កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ FIFA ឲ្យស្រីលង្កាទៅវគ្គបន្ត និងពិន័យម៉ាកាវមួយម៉ឺនដុល្លារ
× គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ (MFA) ដែលមិនបញ្ជូនក្រុមជម្រើសជាតិទៅលេងជើងទី២ទល់នឹងស្រីលង្កា នៃការប្រកួតជម្រុះបឋម World Cup ឆ្នាំ២០២២។
ការប្រកួតរវាងម្ចាស់ផ្ទះស្រីលង្កា និងម៉ាកាវសម្រាប់ជំនួបជើងទី២ដែលត្រូវលេងតាំងពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៩ ហើយលុបចោលដោយសារ ម៉ាកាវ មិនបញ្ជូនក្រុមទៅលេងដោយលើកហេតុហេតុផលព្រួយបារម្ភពីបញ្ហាសុវត្ថិភាពនោះ ត្រូវ FIFA ប្រកាសឲ្យស្រីលង្កាឈ្នះ៣-០ ដោយស្វ័យប្រវត្តិ។
កាលពីជើងទី១ ម៉ាកាវយកឈ្នះស្រីលង្កា ១-០។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង ស្រីលង្កាឈ្នះម៉ាកាវ ៣-១ ហើយបានសិទ្ធិបន្តទៅកាន់វគ្គជម្រុះជុំទី២តែម្តង។
មិនត្រឹមតែអស់សិទ្ធិទៅវគ្គបន្ត MFA ថែមទាំងត្រូវ FIFA ពិន័យជាប្រាក់ ១០០០០ហ្វ្រង់ស្វ៊ីស (១០២៥១ដុល្លារអាមេរិក) បន្ទាប់ពីគណៈកម្មាធិការវិន័យរបស់ FIFA ចោទពួកគេក្នុងបទរំលោភលើមាត្រា៥ នៃបទបញ្ជា FIFA World Cup ឆ្នាំ២០២២ និងមាត្រា៥៦ ជុំវិញការបោះបង់ចោលការប្រកួត។
ការសម្រេចមិនបញ្ជូនក្រុមទៅប្រកួតជើងទីពីរនៅទឹកដីស្រីលង្ការ បើទោះម៉ាកាវឈ្នះ ១-០ កាលពីជើងទីមួយក្នុងទឹកដីខ្លួនឯងរួចទៅហើយនោះ ពួកគេពិតជាដឹងច្បាស់ថានឹងត្រូវបាត់បង់ឱកាសដោយស្វ័យប្រវត្តិក្នុងការឈានទៅកាន់វគ្គបន្តរូចទៅហើយ។ ប៉ុន្តែ MFA នៅតែបញ្ជាក់ថា ទោះមានប្រៀបនៅជើងទី១ក្តី តែស្ថាប័នខ្លួនព្រួយបារម្ភពីសុវត្ថិភាពកីឡាករ និងក្រុមម៉ាកាវទាំងមូលដោយសារតែស្រីលង្កា ទើបតែរងការវាយប្រហារដោយភេរវកម្មកាលពីពេលថ្មីៗកន្លងមកនេះដោយមានអ្នកស្លាប់ដល់ទៅជាង២០០នាក់ និងរបួសលើស៥០០នាក់។
ដូច្នេះស្រីលង្កាបានឈានចូលជុំទី២ នៃវគ្គជម្រុះបឋម ការប្រកួតកីឡាបាល់ពិភពលោកនៅកាតា ឆ្នាំ២០២២ ដោយត្រូវរង់ចាំការចាប់ឆ្នោតនៅឯទីស្នាក់ការ AFC នាទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
ម៉ាកាវ
ស្រីលង្កា
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com