អន្តរជាតិ
ជំនួប G20 នៅជប៉ុន ចាប់ផ្ដើម តែគ្របដណ្ដប់ដោយជម្លោះអាមេរិក-ចិន មេដឹកនាំប្រទេស G20 ថតរូបជុំគ្នាមុនជំនួបនៅអូសាកា។ រូបភាព AFP
× មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅថ្ងៃទី២៨ ខែមិថុនា បានបើកជំនួបប្រចាំឆ្នាំរបស់ខ្លួនហើយដែលមានជប៉ុនធ្វើជាម្ចាស់ផ្ទះ។ ជំនួបនៅទីក្រុងអូសាកាលើកនេះ ត្រូវបានគ្របដណ្ដប់យ៉ាងខ្លាំងដោយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន បន្ថែមពីលើបញ្ហាប្រទាំងប្រទើសជាច្រើនទៀតដូចជាបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្មសាកល ក៏ដូចជាភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិជាដើម។
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានបើកកិច្ចប្រជុំមេដឹកនាំប្រទេសរីកចម្រើនទាំង២០ នៅទីក្រុងអូសាកា ខណៈពិភពលោកកំពុងប្រឈមមុខបញ្ហាក្ដៅជាច្រើន។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីរ ស្ថិតលើបញ្ជីប្រធានបទដែលត្រូវស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈភាពតានតឹងនៅតំបន់ឈូងសមុទ្រពែរ្សរវាងអាមេរិក និងអ៊ីរ៉ង់ ក៏ទំនងជាគ្របដណ្ដប់លើការពិភាក្សាផងដែរ។
នៅវគ្គទីមួយនៃកិច្ចប្រជុំនេះ មេដឹកនាំទាំងអស់ នឹងផ្ដោតលើសេដ្ឋកិច្ចឌីជីថល ដោយមានឯកជនភាព និងសន្តិសុខជាប្រធានបទសំខាន់។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក អាបេ ប្រព័ន្ធឌីជីថលបានផ្លាស់ប្ដូរផ្នែកជាច្រើននៃសង្គម និងសេដ្ឋកិច្ច។ ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បែរជាឆ្លៀតឱកាសនេះវាយប្រហារចិន ពិសេសក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលត្រូវបានរដ្ឋាភិបាលរបស់ដាក់ក្នុងបញ្ជីខ្មៅហើយនោះ។
តាមពិតទៅ មុនជំនួបចាប់ផ្ដើម ប្រធានាធិបតីចិន ស៊ី ជិនភីង ក៏បានឌឺដងផ្លែផ្កាដាក់អាមេរិកមិនតិចដែរ។ នាជំនួបជាមួយមេដឹកនាំប្រទេសអាហ្វ្រិកចំនួនបីដែលចូលរួមកិច្ចប្រជុំនេះនៅថ្ងៃទី២៧ ខែមិថុនា លោក ស៊ី និយាយដោយមិនចំឈ្មោះអាមេរិកថា គំនិតគាំពារនិយម និងការប្រើកម្លាំងគំរាមកំហែងគេឯង ជាការគំរាមដល់សណ្ដាប់ធ្នាប់ពិភពលោក សេដ្ឋកិច្ចសាកល និងបង្កជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍរបស់ប្រទេសក្រីក្រ។ នេះបើតាមការស្រង់សម្ដីដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
បរាជ័យនៃការឈានដល់កិច្ចព្រមព្រៀងក្នុងខែឧសភា នឹងធ្វើឲ្យជំនួបលោក ត្រាំ និងលោក ស៊ី នៅថ្ងៃទី២៩ ខែមិថុនា កាន់តែទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ហើយខ្លាំងជាងកិច្ចប្រជុំ G20 ទៅទៀត។ យ៉ាងណាមិញ គេមិនទាន់អាចរំពឹងថា នឹងមានឯកភាពគ្នាអ្វីឡើយ ខណៈលោក ត្រាំ បានផ្ញើសារគំរាមចិនតាំងពីមុនទៅដល់ជប៉ុនហើយនោះ។
ស្របពេលភ្នែកមនុស្សទាំងឡាយរង់ចាំជំនួបមេដឹកអាមេរិក និងចិននោះ បញ្ហាអ៊ីរ៉ង់វិញ ក៏ធ្វើឲ្យមេដឹកនាំប្រទេស G20 បារម្ភដែរ។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រពែរ្ស ជារឿងដែលត្រូវតែមានការជជែកដើម្បីស្វែងរកដំណោះស្រាយ។ ជម្លោះនៅតំបន់នេះ នឹងប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ថាមពលអន្តរជាតិ។ ច្រកសមុទ្រ Hormuz នៃឈូងសមុទ្រនេះ ជាផ្លូវដឹកនាំជញ្ជូនប្រេងសំខាន់បំផុតរបស់ពិភពលោក ដូចនេះមេដឹកនាំ G20 នឹងមិនអនុញ្ញាតឲ្យមានការប្រយុទ្ធគ្នាឡើយ៕
Tag:
G20
ជប៉ុន
អាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com