ការដែលមានទម្លាប់អានសៀវភៅអាចក្លាយទៅជារឿងដ៏ល្អឥតខ្ចោះមួយចៀសជាងការកម្សាន្តផ្សេងៗទៀត។ បើសិនជាអ្នកកំពុងតែរៀបគម្រោងចង់អានសៀវភៅ ឬទៅហាងលក់សៀវភៅដើម្បីទិញសៀវភៅមកអាននោះ អ្នកគួរតែអាចនឹងទទួលបានអត្ថប្រយោជន៍ខាងក្រោមនេះ។
កាន់តែឆ្លាត
ការសិក្សាបានបង្ហាញថា ក្មេងដែលកាន់សៀវភៅអានច្រើនតាំងពីក្មេងមិនត្រឹមតែទទួលបានពិន្ទុខ្ពស់ចំពោះការប្រឡងទេ តែក៏អាចទទួលបានពិន្ទុល្អក្នុងការធ្វើតេស្តលើភាពវ័យឆ្លាតដែរ។ ដូច្នេះហើយ ការបើកសៀវភៅអានតែងតែជាឱកាសក្នុងការទទួលបានចំណេះដឹងថ្មីៗជានិច្ច។
បង្កើនថាមពលខួរក្បាល
អ្នកអាចគិតថា ខួរក្បាលប្រៀបដូចគ្នានឹងសាច់ដុំអញ្ចឹង ព្រោះកាលណាអ្នកប្រើវាកាន់តែច្រើន វាក៏កាន់តែរឹងមាំ និងរីកធំជាងមុនដែរ។ ហេតុដូច្នេះហើយ ការអានសៀវភៅច្រើនអាចជួយបង្កើនថាមពលខួរក្បាលបានដូចគ្នា។ វានឹងជួយថែរក្សាការចងចាំកាន់តែល្អ កាត់បន្ថយការខូចមុខងារខួរក្បាលនៅពេលចាស់។
បន្ថយការប្រឈមជំងឺភ្លេចភ្លាំងពេលចាស់ជរា
តើអ្នកចង់កាត់បន្ថយការប្រឈមជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរទេ? អញ្ចឹងគួរតែចាប់សៀវភៅអានចាប់ពីថ្ងៃនេះទៅ! មិនខ្វល់អ្នកចូលចិត្តអានសៀវភៅប្រភេទណាទេ ការអាននឹងជួយភ្ញោចដល់ខួរក្បាលឲ្យរស់រវើកជានិច្ច។
មិនងាយកាត់សេចក្តីខុស
ការអានសៀវភៅច្រើននឹងជួយបង្កើនចំណេះដឹងនៅជុំវិញខ្លួន ដូច្នេះអ្នកក៏អាចចេះប្រើគំនិតគិតទៅលើការពិចារណារបស់អ្នកដទៃបានកាន់តែច្រើនដែរ។ មានន័យថា អ្នកនឹងយល់ដឹងកាន់តែល្អចំពោះអារម្មណ៍របស់អ្នកដទៃ ព្រមទាំងព្យាយាមបង្កើតទំនាក់ទំនងបានកាន់តែច្រើនជាមួយពួកគេទៀតផង។ អ្នកប្រហែលជាមិនធ្លាប់មានបទពិសោធន៍ធ្វើរឿងគ្រប់យ៉ាងដែលអ្នកដទៃធ្លាប់ឆ្លងកាត់ទេ តែការអានសៀវភៅអាចឲ្យអ្នកដឹងថាក្នុងចិត្តពួកគេមានទិដ្ឋភាពច្រើនប៉ុណ្ណា។
ជួយបន្ធូរអារម្មណ៍
តើអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយស្ត្រេស និងភាពតានតឹងក្នុងអារម្មណ៍មែនទេ? ការសិក្សាមួយបានបង្ហាញថា ការអានសៀវភៅអាចកាត់បន្ថយស្ត្រេសរហូតដល់ ៦៨ភាគរយ។ ដូច្នេះកុំបារម្ភថាការអានសៀវភៅធ្វើឲ្យអ្នកស្ត្រេសលើសដើមអី។ មានន័យថា អ្នកគួរតែជ្រើសរើសសៀវភៅណាដែលអ្នកពេញចិត្តនឹងអានប្រចាំថ្ងៃទៅបានហើយ។
ជំរុញដល់ការគេងកាន់តែលក់ស្រួល
ការអានសៀវភៅក៏អាចជួយអ្នកគេងលក់បានកាន់តែស្រួលនៅពេលយប់បានដែរ។ ការបើកទំព័រសៀវភៅមើលមួយសន្លឹកៗអាចនឹងក្លាយទៅជាសញ្ញាដាស់ដល់ខួរក្បាលថាត្រូវចូលទៅក្នុងដែនដីសុបិន្តហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh