ជាតិ
សង្គមជាតិ
អាជ្ញាធរបន្តដោះស្រាយអគារដទៃដែលខូចខាត ពីការបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ
× ភ្នំពេញ៖ ក្រោយបញ្ចប់ការរុករកមនុស្សដែលជាប់នៅក្នុងអគារ៧ជាន់ដែលដួលរលំ អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តចុះត្រួតពិនិត្យមើលអគារនិងហាងផ្សេងៗ ដែលរងការខូចខាត ដោយសារការដួលរលំអគារ៧ជាន់នោះ។
លោក ឯម ភាព នាយករដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អាជ្ញាធរ មិនទាន់ដឹងច្បាស់ថាមានផ្ទះ ហាង ឬអគារប៉ុន្មានទេ ដែលរងការខូចខាត ដោយសារការរលំអគារ៧ជាន់។ លោក អះអាងថា អាជ្ញាធរ ត្រូវត្រួតពិនិត្យមើលសិន ទើបអាចដឹងថា មានទំហំខូចខាតប៉ុន្មាន។
លោកបញ្ជាក់ថា៖«យើងទើបតែបញ្ចប់កិច្ចការជួយសង្គ្រោះមនុស្សរួច ទើបយើងបន្តកិច្ចការការងារ និងសិក្សាអំពីផលប៉ះពាល់ដល់ផ្ទះដែលនៅជុំវិញអគារដែលដួលរលំនោះ។ កិច្ចការងារដោះស្រាយបែបណា យើងអត់ទាន់ដឹងថា ត្រូវផ្តល់សំណងដល់ពួកគេប៉ុន្មាននោះទេ គ្រាន់តែយើងធ្វើរបាយការណ៍ទៅអភិបាលខេត្តសិន»។
ការរលំអគារ បានបណ្តាលស្លាប់២៨នាក់(ស្រី៤នាក់ និងរបួស២៦នាក់ (ស្រី២នាក់។ គ្រួសាររបស់អ្នកស្លាប់ម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភប្រមាណ៧ម៉ឺនដុល្លារ ហើយអ្នករបួស២៤នាក់ ទទួលបានប្រមាណ១ម៉ឺនដុល្លារ។ ដោយឡែក អ្នករបួស២នាក់ ដែលត្រូវបានរកឃើញក្រោយគេ ទទួលបានប្រមាណ៣ម៉ឺនដុល្លារ។
តុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិជនជាតិចិន៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរលំអគារ៧ជាន់នេះ។ ជនជាតិចិន ឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ»។
ដោយឡែក ថៅកែម៉ៅការសំណង់ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជាងសំណង់ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកមើលការងារការដ្ឋាន ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com