ជាតិ
សម្ដេច ហ៊ុន សែន​៖ ហាង​ជនជាតិ​ជប៉ុន ដែល​រង​ការខូចខាត​ដោយសារ​បាក់​អគារ​នោះ ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ​
28, Jun 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​ជនជាតិ​ជប៉ុន ដែល​រង​ការខូចខាត​ហាង ដោយសារ​ឧ​ប្ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ដើម្បី​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់​។

 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ហាង​ជនជាតិ​ជប៉ុន​ដែល​រង​ការខូចខាត​នេះ គឺ​មិន​ស្ថិតនៅក្រោម​គម្រោង​ឧបត្ថម្ភ​ឡើយ ហើយ​រូបគាត់​ក៏​មិនអាច​ទទួលបាន​សំណង​ពី​រដ្ឋាភិបាល​ដែរ ព្រោះ​គាត់​គ្មាន​រងរបួស ឬ​បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​នោះទេ​។ និយាយ​បែបនេះហើយ លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា បើសិនជា​ជនជាតិ​ជប៉ុន​នោះ ចង់​ទាមទារ​សំណង​លើ​ការខូចខាត​សម្បត្តិ​នោះ គឺ​គាត់​អាចដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិ​វ​ធី​ច្បាប់​។​
 
​តាមរយៈ​ការឆ្លើយតប​នឹង​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សួរដេញដោល​ចង់ដឹង​ពី​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​តប​ថា​៖« បងប្អូន​មួយចំនួន​នៅ​លើកឡើង​ច្រំ​ដែល​អំពី​ជនជាតិ​ជប៉ុន​ដែល​ហាង​គាត់​ត្រូវ​បំផ្លាញ​ដោយ​អគារ​រលំ​សង្កត់​លើ​។​ខ្ញុំ​ឆ្លើយតប​ច្រើន​ហើយ​។​ខ្ញុំ​គួរតែ​បញ្ជាក់​ជាថ្មី​ថា ប្រសិនបើ​គាត់​ស្លាប់​ឬ​របួស គាត់​នឹង​ទទួលបាន​ជំនួយ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ តែ​នេះ​ជាការ​ខូចខាត​ទ្រព្យសម្បត្តិ គឺ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ ដែល​គាត់​ត្រូវដាក់​ពាក្យ​ប្តឹង​ដើម្បី​ទាមទា​សំណង​។​សម្រាប់​ការដោះស្រាយ​កន្លែង​ស្នាក់នៅ​លោក យន្ត មីន បាន​ឲ្យ​គាត់​ស្នាក់នៅ​ស្នាក់ការ​កាកបាទក្រហម​និង​បាន​ឧបត្ថម្ភ​ថវិការ​មួយចំនួន​រួចហើយ​ដែរ​»​។​
 
​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​និយាយទៀតថា មិនមែន​ជនជាតិ​ជប៉ុន​នោះទេ សូម្បីតែ​គ្រួសារ​សព និង​អ្នករបួស ដែល​បានទទួល​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រួចហើយ ក៏​អាច​ប្តឹង​បន្តទៅ​តុលាការ ដើម្បី​ទាមទា​សំណង​ពី​ម្ចាស់​អគារ​ផងដែរ​។ ចំណែក​ហាង​លាង​ឡាន​អរុណរះ ដែល​រង​ការខូចខាត​ដែរនោះ ក៏ត្រូវ​ប្តឹង​ទាមទារ​សំណង​ដូចគ្នា​។​
 
អត្ថបទទាក់ទង
 
​គួរ​បញ្ជាក់ថា ឧ​ប្ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ នៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២ មិថុនា បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៨​នាក់​(​ស្រី​៤​នាក់ និង​របួស​២៦​នាក់ (​ស្រី​២​នាក់​)​។ មកដល់ពេលនេះ គ្រួសារ​សព​ម្នាក់ៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​៩​ម៉ឺន​ដុល្លារ ហើយ​អ្នករបួស​២៤​នាក់ ទទួលបាន​ជាង​១​ម៉ឺន​ដុល្លារ​។ ដោយឡែក អ្នករបួស​២​នាក់ ដែល​ត្រូវបាន​រកឃើញ​ក្រោយ​គេ ទទួលបាន​ប្រមាណ​៣​ម៉ឺន​ដុល្លារ​។ ក្នុង​ហេតុការណ៍​នេះ តុលាការខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ជនជាតិ​ចិន​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រលំ​អគារ​៧​ជាន់​នេះ​៕



Tag:
 ហ៊ុន សែន​
  រលំ​អគារ
© រក្សាសិទ្ធិដោយ thmeythmey.com