អន្តរជាតិ
តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នៅតែឲ្យលោក វីដូដូ ឈ្នះលោក សូប៊ីយ៉ាន់តូ ដដែល លោក ចូកូ វីដូដូ (ឆ្វេង) និងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ (ស្ដាំ) ។ រូបភាព AFP
× តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នៅថ្ងៃទី២៧ ខែមិថុនា បានសម្រេចឲ្យលោក ចូកូ វីដូដូ ឈ្នះគូប្រជែងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដដែល។ លោក សូប៊ីយ៉ាន់តូ ដែលរងបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីខែមេសា បានដាក់ពាក្យប្ដឹងជំទាស់លទ្ធផលបោះឆ្នោតនេះ ក្រោមហេតុផលថា មានការកេងបន្លំធ្ងន់ធ្ងរ។ ប៉ុន្តែតុលាការធម្មនុញ្ញបានទាត់ចោលអំណះអំណាងនេះ ឯលោក សូប៊ីយ៉ាន់តូ ក៏ប្រកាសទទួលយកទាំងមិនពេញចិត្តដែរ។
ជ័យជម្នះរបស់លោក ចូកូ វីដូដូ ក្នុងការបោះឆ្នោតប្រធានាធិបតីខែមេសា នៅតែបានការដដែល។ ចៅក្រម៩នាក់នៃតុលាការធម្មនុញ្ញឥណ្ឌូណេស៊ី បានសម្រេចចិត្តរក្សាទុកជាបានការលទ្ធផលផ្លូវការនៃការបោះឆ្នោតដែលប្រកាសក្នុងខែឧសភាដោយគណៈកម្មការរៀបចំការបោះឆ្នោត ដោយលោក វីដូដូ បានផ្ដួលលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដែលជាគូប្រជែងស្រួចស្រាល់ដោយសំឡេង៥៥,៥ភាគរយទល់នឹង៤៤,៥ភាគរយ។
ក្រោយការប្រកាសលទ្ធផលបោះឆ្នោត លោក ប្រាបូវ៉ូ ក៏បានដាក់ពាក្យបណ្ដឹងជំទាស់លទ្ធផលភ្លាមដែរ។ បេក្ខជនរូបនេះអះអាងថា ជ័យជម្នះរបស់លោកត្រូវបានគេដណ្ដើមយកតាមរយៈការកេងបន្លំជាប្រព័ន្ធ រៀបចំជាស្រេច និងមានទ្រង់ទ្រាយធំទៀតផង។ មេធាវីលោក សូប៊ីយ៉ាន់តូ ចោទលោក វីដូដូ ថា ប្រើប្រាស់ធនធានជាតិដើម្បីប្រមូលសំឡេងផ្ទាល់ខ្លួន ហើយបានបំពានច្បាប់ធ្វើយុទ្ធនាការតាមរយៈការចំណាយច្រើនលើសការកំណត់។
ប៉ុន្តែអំណះអំណាងនេះ ត្រូវបានតុលាការទាត់ចោល ដោយលើកឡើងថា លោក សូប៊ីយ៉ាន់តូ គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការលើកឡើងរបស់ខ្លួន។ ប្រធានអង្គជំនុំជំរំ Anwar Usman ប្រកាសថា បណ្ដឹងរបស់ដើមចោទគ្មានមូលដ្ឋានតាមផ្លូវច្បាប់ឡើយ ដូចនេះតុលាការបដិសេធការទាមទារទាំងស្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ការសម្រេចចិត្តនេះ នឹងបើកផ្លូវការស្បថចូលកាន់តំណែងលោក វីដូដូ និងអនុប្រធានាធិបតីថ្មី Ma'ruf Amin ។
លោក សូប៊ីយ៉ាន់តូ បានប្រកាសទទួលយកការសម្រេចចិត្តគួរឲ្យខកចិត្តមួយនេះ ហើយបានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោករក្សាភាពស្ងៀមស្ងាត់។ អតីតឧត្តមសេនីយ៍រូបនេះ និយាយថា លោកនឹងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេស ហើយទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ។ លោក វីដូដូ វិញ ក៏ទទួលយកការកាត់ក្ដីនេះដែរ។ មុនចាកចេញទៅកាន់ជប៉ុន ប្រធានាធិបតីរូបនេះបានទទូចឲ្យប្រជាជនទាំងអស់រួបរួមគ្នា។
នេះជាលើកទីពីរដែលលោក វីដូដូ ផ្ដួលលោក សូប៊ីយ៉ាន់តូ ។ កាលពីឆ្នាំ២០១៤ លោក វីដូដូ ដែលត្រូវបានស្គាល់ជាទូទៅថា ចូកូវី បានក្លាយជាប្រធានាធិបតីអាណត្តិទីមួយដោយយកឈ្នះលោក សូប៊ីយ៉ាន់តូ ។ កាលនោះ លោក សូប៊ីយ៉ាន់តូ ក៏ប្ដឹងជំទាស់លទ្ធផលដែរ ប៉ុន្តែមិនអាចកែប្រែអ្វីបានឡើយ ហើយលោក ចូកូវី ក៏ដឹកនាំប្រទេសបាន៥ឆ្នាំទៅ៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com