ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​៖ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​កើនឡើង ខណៈ​អាយុ​ក្រោម​៣៥​ឆ្នាំ រង​សម្ពាធ​ខ្លាំង​
27, Jun 2019 , 10:19 pm        
រូបភាព
កញ្ញា លី ពិសី ថ្លែងក្នុងកិច្ចសន្ទនា (រូបពីហ្វេសប៊ុករបស់លោក កែវ រ៉េមី)
កញ្ញា លី ពិសី ថ្លែងក្នុងកិច្ចសន្ទនា (រូបពីហ្វេសប៊ុករបស់លោក កែវ រ៉េមី)
​សហគមន៍​ឥន្ទធនូ​កម្ពុជា អះអាងថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មានការ​កើនឡើង បើទោះបីជា​មិនមាន​លេខ​ច្បា​ស់លាក់​ក៏ដោយ​។ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ហ៊ាន​ចេញមុខ​ចូលរួម​ជាមួយ​សមាជិក​ក្នុង​សហគមន៍​ឥន្ទធនូ​មាន​ជាង​២​ពាន់​នាក់ ហើយ​អ្នក​ដែល​ប្រឈម​បញ្ហា​រង​សម្ពាធ​ខ្លាំងជាងគេ​គឺ អាយុ​ក្រោម​៣៥​ឆ្នាំ​។ 

 
​ក្នុង​កិច្ចសន្ទនា​ស្ដីអំពី ច្បាប់​និង​គោលនយោបាយ​សាធារណៈ​គាំពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ កញ្ញា លី ពិសី ប្រធាន​ផ្នែក​សម្របសម្រួល​នៃ​សហគម​ឥន្ទធនូ លើកឡើងថា នៅ​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្រោម​អាយុ​៣៥​ឆ្នាំ គឺ​ទទួលរង​សម្ពាធ​ពី​គ្រួសារ ការឃាត់​ឃាំង និង​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ភេទ​ផ្ទុយគ្នា​។ ហើយ​ពួកគេ បាន​រង​សម្ពាធ​ផ្លូវការ​ផ្លូវចិត្ត និង​រង​ការរើសអើង​ពី​សង្គម រហូត​បណ្ដាល​ឲ្យ​រត់​ចេញពីផ្ទះ​ក៏មាន​។ លើសពីនេះ ពួកគេ ប្រឈម​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ដោយ​មិនមាន​ការងារ​ធ្វើ ដែល​ងាយ​នឹង​បោះបង់​ការសិក្សា​ជាដើម​។ 
 
​កញ្ញា លី ពិសី បន្តថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត សុភាព​ផ្លូវភេទ និង​ផ្នែក​ហិរញ្ញវត្ថុ​។ ដោយឡែក​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែលមាន​អាយុ​៣៥​ឆ្នាំ​ឡើង អាច​នឹងមិន​សូវ​រង​សម្ពាធ ដោយសារ​ពួកគាត់​អាច​នឹងមាន​ផ្នែក​ហិរញ្ញវត្ថុ​ឬ​ការងារ និង​គ្រួសារ​ឬ​អ្នក​ជុំវិញខ្លួន​ទទួលស្គាល់ថា​គាត់​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ 
 
​កិច្ច​ស​ន្ទា​នា​នេះ ធ្វើឡើង​ក្នុង​គោ​បំណង​កំណត់​ជំហាន​បន្ទាប់​ក្នុងការ​រៀបរៀង​ច្បាប់​និង​គោលនយោបាយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា ដែលមាន​សមភាព​អាពាហ៍ពិពាហ៍ សៀវភៅ​គ្រួសារ​និង​ស្នាក់នៅ រួមទាំង​នីតិវិធី​ស្មុំ​កូន​។ ក្រៅពីនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា អំពើហិង្សា​ក្នុង​គ្រួសារ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឱកាស​ការងារ ការរើសអើង​នៅ​កន្លែងធ្វើការ និង​ច្បាប់​ប្រឆាំងនឹង​ការរើសអើង​។ 
 
​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​គាំទ្រ​ក្នុងការ​លុបបំបាត់​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ សេចក្ដីព្រាងច្បាប់​និង​គោ​លន​យោ​បាល​សាធារណៈ​គាំពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នឹងត្រូវ​រៀបរៀង ដោយ​គាំទ្រ​ពី​ក្រសួង​យុ​តិ្ត​ធម៌ ដើម្បី​ដាក់​ទៅ​ព្រឹទ្ធសភា​សម្រាប់​អនុម័ត​។ 
 
​លោក កែវ រ៉េមី បាន​សង្កត់ធ្ងន់ថា «​ដំបូង​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​គាំទ្រ​លុបបំបាត់​ការរើសអើង​ពី​គ្រួសារ​និង​សង្គម រួមទាំង​អំពើហិង្សា​ជាមុនសិន​។​» លោក បាន​អំពាវនាវ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ការពារ​និង​ទប់ស្កាត់​ជំងឺឆ្លង​លើ​បញ្ហា​សុខភាព ជាពិសេស​ជំងឺអេដស៍​។ 
 
​របាយការណ៍​ដែល​ចងក្រង​ដោយ​សហគមន៍​ឥន្ទធនូ​កម្ពុជា បង្ហាញថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​៤៧​ភាគរយ ត្រូវការ​ស្មុំ​កូន ឬ​សុំ​កូន​យកទៅ​ចិញ្ចឹម ៣៨​ភាគរយ ត្រូវការ​ការរៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់ ៣៣​ភាគរយ ចង់ឱ្យមាន​ការជំរុញ​ឯកសារ​ផ្លូវច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​មាន ៣២​ភាគរយ ត្រូវការ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ដែល​បង្កឡើង​ដោយសារ​ការ​ស្អប់​លើ​អត្តសញ្ញាណ​បុគ្គល ៣២​ភាគរយ ចង់​បានការ​ផ្តល់ឱកាស​ការងារ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​៕

Tag:
 LGBT
© រក្សាសិទ្ធិដោយ thmeythmey.com