឺមានក្នុងការសម្រេចឲ្យបានគោលដៅនេះ។» ដោយសំដៅដល់ជំនួបមេដឹកនាំនៅជប៉ុន លោក Mnuchin ថា អ្វីដែលគេចង់ឮ គឺការបន្តការចរចា។
ការបញ្ចេញព័ត៌មានខាងលើពីសំណាក់មន្ត្រីជាន់ខ្ពស់ដែលចូលរួមផ្ទាល់ក្នុងការចរចា ជាសញ្ញាល្អមួយសម្រាប់ពិភពលោក។ ប៉ុន្តែលោក Mnuchin មិនបានបញ្ជាក់អ្វីពីបញ្ហា១០ភាគរយដែលមិនទាន់ឯកភាពគ្នានោះឡើយ។ សំណុំរឿងសេសសល់ ទំនងនឹងត្រូវលើកទៅជជែកក្នុងជំនួបត្រាំ-ស៊ីនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។ បើមានលទ្ធផលល្អ មន្ត្រីផ្នែកចរចាអាមេរិក និងចិន អាចជួបគ្នាជាថ្មីទៀតដើម្បីដោះស្រាយបញ្ហាសេសសល់។
នៅដើមសប្ដាហ៍នេះ លោក Mnuchin និងតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer បានជជែកតាមទូរសព្ទជាមួយសមភាគីចិន លីវ ហឺ ក្រោយលោក ត្រាំ បានសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី ។ តំណាងចរចាអាមេរិក និងចិន ក៏បានយល់ព្រមបន្តការចរចាជាថ្មីទៀត។ ជំនួបមន្ត្រីក្រុមការងារនេះដែលបានផ្អាកតាំងពីខែឧសភាមក អាចនឹងចាប់ផ្ដើមឡើងវិញនៅពេលមេដឹកនាំទាំងពីរបើកភ្លើងបៃតងឲ្យ។
ការជាប់គាំងដែលកើតតាំងពីខែ៥ មកនោះ ត្រូវបានភាគីទាំងពីររុញកំហុសដាក់គ្នាទៅមក។ រដ្ឋបាលលោក ត្រាំ ចោទចិនថា មិនផ្លាស់ប្ដូរជំហររបស់ខ្លួនដែលធ្លាប់សន្យាលើសំណុំរឿងដូចជាការបើកចំហទីផ្សារកាន់តែទូលាយ ការការពារកម្មសិទ្ធិបញ្ញា និងការបញ្ឈប់ការផ្ទេបច្ចកវិទ្យាឲ្យក្រុមហ៊ុនចិនជាដើម។ ប៉េកាំងវិញ បានឲ្យវាស៊ីនតោនទទួលខុសព្រោះបានប្ដូរការទាមទាររបស់ខ្លួន និងដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន៕
Tag:
អាមេរិក
ចិន
Steven Mnuchin
© រក្សាសិទ្ធិដោយ thmeythmey.com