អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​លើ​អតីតរដ្ឋមន្ត្រី​អគ្គិសនី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពីបទ​ពុករលួយ
28, Jun 2019 , 7:19 pm        
រូបភាព
អតីតរដ្ឋមន្ត្រីអគ្គិសនីវេណេស៊ុយអេឡា លោក Luis Motta (ប្រភពរូប៖​ AFP)
អតីតរដ្ឋមន្ត្រីអគ្គិសនីវេណេស៊ុយអេឡា លោក Luis Motta (ប្រភពរូប៖​ AFP)
ដោយ:
​អតីតរដ្ឋមន្ត្រី​អគ្គិសនី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Luis Motta ត្រូវ​បានដាក់​ក្រោម​ទណ្ឌកម្ម​អាមេរិក​ជុំវិញ​ករណី​អំពើពុករលួយ និង​ទទួលរង​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការស៊ីសំណូក​។ អតីតមន្ត្រី​ជាន់ខ្ពស់​រូប​នេះ ត្រូវបាន​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដកតំណែង កាលពី​ខែមេសា ក្រោយពី​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ជួប​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​។

 
​ក្នុង​សេចក្តី​ថ្លែង​កាណ៍​មួយ​នៅ​ថ្ងៃទី ២៧ ខែមិថុនា ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ​អាមេរិក លើកឡើងថា ជំនួស​ឲ្យ​ការប្រើ​តួនាទី​របស់ខ្លួន​ដើម្បី​បម្រើប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Motta បម្រើ​តែ​ប្រយោជន៍​ខ្លួនឯង​ដោយ​ខុសច្បាប់ និង​បានរួម​ចំណែក​ក្នុងការ​ផ្ទុះឡើង​នៃ​វិបត្តិ​អគ្គិសនី​ក្នុងប្រទេស​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការសម្រេចចិត្ត​នេះ មានន័យថា ទ្រព្យ​នានា​ដែល លោក​អតីតរដ្ឋមន្ត្រី​អគ្គិសនី Motta កាន់កាប់​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក នឹងត្រូវ​រាំងខ្ទប់​។ ហើយ​ម្យ៉ាងវិញទៀត ប្រជាជន​អាមេរិក ក៏ត្រូវ​ហាមឃាត់​ពី​ការដោះដូរ​ផ្នែក​ហិរញ្ញវត្ថុ​នានា​ជាមួយ​បុគ្គល​រូបនេះ​ផងដែរ​។​
 
​បន្ថែម​ពី​លោក Motta សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​លោក Eustiquio Jose Lugo Gomez អតីតមន្ត្រី​ជាន់ខ្ពស់​មួយរូប ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រសួង​អគ្គិសនី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទៀតផង​។ 
 
​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ក្រុង​វ៉ាស៊ីនតោន បានដាក់​បញ្ចូល​មន្ត្រី​គ្រាក់ៗ និង​អ្នកជំនួញ​វេ​ណេ​ស៊ុយ​អេ​ឡា​ច្រើនជាង ១៥០​នាក់ ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយ​លើក​ហេតុផល រាប់​ចាប់តាំងពី ការចូលរួម​ក្នុងការ​ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ជាដើម​។  
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា មាន​បញ្ហា​ដាច់​ភ្លើង​ទ្រង់​ទ្រោ​យ​ធំ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង កាលពី​ថ្ងៃទី​៧ ខែមីនា ដែល​បានអូសបន្លាយ​អស់​រយៈ​៥​ថ្ងៃ​ពេញ​។ បញ្ហា​ដាច់​ភ្លើង ដែល​មិន​ទៀងទាត់ និង​រប៉េះរប៉ោះ​នេះ បន្ត​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស រួមមាន បង្អាក់​សកម្មភាព​នៃ​ការផ្គត់ផ្គង់​ចំណីអាហារ និង​ទឹក ការដឹកជញ្ជូន និង​មន្ទីរពេទ្យ​ជាដើម​។ ក្នុង​ហេតុការណ៍​នេះ មានការ​រាយការណ៍​ថា មនុស្ស​ស្លាប់​ជាច្រើន​នាក់​ថែម​ទៀតផង​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​ដាច់​ភ្លើង​នេះ កន្លងទៅ លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់​លើ​សហរដ្ឋអាមេរិក និង​ក្រុម​បក្សប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា នៅ​ពីក្រោយ​ហេតុការណ៍​នេះ ទោះបីជា​អ្នកជំនាញ​ជាច្រើន អះអាងថា ការជួសជុល និង​រក្សា​មិនបាន​ល្អ ជា​មូលហេតុ​ក៏ដោយ​ក្តី​៕
 

Tag:
 សហរដ្ឋអាមេរិក​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com